៥​ឆ្នាំ​ក្រោយ​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​ស្លាប់​នៅ​ស្ពាន​ពេជ្រ

ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ នេះ ជា​ខួប​ឆ្នាំ​ទី​៥ ហើយ បន្ទាប់​ពី​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន​ពេជ្រ។ កាល​ណោះ មាន​មនុស្ស​ជាង ៣៥០​នាក់ បាន​ស្លាប់ និង​រាប់​រយ​នាក់​ផ្សេង​ទៀត​រង​របួស។ ពេល​វេលា ៥​ឆ្នាំ​ក្រោយ​មក ស្ថានភាព​នៅ​ស្ពាន​នេះ ប្រែក្លាយ​មុខ​មាត់​ថ្មី។ មនុស្ស​មួយ​ចំនួន​ពេល​ជិត​ឆ្លងកាត់​ស្ពាន​ឆ្លង​ទៅ​កោះ​នេះ ហាក់​មិន​ចាប់​អារម្មណ៍​ថា កន្លែង​នេះ​ធ្លាប់​មាន​មនុស្ស​រត់​ជាន់​គ្នា​ស្លាប់​នោះ​ទេ។ ទោះ​យ៉ាង​ណា អ្នក​ប្រវត្តិសាស្ត្រ​ថ្លែង​ថា កម្ពុជា​មិន​គួរ​បំភ្លេច​ហេតុការណ៍​នេះ​ទេ ព្រោះ​វា​ជា​មេរៀន និង​បទពិសោធន៍​សំខាន់​មួយ ហើយ​លោក​ស្នើ​ដល់​អ្នក​នយោបាយ​កុំ​ឲ្យ​យក​រឿង​នេះ​មក​ធ្វើជា​ឈ្នាន់​នយោបាយ។

ស្ថានភាព​នៅ​ស្ពាន​ពេជ្រ បច្ចុប្បន្ន​នេះ មិន​ដូច​កាល​ពី ៥​ឆ្នាំ​មុន​នោះ​ទេ។ រយៈពេល ៥​ឆ្នាំ​កន្លង​មក​នេះ ទំហំ​ផ្ទៃដី​កោះ​ពេជ្រ រីក​ធំ​ជាង​មុន។ អគារ​ប្រជុំ អគារ​ពាណិជ្ជកម្ម ទីលាន​វាយ​កូនគោល ស្ថានីយ​ពន្លត់​អគ្គីភ័យ រោង​មហោស្រព បុរី ផ្ទះសំបែង​ប្រណិតៗ អគារ​ខ្ពស់ៗ ត្រូវ​បាន​សាងសង់ និង​កំពុង​សាងសង់​ឡើង​ព្រោងព្រាត។

ក្រុមហ៊ុន​អភិវឌ្ឍន៍​កោះពេជ្រ បាន​លុប​ដៃ​ទន្លេ​នៅ​ខាង​ជើង​កោះពេជ្រ ៥០០​ម៉ែត្រ ដើម្បី​ពង្រីក​ទំហំ​ផ្ទៃដី​បន្ថែម​ទៀត។ ជាក់ស្ដែង​គម្រោង​សាងសង់​អគារ​ខុនដូ កម្ពស់ ២០០​ម៉ែត្រ  ឈ្មោះ Diamond Island Riviera មាន​តម្លៃ ៧០០​លាន​ដុល្លារ កំពុង​សាងសង់​នៅ​លើ​កោះ​ពេជ្រ ដែល​ត្រូវ​គេ​ដឹង​ថា ជា​គម្រោង​ខុនដូ ថ្លៃ​ជាង​គេ​បំផុត​នៅ​កម្ពុជា រហូត​មក​ដល់​ពេល​នេះ។

បើ​តាម​ការ​វាយ​តម្លៃ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ ដី​នៅ​កោះ​ពេជ្រ​មាន​តម្លៃ​ចន្លោះ​ពី ២.៥០០ ទៅ ៣.៥០០ ក្នុង​មួយ​ម៉ែត្រ​ការ៉េ។

កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ចំ​ថ្ងៃ​បុណ្យ​អុំ​ទូក​ចុង​ក្រោយ ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​ពេជ្រ បាន​ធ្វើ​ឲ្យ​មនុស្ស​ក្មេង​ចាស់ ប្រុស​ស្រី ស្លាប់​ចំនួន​ជាង ៣៥០​នាក់ និង​របួស​រាប់​រយ​នាក់​ផ្សេង​ទៀត។ ភ្លាមៗ​បន្ទាប់​ពី​ហេតុការណ៍​ដ៏​គួរ​រន្ធត់​នោះ គ្រាន់តែ​គេ​ដើរ​ទៅ​ជិត​ស្ពាន​ពេជ្រ ក្លិន​ឆ្អាប​ឈាម​ច្រាល​មក​ប៉ះ​នឹង​ច្រមុះ រូបភាព​នៃ​គំនរ​ស្បែកជើង និង​ខោអាវ នៃ​អ្នក​ស្លាប់​រាយប៉ាយ​ពេញ​ផ្ទៃ​ច្រាំង​ទន្លេ​បាសាក់។ រូបភាព​ទាំង​នោះ​នៅ​ដិត​ជាប់​ក្នុង​ខួរ​ក្បាល​របស់​អ្នក​ដែល​បាន​មក​ឃើញ​ហេតុការណ៍​នេះ​ផ្ទាល់។ ចំណែក​ផ្សែង​ធូប ផ្សែង​ទៀន ហុយ​ឡើង​ទ្រលោម​ឡើង​ទៅ​លើ​មេឃ ចំ​កន្លែង​ដែល​មនុស្ស​រត់​ជាន់​គ្នា​ស្លាប់។

កាល​នោះ​កោះ​ពេជ្រ ជា​កន្លែង​អ៊ូអរ ដែល​មនុស្សម្នា​ចូលចិត្ត​មក​កម្សាន្ត យក​អារម្មណ៍​ស្មុគស្មាញ​មក​កប់​ចោល​នៅ​ទី​នេះ ក៏​បាន​ប្រែ​ក្លាយ​ជា​កន្លែង​ដែល​ឆក់​ជីវិត​មនុស្ស​រាប់​រយ​នាក់ ជា​ទី​ស្ងាត់ជ្រងំ ដែល​គេ​គេច​មិន​ចង់​មក​ឃើញ។ ពាក្យ​ចចាមអារ៉ាម​អរូបី​នានា ក៏​បាន​សាយភាយ​ពី​ក្នុង​ក្រុង ធ្លាយ​ដល់​ខេត្ត ដល់​ចុងកាត់មាត់ញក។

កោះ​ពេជ្រ ជាទី​តាំង​អភិវឌ្ឍន៍។ ម្ចាស់​ទីតាំង​នេះ មិន​អាច​បណ្ដោយ​ឲ្យ​រឿង​សោកនាដកម្ម​បែប​នេះ​នៅ​បន្ត​ដក់​ជាក់​ក្នុង​សតិអារម្មណ៍​របស់​មនុស្ស​ដូច​នេះ​ត​ទៅ​ទៀត​បាន​ឡើយ។ ជា​លទ្ធផល ស្ពាន​ពេជ្រ ពណ៌​លឿង មាន​បង្គោល​ខ្ពស់​ច្រងាង​ពីរ​គូ អម​ទៅ​ដោយ​ភ្លើង​ពណ៌ ចង​អប​សង​ខាង​ពី​ក្បាល​ដល់​ចុង​ស្ពាន ត្រូវ​បាន​គេ​វ៉ៃ​ចោល​ធ្វើ​ថ្មី ជា​ស្ពាន​បង្កាន់​ដៃ​នាគ។ អ្វីៗ​ហាក់​ដូចជា​កន្លែង​ទើប​បង្កើត​ឡើង​ថ្មី។ អ្នក​ខ្លះ​ដែល​មិន​បាន​ដឹង​រឿងរ៉ាវ​ជាន់​គ្នា​ស្លាប់​នោះ អាច​មិន​ដឹង​ថា នេះ​ជា​កន្លែង​ធ្លាប់​មាន​មនុស្ស​ស្លាប់​ទេ។

រសៀល​ម៉ោង​ប្រមាណ ៦​ល្ងាច ថ្ងៃ​ទី​១៩ វិច្ឆិកា នៅ​លើ​កោះ​ពេជ្រ បន្ទាប់ពី​គេ​ឆ្លង​ស្ពាន​ដែល​ធ្លាប់​មាន​មនុស្ស​ស្លាប់​នោះ ភ្លេង​តន្ត្រី ប្រគំ​អឺងកង មនុស្សម្នា​ជិះ​ម៉ូតូ​ឡាន​ចុះ​ឡើង​ខ្វាត់ខ្វែង។ អ្នក​ខ្លះ ក៏​អង្គុយ​ជា​គូៗ​សាសង​គ្នា​នៅ​ក្រោម​ម្លប់​ស្វាយ។

ច្រាំង​ទន្លេ​ដែល​គេ​ទើប​ចាក់​ដី​បំពេញ​នោះ ក្លាយ​ជា​វាល​ធំ​ទូលាយ​ដែល​គេ​កំពុង​ដំឡើង​ឆាក​ប្រគំ​តន្ត្រី​សម្រាប់​ទទួល​អ្នក​មក​លេង​បុណ្យ​អុំទូក​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ ដើរ​ទៅ​មុខ​បន្តិច ឃើញ​បុរស​ម្នាក់​កំពុង​អង្គុយ​នៅ​លើ​បង់។

លោក ស៊ីវ ហាក់ មក​ពី​ខេត្ត​ព្រៃវែង បាន​រៀបរាប់​ថា ពេល​ដែល​លោក​មក​ភ្នំពេញ ដើម្បី​ចូលរួម​ពិធី​មង្គលការ​របស់​មិត្ត​ភក្តិ លោក​ក៏​ឆ្លៀត​ពេល​មក​លេង​នៅ​កោះ​ពេជ្រ​នេះ​ដែរ៖ «ស្អាត ប្លែក! ឥឡូវ​ឃើញ​មាន​ភាព​អភិវឌ្ឍ​ច្រើន។ សប្បាយ​រីករាយ​ដែរ យូរៗ​មក​លេង​ម្ដង។ ឃើញ​មនុស្ស​ច្រើន»

ស្ពាន​នាគ ៦២០
អតីត​ស្ពាន​ពេជ្រ ដែល​មាន​មនុស្ស​រត់​ជាន់​គ្នា​ស្លាប់ បច្ចុប្បន្ន​មាន​ឈ្មោះ​ថា ស្ពាន​នាគ។ រូបថត​ថ្ងៃ​ទី​២១ វិច្ឆិកា ឆ្នាំ​២០១៥។ RFA/San Sel

 

ក្នុង​កញ្ចុះ​នៃ​សួនច្បារ​មុខ​សាល​បុរី​កោះ​ពេជ្រ មាន​ប្ដី​ប្រពន្ធ​វ័យ ៣០​ឆ្នាំ កំពុង​ជជែក​គ្នា។ យូរៗ​ម្ដង ពួកគេ​ផ្ទុះ​សំណើច​ឡើង។ លោកស្រី សុខ បុប្ជា ប្រាប់​ថា លោកស្រី និង​ស្វាមី​តែង​មក​អង្គុយលេង​នៅ​ទី​នេះ នៅ​ពេល​ទំនេរ​ក្រោយ​ពី​បញ្ចប់​ការងារ។

លោកស្រី បុប្ជា ងក់ក្បាល ពេល​ដែល​សួរ​ថា តើ​មាន​បាន​ដឹង​ពី​ការ​ជាន់គ្នា​ស្លាប់​នៅ​កោះ​ពេជ្រ ឬ​ទេ? តែ​លោកស្រី​មាន​ប្រសាសន៍​ថា ពេល​វេលា​បាន​សម្លាប់​រឿងរ៉ាវ​អាក្រក់​នេះ​បាត់​ទៅ​ហើយ។ លោកស្រី​បញ្ជាក់​ថា កាល​ពី​ការ​ស្លាប់​នោះ​កើត​ឡើង​ភ្លាមៗ លោកស្រី​មិន​ហ៊ាន​មក​ទី​នេះ​ទេ។ ប៉ុន្តែ​ច្រើន​ឆ្នាំ​កន្លង​ផុត​ទៅ នៅ​ទីនេះ​អ៊ូអរ​ឡើង​វិញ ដូច្នេះ​លោកស្រី​លែង​ខ្លាចរអា​នឹង​ព្រឹត្តិការណ៍​ថ្ងៃ​ទី​២២ វិច្ឆិកា នេះ​ដែរ។

នៅ​មិន​ឆ្ងាយ​ពី​កន្លែង​ដែល​លោកស្រី បុប្ជា អង្គុយ យុវជន​មួយ​ក្រុម​កំពុង​អង្គុយ​ជុំ​គ្នា។ ម្នាក់ៗ​កំពុង​ឈ្ងោក អោន​ចុច​ទូរស័ព្ទ​របស់​ពួកគេ​រៀង​ខ្លួន។ ពួកគេ​រាង​ភ្ញាក់​បន្តិច ពេល​អ្នក​យក​ព័ត៌មាន​ចូល​ទៅ​សួរ​ពួកគេ។

យុវជន សីហៈ រតនា និយាយ​ប្រាប់​ថា គេ​បាន​ឮ​ព័ត៌មាន​ពី​ការ​ជាន់​គ្នា​ស្លាប់​កាល​ពី ៥​ឆ្នាំ​មុន​ដែរ។ រតនា ថា ពេល​នោះ​គេ​នៅ​ឯ​ស្រុកកំណើត ហើយ​អះអាង​ថា នៅ​ក្នុង​ស្រុក​របស់​គេ ក៏​មាន​មនុស្ស ២ ទៅ ៣​នាក់ បាន​ស្លាប់​ក្នុង​ហេតុការណ៍​នោះ​ដែរ៖ «ដឹង​តើ​បង! ឮ​តាម​ទូរទស្សន៍​គេ​ផ្សាយ។ ខ្ញុំ​នៅ​ខេត្ត​ឯ​ណោះ ពេល​ហ្នឹង។ (ពេល​ឮ​ដំបូងៗ​ ម៉េច​ដែរ?) អូ! ភ័យ​​ណាស់។ ខ្ញុំ​មាន​បងប្អូន​នៅ​ភ្នំពេញ ច្រើន​ដែរ។ អ៊ីចឹង​មាន​អារម្មណ៍​ថា ភ័យ។ ណា​មួយ​ខ្លាច​ដែរ។ គេ​បំភ័យ​ថា ទៅ​កោះ​ពេជ្រ កន្លែង​គេ​ជាន់​គ្នា​អ៊ីចឹង មាន​ព្រលឹង ចេះ​តែ​ល្បី​តាម​គ្នា។ ឥឡូវ​មាន​អី​ធម្មតា ឃើញ​គេ​អ៊ូអរ»

​ឥឡូវ​ត្រឡប់​ទៅ​គល់​ស្ពាន​ពេជ្រ​វិញ។ លោកស្រី យន់ ហេង ជា​អ្នក​លក់ដូរ​ភេសជ្ជៈ​នៅ​ម្ដុំ​ស្ពាន​ពេជ្រ តាំង​ពី​មុន​មាន​ហេតុការណ៍​ជាន់គ្នា​ស្លាប់​នេះ​កើត​ឡើង។ កំពុង​អង្គុយ​លើ​រ៉ឺម៉ក​ម៉ូតូ​លក់​ភេសជ្ជៈ លោកស្រី ហេង រំឭក​ថា កាល​ពី​ហេតុការណ៍​នេះ​កើង​ឡើង​ភ្លាមៗ គាត់​លក់​ទំនិញ​មិន​ដាច់​ទេ។ តែ​ឥឡូវ អ្វីៗ​ត្រឡប់​មក​សភាព​ដើម​វិញ​ហើយ។ គាត់​រវល់​លក់​ភេសជ្ជៈ រក​តែ​ពេល​និយាយ​ជាមួយ​អ្នក​កាសែត​សឹង​មិន​បាន​ផង។

ប្រជាពលរដ្ឋ​ហាក់​មិន​ចង់​រំឭក​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នេះ​ទេ។ វិញ្ញាណ​នៃ​អ្នក​ស្លាប់ និង​ហេតុការណ៍​ដែល​កើត​ឡើង​នៅ​ស្ពាន​ពេជ្រ​កាល​ពី ៥​ឆ្នាំ​មុន ហាក់​រសាត់​កប់​ទៅ​តាម​ពេល​វេលា។

អ្នកស្រាវជ្រាវ​ប្រវត្តិសាស្ត្រ លោក​សាស្ត្រាចារ្យ ជិន សុជាតិ លើក​ឡើង​ថា ប្រជាជន​ខ្មែរ​ភាគ​ច្រើន​ឆាប់​ភ្លេច​ប្រវត្តិសាស្ត្រ​ខ្លួន​ឯង។ លោក​ពន្យល់​ថា ព្រឹត្តិការណ៍​ជាន់​គ្នា​ស្លាប់​នៅ​កោះពេជ្រ កាល​ពី ៥​ឆ្នាំ​មុន ជា​មេរៀន​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយ​សម្រាប់​កម្ពុជា ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​ហេតុការណ៍​បែប​នេះ​កើត​ឡើង​ម្ដង​ទៀត។

យ៉ាងណាក៏ដោយ លោក​សាស្ត្រាចារ្យ​ក្រើក​រំឭក​ថា អ្នក​នយោបាយ​គួរ​ចៀសវាង​យក​ព្រឹត្តិការណ៍​នេះ​មក​ធ្វើ​ជា​ឧបករណ៍​នយោបាយ​របស់​ខ្លួន៖ «ជា​ទូទៅ​ខ្ញុំ​មើល​ឃើញ​ថា ការ​ដែល​អ្នក​នយោបាយ​យក​រឿង​ហ្នឹង​មក​ប្រើប្រាស់ អា​ហ្នឹង​គ្រាន់​តែ​ជា​ការ​វាយ​ប្រហារ​គ្នា​នាំ​ឲ្យ​មាន​គេ​ហៅ​ថា កំហឹង​សង្គម​កើត​ឡើង។ របៀប​នៃ​ការ​លើក​ឡើង​ហ្នឹង​ វា​មាន​ផ្សេងៗ​គ្នា។ បើ​គ្រាន់​តែ​ថា សម្រាប់​តែ​យក​ធ្វើ​ជា​បទពិសោធន៍​សង្គម សម្រាប់​យល់​ដឹង​ការវិវត្តន៍​សង្គម​ទេ អា​ហ្នឹង​មិន​ជា​បញ្ហា​អី​ទេ។ តែ​ប្រសិន​បើ​អ្នក​នយោបាយ​យក​រឿង​ហ្នឹង សម្រាប់​ការ​លាប​ពណ៌​ឲ្យ​គ្នា សម្រាប់​ការ​ប្រឆាំង​គ្នា អា​ហ្នឹង​វា​អាច​ហិង្សា​ក្នុង​ចិត្ត​ដែល​ធ្វើ​ឲ្យ​មនុស្ស​មាន​គំនុំគំកួន​ គ្នា​មិន​ចេះ​ចប់»

សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ នឹង​រៀបចំ​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​ដល់​អ្នក​ស្លាប់​នៅ​ក្នុង​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន​ពេជ្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។