ប៉េ​អឹ​ម​ខេត្តសៀមរាប​ស្ទាក់​ចាប់​គ្រ​ញូ​វ​បាន​១​ឡាន ខណៈ​បុក​ឡាន​សមត្ថកិច្ច

ខេត្តសៀមរាប ៖ ប៉េ​អឹ​ម​ខេត្តសៀមរាប​ស្ទាក់​ចាប់​ឡាន​​ដឹកឈើ​គ្រញូង​បាន​១ឡាន និង​​អ្នក​បើក​បរ​​ម្នាក់ ចំណែក​ម្នាក់​ទៀត បាន​បើក​ទ្វារ​ឡាន​រត់​ចូល​ព្រៃ​បាត់ បន្ទាប់​ពី​ពួក​គេ​បើកឡាន​ដឹកឈើ​គ្រញូង​បំ​បុក​ឡាន​សមត្ថកិច្ច​បណ្តាល​ឱ្យ​ធ្លាក់​ស្នាមភ្លោះ ។ ប្រតិបត្តិការ​នោះ​​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​២១​ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​​ស្ពាន​រលំ ក្នុង​ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

ការ​ចុះ​ប​ង្ក្រា​បេះ​ដឹកនាំ​កម្លាំង​ដោយ​លោក​វរសេនីយ៍ទោ ថា ដា​លុ​ច ប្រធាន​មន្ទីរ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​អាវុធហត្ថ​ខេត្ត និង​ដឹកនាំ​សម្របសម្រួល​ដោយ​លោក កើត វ​ណ្ណា​រ៉េ​ត ប្រធាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដោយ​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​អ្នកបើកបរ​ម្នាក់​ក្នុង​ចំណោម​២​នាក់​ប្រគល់​ឱ្យ​មន្ត្រី​មេព្រៃ ។

លោក​វរសេនីយ៍ទោ ថា ដា​លុ​ច ប្រធាន​មន្ទីរ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​អាវុធហត្ថ​ខេត្ត​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​សេចក្តីរាយការណ៍​មក​ថា មាន​រថយន្ត​ផ្ទុក​ឈើ​គ្រញូង​ពេញ​ចេញពី​ភូមិសាស្ត្រ​ស្រុក​អន្លង់​វែង​ឆ្លងកាត់​ខេត្តសៀមរាប បម្រុង​ឆ្ពោះទៅ​ខេត្តកំពង់ចាម ។ លោក​បន្ត​ថា ខណៈនោះ​សមត្ថកិច្ច​បាន​ត្រៀម​ពួនស្ទាក់​ចាប់​រួច​ជា​ស្រេច លុះ​មក​ដល់​ផ្លូវជាតិ​លេខ​៦៧​ឡើង​មក​ផ្លូវ​ហា​យ​វេ​ ក៏​បាន​ឃើញ​រថយន្ត​ជនល្មើស​តែ​មិន​ព្រម​ឈប់ទេ ហើយ​ថែម​ទាំង​បើក​លឿន​ទៀត​ផង ទើប​កម្លាំង​ជំនាញ​បាន​ប្រដេញ​តាម​ភ្លាម​ៗ ។ លោក​បន្ត​ទៀត​ថា ក្រោយ​ពី​ឃើញ​កម្លាំង​របស់​សមត្ថកិច្ច​កងរាជអាវុធហត្ថ​តាម​ពីក្រោយ ប៉ុន្តែ​ជនសង្ស័យ​ឃើញ​ដូច្នេះ ប្រហែលជា​គិត​ថា​រត់​មិន​រួច​ក៏​បត់​ក្បាល​ទៅ​ទិស​ខាងលិច ឆ្ពោះ​ចូល​ទៅ​ក្នុង​ខេត្ត​តែ​ម្តង ហើយ​បាន​បើក​បំ​បុក​រថយន្ត​សមត្ថកិច្ច​បណ្តាល​ឱ្យ​ធ្លាក់​ស្នាមភ្លោះ ក៏​បើក​ទាំង​បែក​កង់​ទៅ​ដល់​ចំណុច​ស្ពាន​រលំ ទើប​កម្លាំង​ជំនាញ​ស្ទាក់​ជាប់​បាន​ម្នាក់​រត់​រួច​ម្នាក់ បញ្ជូន​មក​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​រៀបចំ​សំណុំរឿង​ប្រគល់​ឱ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្ត ។

លោក​វរសេនីយ៍ទោ ថា ដា​លុ​ច បញ្ជាក់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ចាប់ខ្លួន​បាន​មានឈ្មោះ សឿង ពិ​សិទ្ធ ប្រុស​អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ថ្នល់កែង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ បើករថយន្ត​ដឹកឈើ​ម៉ាក​កាម​រី បា​ឡែ​ន ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 2A-0268 ។

ជនសង្ស័យ​បាន​សារភាព​ប្រាប់​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា នៅ​មុន​កើតហេតុ ឈ្មោះ សៅ ជា​មិត្តភក្តិ និង​ជា​ថៅកែ​ឈើ​គ្រញូង បាន​ទូរ​សព្ទ័​ហៅ​រូបគេ​ឱ្យមក​បើកឡាន​ដឹកឈើ​ចេញពី​ស្រុក​អន្លង់​វែង ដែល​ក្នុង​ឡាន​នោះ​មាន​ជនសង្ស័យ​ម្នាក់ និង​អ្នក​រួម​ដំណើរ​ជាមួយ​ម្នាក់​ទៀត​មិន​ស្គាល់ឈ្មោះ​(​បាន​រត់​បាត់​) ។ ក្រោយ​ពី​ចេញដំណើរ​បាន​ប៉ុន្មាន​ម៉ោង មក​ដល់​ផ្លូវជាតិ​៦៨ ក៏​ត្រូវ​សមត្ថកិច្ច​ប្រដេញ​តាម​ចាប់​បាន​ត្រង់​ចំណុច​ស្ពាន​រលំ​តែ​ម្តង ខណៈ​រូបគេ​បាន​បើកឡាន​ទាំង​បែក​កង់ ។

បច្ចុប្បន្ន ក្រោយ​ពី​សមត្ថកិច្ច​ជំនាញ​បាន​សួរនាំ​រួច ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​រៀបចំ​សំណុំរឿង ប្រគល់​ឱ្យទៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​បន្ទាយស្រី ដើម្បី​ចាត់ការ​បន្ត ។

ជុំវិញ​ករណី​ខាងលើ​នេះ​លោក ម៉ុង ប៊ុ​ន​លី​ម នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែវិច្ឆិកា​នេះ​ថា ជនសង្ស័យ និង​ឈើ​គ្រញូង​ត្រូវ​បាន​កងរាជអាវុធហត្ថ​ខេត្ត​ប្រគល់​មក​ឱ្យ​ខាង​លោក​ចាត់ការ​បន្ត ។ រីឯ​រថយន្ត​របស់​ជនសង្ស័យ​សុំ​ទុក​បម្រើ​ការងារ​ក្នុង​អង្គភាព ។ លោក​បន្ត​ថា ឈើ​គ្រញូង​ដែល​បង្ក្រាប​បាន​មាន​ចំនួន​៧០​ដុំ ទម្ងន់​២៨០​គីឡូក្រាម ស្មើ​០,២៣៣​ម៉ែត្រគូប យក​ទៅ​រក្សា​ទុក​នៅ​ថ្នាល​បណ្តុះ​កូន​ឈើ​ឃុំ​ព្រះ​ដាក់ ។ ចំណែក​ជនសង្ស័យ​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ បញ្ជូន​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែវិច្ឆិកា​នេះ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕