អង្គការ ការពារបរិស្ថាន និងធនធានធម្មជាតិ មួយចំនួន នៅខេត្តពោធិ៍សាត់ ត្រូវពលរដ្ឋរិះគន់ថា កំពុងយកស្លាកយីហោ មកធ្វើអាជីវកម្ម

ពោធិ៍សាត់៖ ប្រជាពលរដ្ឋ ដែលប្រកបមុខរបររកស៊ីដឹកឈើ និងឈើប្រឡៅមូល គ្រឿងសង្ហារឹម ឆ្លងកាត់ផ្លូវដំណាក់ឈើក្រំ ក្នុងឃុំសំរោង ស្រុកភ្នំក្រវាញ បានសម្តែងការរិះគន់ទៅលើបណ្តាអង្គការ NGOមួយចំនួន ដែលបានដាក់ស្នាក់ការ នៅតាមបណ្តាស្រុកមួយចំនួន ក្នុងខេត្តពោធិ៍សាត់ថា សព្វថ្ងៃនេះក្រុមអង្គការទាំងនោះ កំពុងយកស្លាកយីហោរបស់ខ្លួន មកធ្វើអាជីវកម្ម។

ជាក់ស្តែងមានអង្គការប្រមាណ ៣ទៅ៤ បានដាក់ស្នាក់ការ នៅចំណុចដំណាក់ឈើក្រំ ក្នុងឃុំសំរោង និងអង្គការមួយចំនួនទៀត បានបើករថយន្ត ចល័ត ធ្វើសកម្មភាពដើរយកលុយពីអ្នករកស៊ីដឹកឈើ តាមរងគោយន្ត រទេះគោ ក្របី នៅតាមបណ្តាស្រុកមួយចំនួន មានដូចជា ស្រុកភ្នំក្រវាញ ស្រុកបាកាន ស្រុកវាលវែង និងស្រុកក្រគរជាដើម។ ក្រៅពីនោះក៏មានក្រុមអង្គការ NGO មួយចំនួនទៀត ក៏បានដើមធ្វើសកម្មភាព នៅតាមបឹងទន្លេសាប ដោយការអនុវត្តន៍កិច្ចការមួយចំនួន ផ្ទុយពីលក្ខន្តិកៈរបស់ខ្លួន ដែលបានដាក់តម្កល់នៅ ក្រសួងមហាផ្ទៃ។

ពាក់ព័ន្ធនឹងការរិះគន់ ពីសំណាក់ប្រជាពលរដ្ឋនេះ អាជ្ញាធរស្រុក និងអាជ្ញាធរខេត្ត គួរតែមានវិធានការផង ដើម្បីកុំឲ្យក្រុមអង្គការទាំងនោះ អនុវត្តន៍ការងារខុសលក្ខន្តិកៈរបស់ខ្លួន ពីព្រោះអង្គការ NGO មិនមែនជាមន្ត្រីនគរបាលយុត្តិធម៌នោះ ហើយម្យ៉ាងទៀត កុំឲ្យខូចឈ្មោះដល់បណ្តាអង្គការ NGO ដទៃទៀត ដែលគេធ្វើល្អ គោរពតាមលក្ខន្តិកៈត្រឹមត្រូវ៕