កម្មការិនី​ជាង​300​នាក់​ដួល​សន្លប់​បន្តបន្ទាប់

ខេត្តកណ្ដាល ៖ កម្មករ​-​កម្មការិនី​ធ្វើការ​នៅ​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​7NG ចំនួន​៣៥០​នាក់ បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់កាលពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ វិច្ឆិកា បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។ ទីតាំង​រោងចក្រ​នេះ​ស្ថិត​នៅ​ភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ។

សមត្ថកិច្ច​ស្រុក​ខ្សាច់កណ្ដាល​បានឱ្យ​ដឹង​ថា កម្មករ​-​កម្មការិនី​ដែល​ដួល​សន្លប់​៣៥០​នាក់​នោះ​ធ្វើការ​នៅ​ក្នុង​រោងចក្រ ​កាត់ដេរ​ចំនួន​៤ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​7NG ទី​១-​រោងចក្រ​ឈ្មោះ ទ្រី​ម ថយ ទី​២-​រោងចក្រ​ឈ្មោះ ជី​ន វី​ន ទី​៣-​រោងចក្រ​ឈ្មោះ ខេ​ម​តេ​កាង និង​ទី​៤-​រោងចក្រ​ឈ្មោះ ខេ​ម​បូ​នី​សូល ។
សមត្ថកិច្ច ​បានឱ្យ​ដឹង​ទៀត​ថា រោងចក្រ​ទាំង​៤​ខាងលើ​មាន​កម្មករ​-​កម្មការិនី​ទាំងអស់​៣.៤៧០​នាក់ ប៉ុន្តែ​អ្នក​ដួល​សន្លប់​មាន​ចំនួន​៣៥០​នាក់ ។

ទាក់ទិន​នឹង​មូលហេតុ​នាំ ​ឱ្យ​មាន​កម្មករ​ដួល​សន្លប់​នេះ​ត្រូវ​បាន​អាជ្ញាធរ និង​សមត្ថកិច្ច​អះអាង​ថា ដោយសារ​ក្លិន​ថ្នាំ​កសិកម្ម​ដែល​កសិករ​បាញ់​ស្រូវ​នៅ​ជិត​កន្លែង​រោងចក្រ​ នោះ  ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២០ វិច្ឆិកា កម្មករ​-​កម្មការិនី​រោងចក្រ​កាត់ដេរ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​7NG បាន​នាំ​គ្នា​ទៅ​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​ផ្សេង​គ្នា​។ លុះដល់​ម៉ោងជាង​៩​ព្រឹក ស្រាប់តែ​មានកម្ម​ការិនី​មួយ​ចំនួន​ថប់ដង្ហើម​និង​ដួល​សន្លប់​ជា​ បន្តបន្ទាប់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ក្នុង​រោងចក្រ​។ គ្រានោះ​កម្មករ​-​កម្មការិនី​ក្នុង​រោងចក្រ​ទាំង​៤​ខាងលើ​បាន​នាំ​គ្នារត់ ​ចេញ​មក​ក្រៅ​ដោយ​អ្នកមាន​កម្លាំង​មាំមួន​ជួយ​បី​និង​សែង​អ្នក​ដួល​សន្លប់​ មក​ខាងក្រៅ​និង​បាន​ដឹក​ជញ្ជូន​អ្នក​សន្លប់​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​អ្នកមាន​អាការ​ខ្យល់ចាប់​តិចតួច​គេ​គ្រាន់តែ​លាបប្រេង​ខ្យល់ និង​ប្រេងកូឡា​ឱ្យ​នៅ​ទីនោះ ។ មាន​រថយន្ត​និង​មធ្យោបាយ​ផ្សេង​ៗ​ច្រើន​គ្រឿង​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​ នៅ​មន្ទីរពេទ្យ ។

ទាក់ទិន​នឹង​ការ​ដួល​សន្លប់​កម្មករ​-​កម្មការិនី​ចំនួន ​៣៥០​នាក់​នេះ ត្រូវ​បាន​ក្រុម​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ស្រាវជ្រាវ​ឃើញ​ថា ដោយសារ​តែ​ក្លិន​ថ្នាំ​កសិកម្ម​ដែល​កសិករ​បាញ់​ស្រូវ​នៅ​ជិត​នោះ ជះ​ចូល​មក​ក្នុង​រោងចក្រ ។ ប៉ុន្តែ​បើ​តាម​មន្ត្រី​ខ្លះ​ឱ្យ​ដឹង​ថា គឺ​ដោយសារ​ក្លិន​ក្រណាត់​ក្នុង​រោងចក្រ​ទាំងនោះ​ទើប​បណ្តាល​ឱ្យ​កម្មករ​-​ កម្មការិនី​ដួល​សន្លប់​ច្រើន​នាក់​បែប​នេះ ៕