បើក​ម៉ូតូ​បំរុង​ឆ្លង​ថ្នល់ជាតិ ត្រូវ​រថយន្ត​កាមរី​បា​ឡែ​ន​បុក​ពេញទំហឹង​ចំ​ពីមុខ​ឆក់យក​ជី​តិ​ត​ឪពុក​ស្លាប់ នៅ​កន្លែងកើតហេតុ និង​កូនប្រុស​អាយុ​៤​ឆ្នាំ​ស្លាប់​នៅ​មន្ទីរពេទ្យ​ខេត្ត​

ខេត្តកំពង់ឆ្នាំង​៖ បុរស​ម្នាក់​ជា​ឪពុក​បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ចំណែក​កូនប្រុស​អាយុ​៤​ឆ្នាំ រងរបួស​ធ្ងន់ធ្ងរ​បា​ន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ខណៈដែល​ជនរងគ្រោះ ជិះ​ម៉ូតូ​បំរុង​បត់​ឆ្លងថ្នល់​ជាតិ ត្រូវបាន​រថយន្ត​កាម​រី​បា​ឡែ​ន​បុក​ចំ​ពីមុខ​ពេញទំហឹង ប៉ើង​ហោះ​ឪពុក​និង​កូន​បោក​ផ្ទប់​បុក​ធ្លាយ​កញ្ចក់​ចូលក្នុង​រថយន្ត លាន់​ស្នូរ​ដូច​ផ្ទុះ​គ្រាប់បែក​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។ កាលពី​វេលា​ម៉ោង​៤ និង​១០​នាទី​រសៀល ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវ​កោង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ចន្លោះ​គីឡូម៉ែត្រ​លេខ​៩៦-៩៧​ស្ថិតក្នុង​ភូមិ​ស្មែ​ត ឃុំ​ស្វាយជ្រុំ​ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង​។ ​ ​

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​និយាយ​អោយដឹងថា​៖ បុរសរងគ្រោះ​មានឈ្មោះ ប៊ុត សកល អាយុ​៤៣​ឆ្នាំ និង​កូនប្រុស​រងរបួស​ធ្ងន់​ឈ្មោះ កាន សេងហុង អាយុ​៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ មុនពេល​កើតហេតុ បុរសរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​សេ​៩០ ពណ៌​ទឹកប៊ិច គ្មាន​ស្លាក់​លេខ​ចេញពីផ្ទះ​ដោយមាន​ដាក់​កូនតូច​នៅ​ពីមុខ ហើយ​បាន​ជិះ​សសៀរ​ខាងឆ្វេង​ដៃ បំរុង​ឆ្លងថ្នល់​ទៅខាង​ស្តាំ​ក៏​ស្រាប់តែ​ត្រូវ​រថយន្ត​មួយគ្រឿង ម៉ាក​កាមរី​បា​ឡែ​ន​ស៊េរី​ឆ្នាំ​២០០២​ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2Q-6236 បើកបរ​ដោយ​ជន​ពុំ​ស្គាល់ឈ្មោះ(រត់គេចខ្លួន) ក្នុង​ដំណើរ​ពី​ភ្នំពេញ​ទៅ​បាត់ដំបង ដោយ​បើកបរ​ក្នុង​ល្បឿន យ៉ាង​លឿន​បុក​ចំ​ពីមុខ​ម៉ូតូ​ជនរងគ្រោះ​យ៉ាង​ពេញទំហឹង​តែម្តង បណ្តាលអោយ​ប៉ើង​ជនរងគ្រោះ​ទាំង​២​នាក់​ឪពុក និង​កូន បុក​ធ្លាយ​កញ្ចក់​ចូលក្នុង​រថយន្ត ស្លាប់​បុរស​ជា​ឪពុក​នៅនឹងកន្លែង ចំណែក​កូនប្រុស​បាក់ជើង​និង​របួស​ក្បាល​ធ្ងន់ធ្ងរ​ត្រូវបាន គេ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត និង​ដោយ​របួសធ្ងន់​ធ្អ​រ​ពេក​ក៏បាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​។ ​

សមត្ថកិច្ច​បានអោយដឹង​ទៀតថា​៖ ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​បង្ក​គ្រោះថ្នាក់​បាន​គេចខ្លួនបាត់​ដោយ​ទុ​ត​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ​។​ចំណែក​ម៉ូតូ​ជនរងគ្រោះ និង​រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​អូស​យកមក​រក្សាទុក​នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​បាន​កសាង​សំណុំរឿង​ទុក​ដោះស្រាយ​តាម​និតិ​វិធី​។ ដោយឡែក​សព​បុរស​ជា​ឪពុក និង​កូន​ត្រូវបាន​ក្រុមគ្រួសារ​ទទួល​យកទៅ ធ្វើបុណ្យ​តាម​ប្រណី​នៅក្នុង​លំនៅដ្ឋាន​៕ រិ​ទ្ធិ ជ័យ​ ​

KA-21-11-2015-01 KA-21-11-2015-00 KA-21-11-2015-07 KA-21-11-2015-02 KA-21-11-2015-04 KA-21-11-2015-03 KA-21-11-2015-06