ទើប​មក​ពី​កា​ណា​ដា​បាន​៣​ថ្ងៃ​ត្រូវ​រថយន្ត​បុក​ស្លាប់​នៅ​ស្រុក​ព្រៃ​នប់

ខេត្ត​ព្រះ​សីហ​នុ ៖ ស្ត្រី​ម្នាក់​ទើប​មក​ពី​កា​ណា​ដា​បាន​៣​ថ្ងៃ​ត្រូវ​បាន​រថយន្ត​បុក​ពីក្រោយ​ស្លាប់ និង​ស្ត្រី​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់ ខណៈ​ពេល​កំពុង​ជិះ​ម៉ូតូ​ជាមួយ​គ្នា ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​២១ វិច្ឆិកា ២០១៥ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​អណ្ដូង​ថ្ម ឃុំ​អណ្ដូង​ថ្ម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ ទឹង គី​ម​ឡា​ង អាយុ​៦៥​ឆ្នាំ ទើប​មក​ពី​កា​ណា​ដា​លេង​បងប្អូន​បាន​៣​ថ្ងៃ​​នៅ​ភូមិ​បឹង​ជុំ ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃ​នប់ រីឯ​ស្ត្រី​ជា​ប្អូនថ្លៃ និង​ជា​អ្នក​បើក​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ឈ្មោះ ឆុំ មឿ​ន អាយុ​៤៨​ឆ្នាំ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​គេចខ្លួន​បាត់ បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ ពាក់​ស្លាក​លេខ ភ្នំពេញ 2R-6030 ។

ព័ត៌មាន​លម្អិត​បន្ថែម​នឹង​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព