កម្ពុជា​រឹត​បន្តឹង​សន្តិសុខ​ខណៈ​ដំណើរ​ទស្សនកិច្ច​នាយករដ្ឋមន្ត្រី​រុស្ស៊ី​ជិត​មក​ដល់

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​កម្ពុជា គ្រប់​ផ្នែក​ទាំង​អស់​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ ដើម្បី​រឹត​បន្តឹង​សន្តិសុខ ខណៈ​នាយករដ្ឋមន្ត្រី​ប្រទេស​រុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​ប្រទេស​កម្ពុជា រយៈពេល ៣​ថ្ងៃ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា នេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ថា ដើម្បី​ការពារ​សុវត្ថិភាព​ជូន​នាយករដ្ឋមន្ត្រី​នៃ​សហព័ន្ធ​រុស្ស៊ី សមត្ថកិច្ច​បាន​ប្រើប្រាស់​កងកម្លាំង​ប្រដាប់អាវុធ​មក​ពី​គ្រប់​ផ្នែក​ទាំង​អស់​សរុប​ជាង ១​ម៉ឺន​នាក់។

ជាង​នេះ​ទៀត កម្ពុជា​ក៏​បាន​ស្នើ​នគរបាល​អន្តរជាតិ (Interpol) របស់​រដ្ឋ​ជា​សមាជិក​អាស៊ាន ឲ្យ​ជួយ​សហការ​ផ្តល់​ព័ត៌មាន​ជុំវិញ​ករណី​ណា​មួយ​ដែល​សង្ស័យ​ថា មាន​ក្រុម​ឧក្រិដ្ឋជន ក្រុម​ភេរវកម្ម​ឆ្លង​ដែន​ចូល​មក​កម្ពុជា។

​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា ដែល​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឲ្យ​ដឹង​ថា ទស្សនកិច្ច​របស់​មន្ត្រី​ជាន់​ខ្ពស់​របស់​រុស្ស៊ី នៅ​ពេល​នេះ គឺ​ដើម្បី​ពង្រឹង និង​ពង្រីក​នូវ​ចំណង​ទាក់ទង​រវាង​ប្រទេស​ទាំង​ពីរ។

ជាង​នេះ តាម​គម្រោង លោក ឌីមីទ្រី មេដវេដេវ នឹង​មាន​ជំនួប​សម​ភាគី​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ នៅ​ក្នុង​ជំនួប​នោះ ភាគី​ទាំង​ពីរ​រំពឹង​ថា ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ចំនួន​ស្ដីពី​នយោបាយ សេដ្ឋកិច្ច និង​សារព័ត៌មាន។ ភាគី​ទាំង​ពីរ​ក៏​រំពឹង​ថា នឹង​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​ទីភ្នាក់ងារ​សារព័ត៌មាន​របស់​កម្ពុជា និង​របស់​រុស្ស៊ី ផង​ដែរ។

ការ​ត្រៀម​ខ្លួន​រឹត​បន្តឹង​សន្តិសុខ​ខ្លាំង​របស់​សមត្ថកិច្ច​កម្ពុជា ខណៈ​ទស្សនកិច្ច​នាយករដ្ឋមន្ត្រី​សហព័ន្ធ​រុស្ស៊ី នៅ​ពេល​នេះ​ធ្វើ​ឡើង​ក្រោយ​មាន​ព្រឹត្តិការណ៍​ភេរវកម្ម​នៅ​ចំ​កណ្ដាល​រដ្ឋធានី​នៃ​ប្រទេស​បារាំង។ ភេរវកម្ម​នេះ បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ១២០​នាក់ និង​បណ្ដាល​ឲ្យ​មនុស្ស​រាប់​សិប​នាក់​ទៀត​រង​របួស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។