បេក្ខជន​ប្រឡង​ចម្រៀង The Cambodian Idol ម៉ៅ ហា​ជី ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម Town ៥ ឆ្នាំ​

ភ្នំពេញ: ​ផលិតកម្ម​ចម្រៀង Town បានប្រកាសថា "​ចាប់ពី​ថ្ងៃនេះ​តទៅ លោក ម៉ៅ ហា​ជី គឺជា​តារាចម្រៀង​របស់​ផលិតកម្ម ថោ​ន ពេញសិទ្ធិ ដោយបាន​ចុះ​កុងត្រា​រយៈពេល ៥ ឆ្នាំ​។ នេះ​គឺជា​ការសម្រេច​ដ៏​ត្រឹមត្រូវ​របស់គាត់​"​។​

​សេចក្តីប្រកាស​នោះ ត្រូវបាន​លោក ម៉ៅ ហា​ជី បាន​យកមក​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​របស់លោក កាលពី​រសៀល​ថ្ងៃទី​២១​វិច្ឆិកា​នេះ​។ បេក្ខជន​កម្មវិធី​ប្រឡង​ចម្រៀង The Cambodian Idol របស់​ទូរទស្សន៍​ហង្ស​មាស លោក ម៉ៅ ហា​ជី បានសរសេរថា "​កុំ​ភ្លេច​រង់ចាំ បទ​ចម្រៀង​ថ្មី​របស់​ខ្ញុំបាទ ឆាប់ៗ​នេះ​។ អរគុណ​ពុក​ម៉ែ បងប្អូន សម្រាប់​ការគាំទ្រ​"​។​

​នៅលើ​ហ្វេ​ស​ប៊ុ​ក មាន​អ្នក​បញ្ចេញយោបល់​ជាច្រើន​។ ភាគច្រើន​គាំទ្រ​ដល់​ការ​សម្រេចចិត្ត​របស់ ម៉ៅ ហា​ជី​។ ខ្លះទៀត ក៏​សួរថា ហេតុអ្វី​បានជា​ម៉ៅ​ហា​ជី មិន​ចូល​ផលិតកម្ម រស្មី​ហង្ស​មាស ដែលមាន​ទូរទស្សន៍ ហង្ស​មាស​?​។

​ក៏ប៉ុន្តែ​មិនមាន​ចម្លើយ​តប​ពី​ម៉ៅ​ហា​ជី នៅឡើយ​ទេ​។ ម៉ៅ ហា​ជី ជា​បេក្ខជន​មកពី​ខេត្តបាត់ដំបង និង​ជា​បេក្ខជន ៣ រូប​ចុងក្រោយ ដែល​បាន​ប្រកួតប្រជែង នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​របស់​ទូរទស្សន៍​ហង្ស​មាស The Cambodian Idol​។ ក្នុងនោះ រួមមាន លោក នី រតនា ជា​បេក្ខជន​មកពី​ខេត្តកំពង់ធំ និង​លោក សៅ ឧ​ត្ត​ម ជា​បេក្ខជន​មកពី​ខេត្តស្វាយរៀង​។ ជ័យលាភី​លេខ​១ បាន​ទៅលើ នី រតនា​៕​

បេក្ខជន​ប្រឡង​ចម្រៀង The Cambodian Idol ម៉ៅ ហា​ជី ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម Town ៥ ឆ្នាំ​