អគ្គនាយកដ្ឋានគយ ប្រកាថា រយៈពេល២០ថ្ងៃ ម្ចាស់យានយន្ត បានចូលមកបង់ពន្ធ បានជាង ១២០០០លានរៀល

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីប្រកាសថា៖ រយៈពេលពីថ្ងៃទី០១ ដល់ ២០ ខែវិច្ឆិកា ឆ្នាំ២០១៥ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានទទួលម្ចាស់យានយន្ត ដែលមានស្រាប់ក្នុងប្រទេសស្ម័គ្រចិត្ត ចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករគិតជាទឹកប្រាក់ សរុបប្រមាណ ១២.០៦៤.៤៩១.៧៣០រៀល ដែលក្នុងនោះរថយន្តចំនួន ១០០គ្រឿង គ្រឿងចក្រ០២គ្រឿង រ៉ឺម៉កសឺមីរ៉ឺម៉ក ៧០គ្រឿង និងទោចក្រយានយន្តចំនួន៨០៣គ្រឿង។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមជម្រាបជូនដំណឹងដល់សាធារណជន ដែលជាម្ចាស់យានយន្តគ្មានពន្ធគ្រប់ប្រភេទ ដែលមិនទាន់បានចូលមកបង់ពន្ធ និងអាករដោយស្ម័គ្រចិត្ត សូមមេត្តារួសរាន់មកបំពេញកាតព្វកិច្ចពន្ធក្នុងដំណាក់ទី១ ដើម្បីទទួលបានអនុគ្រោះលើប្រាក់ពិន័យ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមកោតសរសើរ និងថ្លែងអំណរគុណដល់ម្ចាស់យានយន្ត ដែលបានស្ម័គ្រចិត្ត ចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករនាពេលកន្លងមកផងដែរ។

ទន្ទឹមនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងចុះត្រួតពិនិត្យនូវអនុលោមភាព តាមដងផ្លូវសាធារណៈ ឃ្លាំងលក់រថយន្ត និងគេហដ្ឋានស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕

អគ្គនាយកដ្ឋានគយ ប្រកាថា រយៈពេល២០ថ្ងៃ ម្ចាស់យានយន្ត បានចូលមកបង់ពន្ធ បានជាង ១២០០០លានរៀល