កម្ពុជា-​វៀតណាម​ចាប់​ផ្ដើម​សាងសង់​បង្គោល​ព្រំដែន​លេខ​៣០​នៅ​រតនគិរី

បង្គោល​ព្រំដែន​លេខ​៣០ នៅ​ចន្លោះ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្រុក​អូរយ៉ាដាវ និង​ច្រក​ទ្វារ​ព្រំដែន​ប្រទេស​វៀតណាម ក្នុង​ស្រុក​ដាក់កឺ បាន​បើក​ការដ្ឋាន​សាងសង់​ហើយ បន្ទាប់ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​កំណត់​យក​កន្លែង​នោះ​ជា​ខ្សែបន្ទាត់​ខណ្ឌ​ដែន​សីមា​នៃ​​ប្រទេស​ទាំង​ពីរ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ហៅ​ការ​បោះ​បង្គោល​ព្រំដែន​នៅ​តំបន់​នោះ​ថា បាន​ផល​ចំណេញ​ទៅ​ភាគី​វៀតណាម។

​បង្គោល​ព្រំដែន​លេខ​៣០ ឋិត​ក្នុង​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ចាប់​ផ្ដើម​សាងសង់​នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា បន្ទាប់​ពី​អាជ្ញាធរ​នៃ​ប្រទេស​ទាំង​ពីរ​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា។

កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា អាជ្ញាធរ​ចម្រុះ​នៃ​ប្រទេស​កម្ពុជា ប្រមាណ ៥០​នាក់ និង​ភាគី​វៀតណាម ប្រមាណ ៣០​នាក់ បាន​រៀបចំ​ឈូស​ឆាយ​ដី​នៅ​ចំណុច​បោះ​បង្គោល​ព្រំដែន​លេខ​៣០ ដែល​ភាគី​ទាំង​ពីរ បាន​ឯកភាព​គ្នា​បោះ​បង្គោល​បណ្ដោះអាសន្ន​មួយ ប្រមាណ ៣​ឆ្នាំ​កន្លង​ទៅ​នេះ ដើម្បី​សម្ពោធ​ការដ្ឋាន​សាងសង់​បង្គោល​កំណត់​ព្រំដែន​ខណ្ឌ​ទឹកដី​នៃ​ប្រទេស​ទាំង​ពីរ បន្ទាប់​ពី​មាន​ការ​ប្រទាញប្រទង់​ពី​ការ​កំណត់​ព្រំដែន​នៅ​តំបន់​នោះ​ច្រើន​ឆ្នាំ​កន្លង​ទៅ។

អ្នកនាំពាក្យ​និង​ជា​អភិបាល​រង​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន មាន​ប្រសាសន៍​ថា អាជ្ញាធរ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​សាងសង់​បង្គោល​ព្រំដែន​ផ្លូវ​ការ​នៃ​ប្រទេស​ទាំង​ពីរ ចាប់​ពី​ថ្ងៃ​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​នេះ​ត​ទៅ ដោយ​ភាគី​វៀតណាម ជា​អ្នក​ទទួល​សាងសង់​បង្គោល​ព្រំដែន​នេះ។

លោក​បន្ត​ថា មិន​មាន​បាតុភាព​អ្វី​ទាក់ទិន​ការ​សាងសង់​បង្គោល​ព្រំដែន​នេះ​ទេ។ តាម​ការ​គ្រោង​ទុក​ការ​សាងសង់​នេះ​នឹង​ធ្វើ​រួចរាល់​នៅ​ជិត​ចុង​ខែ​ធ្នូ ដើម្បី​បើក​សម្ពោធ​បង្គោល​ព្រំដែន​នេះ​ផ្លូវការ​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ៖ «យើង​បើក​ការដ្ឋាន​សាងសង់ និង​ផ្លូវ ៩៥០​ម៉ែត្រ។ អត់​មាន​បញ្ហា​អ្វី​ទេ រដ្ឋាភិបាល​ព្រមព្រៀង​ហើយ»

បង្គោល​ព្រំដែន​លេខ​៣០ ឋិត​នៅ​ជាប់​ផ្នែក​ខាង​ឆ្វេង​ផ្លូវ​ជាតិ​លេខ ៧៨​អា ពី​ក្រុង​បានលុង ទៅ​ប្រទេស​វៀតណាម ចម្ងាយ​ជិត ៣០០​ម៉ែត្រ ពី​មុខ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ បច្ចុប្បន្ន និង​នៅ​ចម្ងាយ​​ប្រហាក់ប្រហែល​គ្នា​ពី​ច្រក​ទ្វារ​ព្រំដែន​ប្រទេស​វៀតណាម។

ប្រធាន​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ថា ការ​សាងសង់​បង្គោល​ព្រំដែន​នេះ គឺ​ធ្វើ​ឡើង​ដោយ​ផ្អែក​ទៅ​លើ​កិច្ច​ព្រមព្រៀង​ចាស់​ដែល​ភាគី​ទាំង​ពីរ​ឯកភាព​គ្នា​យក​ចំណុច​នោះ​ជា​ខ្សែ​បន្ទាត់​ព្រំដែន ប៉ុន្តែ​មិន​ទាន់​បាន​សាងសង់​បង្គោល​ព្រំដែន​ផ្លូវការ។ លើស​ពី​នេះ​ទៀត បន្ទាប់​ពី​ការ​សាងសង់​បង្គោល​ព្រំដែន​នេះ​រួច តំបន់​នោះ​នឹង​ត្រូវ​ធ្វើការ​អភិវឌ្ឍន៍​ផ្លូវ​ត​ភ្ជាប់​ប្រទេស​ទាំង​ពីរ​រួម​ទាំង​អភិវឌ្ឍន៍​តំបន់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​នេះ​កាន់តែ​ល្អ​ប្រសើរ៖ «មិន​មែន​តែ​បង្គោល​មួយ​ទេ តែ​ច្រក​អន្តរជាតិ​វា​មាន​បរិវេណ មាន​សួនច្បារ មាន​សេវា​កម្ម​រដ្ឋ​អំណាច ខាង​ប៉ូលិស​អន្តោប្រវេសន៍ គយ​ជា​ដើម សំខាន់​វា​កើត​ឡើង ហើយ​មាន​សេវា ហើយ​ត្រូវ​រៀបចំ​តាម​ហ្នឹង​ឲ្យ​ល្អ»

កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា អាជ្ញាធរ​កម្ពុជា និង​វៀតណាម ក៏​បាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​បង្គោល​ព្រំដែន​លេខ​២៧៥ នៅ​តំបន់​ភ្នំដិន ខេត្ត​តាកែវ ផង​ដែរ។

របាយការណ៍​របស់​អាជ្ញាធរ​ខេត្ត​រតនគិរី បង្គោល​ព្រំដែន​ខេត្ត​រតនគិរី និង​ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម ចាប់​ពី​បង្គោល​ព្រំដែន​លេខ ៣១ រហូត​ដល់​បង្គោល​ព្រំដែន​លេខ ៣៩ ឋិត​ក្នុង​ភាព​ប្រទាញប្រទង់​គ្នា​មិន​ទាន់​ឯកភាព​បោះ​តម្រុយ​បង្គោល​ព្រំដែន​នៅ​ឡើយ។ កន្លង​ទៅ​នេះ តម្រួត​ព្រំដែន​​វៀតណាម បាន​ចូល​មក​ហាមឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ និង​មន្ត្រី​ការពារ​ព្រំដែន​ខ្មែរ​ធ្វើស្រែ ឬ​ជីក​ស្រះ​យក​ទឹក​ស្រោចស្រព​ដំណាំ​អ្វី​ឡើយ។ ផ្ទុយ​ទៅ​វិញ ភាគី​វៀតណាម បាន​បណ្ដែតបណ្ដោយ​ឲ្យ​ពលរដ្ឋ​វៀតណាម ចូល​មក​ជីក​ស្រះ​នៅ​តំបន់​ហាមឃាត់​នេះ​ជា​ឯកតោភាគី ហើយ​រហូត​ពេល​នេះ ភាគី​វៀតណាម មិន​ទាន់​បាន​លុប​ស្រះ​តាម​កិច្ចព្រមព្រៀង​នៃ​ភាគី​ប្រទេស​ទាំង​ពីរ​នៅ​ឡើយ។

អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុនីវណ្ណ កត់សំគាល់​ថា បង្គោល​ព្រំដែន​​លេខ​៣០ ដែល​រដ្ឋាភិបាល​ព្រមព្រៀង​សាងសង់​បង្គោល​ផ្លូវការ​ជាមួយ​ភាគី​វៀតណាម ឋិត​នៅ​ជាប់​នឹង​តំបន់​ប្រទាញប្រទង់ ហេតុ​នេះ​ការ​សម្រេច​បោះ​បង្គោល​ព្រំដែន​នេះ​គឺ​ភាគី​វៀតណាម គឺ​ជា​អ្នក​ទទួល​ផល​ចំណេញ។ លោក​មិន​អធិប្បាយ​ពី​អ្វី​ទៅ​ជា​ការ​ចំណេញ​របស់​ភាគី​វៀតណាម ទាក់ទិន​ការ​បោះ​បង្គោល​ព្រំដែន​ទេ ក៏ប៉ុន្តែ​លោក​ថា កន្លង​ទៅ​នេះ​គោលបំណង​របស់​វៀតណាម ទាក់ទិន​រឿង​ព្រំដែន​តែង​ទទួល​បាន​ជោគជ័យ៖ «យើង ​ដឹង​ហើយ​ថា កន្លង​មក​គោលបំណង​របស់​វៀតណាម​ច្រើន​តែ​បាន​ជោគជ័យ។ យើង​ទេ​មិន​បាន​ជោគជ័យ ឃើញ​តែ​វៀតណាម ប្រកាន់​កន្លែង​ណា​គេ​តែង​បាន​ជោគជ័យ​ហើយ»

​ប្រទេស​កម្ពុជា និង​វៀតណាម មាន​ព្រំដែន​គោក និង​ព្រំដែន​ទឹក សរុប ២.៥៧២​គីឡូម៉ែត្រ។ មន្ត្រី​ជំនាញ​កិច្ចការ​ព្រំដែន​កម្ពុជា កន្លង​មក​បាន​អោយ​ដឹង​ថា កម្ពុជា និង​វៀតណាម បាន​បោះ​បង្គោល​ព្រំដែន​គោក​រួម​គ្នា​បាន​ចំនួន​ជាង ២៨០​បង្គោល ក្នុង​ចំណោម​បង្គោល​ព្រំដែន​ដី​គោក​សរុប ៣១៤​បង្គោល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។