គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​តាម​ការស្នើសុំ​របស់លោក​ជា​ចំរើន ឲ្យ​ឈប់​ពី​បក្ស​

ភ្នំពេញ: គណបក្ស​ប្រជាជន​កម្ពុជា តាមរយៈ​សម្តេច​សាយឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានចេញ​លិខិត យល់ព្រម​តាម​ការស្នើសុំ​របស់លោក ជា ចំរើន ក្នុងការ​លាលែង​ពី​សមាជិក​គណបក្ស​។ លិខិត​នោះ បានធ្វើ​ឡើង កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ និង​ត្រូវបាន​លោក​ជា​ចំរើន យកមក​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​របស់លោក នៅ​ព្រឹក​ថ្ងៃទី​២១​វិច្ឆិកា​នេះ​។​

​លោក​ជា​ចំរើន បានសរសេរថា "​គណ​:​បក្ស​ប្រជាជន សម្រេច​យល់ព្រម ឲ្យ​ខ្ញុំបាទ​លាឈប់ ពី​សមាជិក​គណ​:​ក្ស​ប្រជាជន​។ ពេលនេះ ខ្ញុំ​មាន​សេរីភាព​ធ្វើ​កិច្ចការ​តាម​ឆន្ទ​:​ខ្លួនឯង​"​។​

​កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ លោក ជា ចំរើន អតីត​សមាជិក​រដ្ឋសភា និង​ជា​សមាជិក​គណៈកម្មការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា បាន​សរសេរ​លិខិត ជូន​សម្តេច​ហ៊ុនសែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ស្នើសុំ​លាឈប់​ពី​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ក្នុង​លិខិត លោក​ជា​ចំរើន មិនបាន​លើកឡើង​ពី​មូលហេតុ​នៃ​ការស្នើសុំ​លាឈប់​ពី​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ​។ ប៉ុន្តែ​លោក​ជា​ចំរើន បាន​ជម្រាបជូន​សម្តេច​តេ​ជោ ហ៊ុនសែន ថា "​ខ្ញុំបាទ បាន​ចូល​បំរើ​ជា​សមាជិក​សកម្ម​គណបក្ស​ប្រជាជន​កម្ពុជា តាំងពី​ឆ្នាំ​១៩៩៣ រហូតមកដល់​បច្ចុប្បន្ន​នេះ ហើយ​ឥឡូវនេះ ខ្ញុំបាទ​សុំ​លាឈប់​បំរើ​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចាប់ពីពេលនេះ​តទៅ​។ អាស្រ័យហេតុនេះ សូម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ មេត្តា​ពិនិត្យ និង​អនុញ្ញាត​ឲ្យ​ខ្ញុំបាទ បាន​លាឈប់​ពី​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​សេចក្តី​អនុគ្រោះ​បំផុត​"​។​

ក្នុងពេលដាក់ពាក្យស្នើសុំលាឈប់ពីសមាជិកគណបក្សប្រជាជនកម្ពុជា លោក​ ជា​ចំរើន ក៏បាន​ដាក់​លិខិតមួយ​ផ្សេង​ទៀត ជូន​សម្តេច​ហេង​សំរិន ប្រធាន​​រដ្ឋសភា ដើម្បី​លាលែង​ពី​តំណែង​ទីប្រឹក្សា​រដ្ឋសភា ផងដែរ។​

​យ៉ាងណាក៏ដោយ ក្នុង​បទសម្ភាសន៍​ផ្សាយ​ក្នុង​វិទ្យុ VOA កាលពី​យប់​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ លោក​ជា​ចំរើន ដែលមានអាយុ ៤៥ ឆ្នាំ បាន​លើកឡើងថា លោក​មាន​បញ្ហា​ក្នុង​ជំនួញ ​រកស៊ី ហើយ​លោក​ក៏​ចង់​មានឱកាស​ជួយ​ប្រទេសជាតិ ឲ្យ​បាន​ច្រើន​ជាង​នេះ​។ លោក​ជា​ចំរើន ដែល​បាន​បើក​សាលារៀន សាកលវិទ្យាល័យ ចំរើន​ពហុ​​បច្ចេកវិទ្យា ក៏មាន​បំណង​បង្កើត​គណបក្ស​មួយ​ផងដែរ នាពេលខាងមុខ​៕​

គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​តាម​ការស្នើសុំ​របស់លោក​ជា​ចំរើន ឲ្យ​ឈប់​ពី​បក្ស​

គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​តាម​ការស្នើសុំ​របស់លោក​ជា​ចំរើន ឲ្យ​ឈប់​ពី​បក្ស​