បុរស​២​នាក់​បាញ់បោះ​ស៊េរី​នៅ​ក្បែរ​អាគារ​ប៊ូ​ឌិ​ញ រួច​គេចខ្លួន​បាត់​ស្រមោល

រាជធានី​ភ្នំពេញ ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើត​មាន​ឡើង​នៅ​ចំណុច​ច្រកចូល​អាគារ​ប៊ូ​ឌិ​ញ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​១២ រំលង​អា​ធ្យា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ វិច្ឆិកា ​២០១៥ ដោយសារ​ជនប្រដាប់អាវុធ​មួយ​ក្រុម​មាន​គ្នា​២​នាក់ ធ្វើ​សកម្មភាព​បាញ់បោះ​ស៊េរី​មួយ​គ្រាប់ រួច​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​កើតហេតុ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែងបាន​ចេញ​មក​ឈរ​មើល​ទាំង​ព្រលឹង​ចុង​​សក់ ហើយ​រើស​បាន​សម្បក​គ្រាប់កាំភ្លើង​មួយ​គ្រាប់ បន្សល់​ទុក​នៅ​កន្លែង​កើតហេតុ ។ សាក្សី​បានអោយ​ដឹង​ថា ខ្មាន់កាំភ្លើង​ជិះ​ម៉ូតូ​ម៉ាក​ស្គុ​ប​ពី មិន​ចាំ​ពណ៌ ជិះ​គ្នា​២​នាក់ បានបាញ់​គំរាម​ឡើង​លើ​មួយ​គ្រាប់ មិន​បណ្តាលអោយ​មាន​មនុស្ស​រង​របួស​​អ្វី​ឡើយ ។

ទោះជា​យ៉ាងណាក៏​ដោយ​អំពើ​បាញ់បោះ​ស៊េរី នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌចំការមន​មួយ​រយៈ​នេះ កំពុង​តែ​កើត​មាន​ជា​ញឹកញាប់ ហើយ​ខ្មាន់កាំភ្លើង មិន​ទាន់​ត្រូវ​បាន​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស ជា​ហេតុ​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ ពី​សុវត្ថិភាព​រស់នៅ​ពេល​យប់​អា​ធ្រា​ត្រ ។

ប្រជាពលរដ្ឋ​បាន​សំណូមពរ​ទៅ​អាជ្ញាធ​ត និង​សមត្ថកិច្ច​មូលដ្ឋាន អោយ​បង្កើន​ការ​ល្បាត​ពួនស្ទាក់ ការពារ​សន្តិសុខ​នា​ពេល​យប់​ព្រលប់ ជា​ពិសេស ស្រាវជ្រាវ​ចាប់ខ្លួន​ខ្មាន់កាំភ្លើង យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ដើម្បី​លុប​បំបាត់​ការ​ភ័យ​ខ្លាច ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ៕