ភាគី​រុស្ស៊ី ស្នើសុំ​កុំ​ឲ្យ​មាន​អ្នកសារព័ត៌មាន​ក្នុងស្រុក ចូលរួម​យក​ព័ត៌មាន​កម្មវិធី​ទស្សនា​កំសាន្ត​របស់​នាយករដ្ឋមន្ត្រី​រុស្ស៊ី នៅ​សៀមរាប និង​នៅ​ព្រះបរមរាជវាំង​

ភ្នំពេញ: ក្រសួងការបរទេស ចេញ​ប្រកាសថា ភាគី​រុស្ស៊ី បានស្នើ​សុំ​កុំ​ឲ្យ​មាន​អ្នកសារព័ត៌មាន​ក្នុងស្រុក ចូលរួម​យក​ព័ត៌មាន​កម្មវិធី​ទស្សនា​កំសាន្ត​របស់​នាយករដ្ឋមន្ត្រី​រុស្ស៊ី នៅ​សៀមរាប និង​នៅ​ព្រះបរមរាជវាំង​។ លោកនាយក​រដ្ឋមន្ត្រី​រុស្ស៊ី ឌី​មី​ទ្រី មេ​ដ​វេ​ដេ​វ ( Dmitry Medvedev ) នឹង​មក​ទស្សនកិច្ច​ផ្លូវការ លើកដំបូង នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៤​វិច្ឆិកា​។ នៅ​ព្រឹក​ថ្ងៃទី​២៣​វិច្ឆិកា លោកនាយក​រដ្ឋមន្ត្រី​រុស្ស៊ី ទស្សនា​ប្រាសាទអង្គរវត្ត នៅ​ខេត្តសៀមរាប​។ រីឯ​ល្ងាច​ថ្ងៃទី​២៤​វិច្ឆិកា លោក​ទស្សនា​ព្រះបរមរាជវាំង​។​

​ក្នុង​លិខិត​របស់​ក្រសួងការបរទេស​កម្ពុ​ជា បាន​បញ្ជាក់ថា ការដែល​រុស្ស៊ី ស្នើសុំ​កុំ​ឲ្យ​មាន​អ្នកយកព័ត៌មាន​ក្នុងស្រុក ទៅ​ចូលរួម​យក​ព័ត៌មាន​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក នៅ​ប្រាសាទអង្គរវត្ត ក្នុង​ខេត្តសៀមរាប និង​នៅ​ព្រះបរមរាជវាំង ព្រោះតែ​ជា​កម្មវិធី ដែលមាន​លក្ខណៈ​ជា​ឯកជន​។​

​លិខិត​របស់​ក្រសួងការបរទេស ដែល​បាន​បញ្ជូន​ទៅកាន់​ក្រសួង​ព័ត៌មាន បាន​លើកឡើងថា ចំពោះ​ទស្សនកិច្ច​នៅ​សៀមរាប ភាគី​រុស្ស៊ី បាន​យល់ព្រម​ឲ្យ​មានតែ​ការចូលរួម​យក​ព័ត៌មាន​ពី​ទូរទស្សន៍​ជាតិ​កម្ពុជា TVK ម្នាក់ និង​ភ្នាក់ងារ​សារព័ត៌មាន AKP ម្នាក់ តាម​ការស្នើសុំ​របស់​តំណាង​ក្រសួង​ព័ត៌មាន នៅក្នុង​ជំនួប​ប្រជុំ ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ប៉ុណ្ណោះ​៕​