លោក យ៉ែម បុញ្ញឫទ្ធិ គាំទ្រ​ការដក​ឆ្នេរ និង​អង្គរវត្ត​ពី​ក្រុមហ៊ុន​ឯកជន

ភ្នំពេញ៖ កន្លងមក អ្នកនយោបាយ​គណបក្ស​ប្រឆាំង​ធ្លាប់តែ​រិះគន់ពេញៗមាត់ អំពី​ការ​បណ្តោយ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ក្តោប​ក្តាប់ ឆ្នេរសមុទ្រ​កម្ពុជា និង​គ្រប់គ្រង​អង្គរវត្ត។ ប៉ុន្តែ​នៅ​ថ្ងៃទី២១ វិច្ឆិកា​នេះ លោក យ៉ែម បុញ្ញឫទ្ធិ ជា​ប្រធាន​គណៈកម្មការ​ទី៧ របស់​រដ្ឋសភា និង​ជា​សមាជិកសភា មកពី គណបក្ស​សង្គ្រោះ​ជាតិ បានបង្ហាញ​ការគាំទ្រ​ចំពោះ​កំណែទម្រង់​របស់​រដ្ឋាភិបាល ដែល​បាន​ដកហូត​ឆ្នេរសមុទ្រ និង​អង្គរវត្ត ពី​ក្រុមហ៊ុន​ឯកជន មក​គ្រប់គ្រង​ដោយ​រដ្ឋ​វិញ។

នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ លោក យ៉ែម បុញ្ញ​រិ​ទ្ធ បាន​សរសេរ​រៀប​ពី​គុណ​តម្លៃ​មិនអាច​កាត់​ថ្ងៃ​បាន នៃ​ឆ្នេរសមុទ្រ​កម្ពុជា និង​មរតក​វប្បធម៌​នៃ​ប្រាសាទអង្គរវត្ត ដែល​អាច​រកចំណូលបាន​មួយផ្នែក​សម្រាប់​ថវិកាជាតិ។ ក្នុង​សំណេរ​ប្រហែល​កន្លះ​ទំព័រ លោក យ៉ែម បុញ្ញឫទ្ធិ បានសរសេរថា «គោលនយោបាយ​កំណែទម្រង់ វិស័យ​ទេសចរណ៍ ចាប់​មាន​ជា​វិជ្ជមាន​ហើយ ដោយមាន​វិធានការ​ការចាត់ចែង គ្រប់គ្រង​ដោយផ្ទាល់​ពីរ​ដ្ឋ ក្នុង​ការលក់​សំបុត្រ​ចូល​មើល​អង្គរ»។ លោក​សរសេរ​បន្ថែមថា «ការសម្រេច​ដាក់ចេញ​វិធានការ​មួយ ដោយ​តម្រូវ​ឲ្យ​វិស័យ​ឯកជន ដែល​ទទួលបាន​សិទ្ធិ​កាន់កាប់​តំបន់ឆ្នេរ ដកឃ្លា​ចេញពី​មាត់​ឆ្នេរសមុទ្រ ប្រមាណ៥០ម៉ែត្រ ហើយ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ នឹង​រៀបចំ​ឆ្នេរសមុទ្រ​កម្ពុជា​ទាំងអស់ ឲ្យ​ទៅជា​ទ្រព្យ​សាធារណៈ​របស់​រដ្ឋ (ឆ្នេរ​សាធារណៈ) ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​ទៅលេង​កម្សាន្ត​បាន»។

លើសពីនេះ លោក បាន​អំពាវ​អំពាវនាវ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​រួមគ្នា​ចូលរួម​ធ្វើកំណែទម្រង់​វិស័យ​ទេសចរណ៍​ដើម្បី​ផលប្រយោជន៍​ជាតិ «យើង​រួមគ្នា​ធ្វើកំណែទម្រង់​វិស័យ​ទេសចរណ៍ ឲ្យ​បាន​ជោគជ័យ ដើម្បី​ជា​ផលប្រយោជន៍​ដល់​មាតុភូមិ​កម្ពុជា»៕


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​