ការធ្លាក់​ទឹកចិត្ត​ក្នុងចំណោម​មនុស្ស​ចាស់​

ការធ្លាក់​ទឹកចិត្ត​ក្នុងចំណោម​មនុស្ស​ចាស់​

បើតាម the National Alliance on Mental Illness (NAMI) មាន​ប្រជាជន​អា​មេ​រី​កាំ​ង​ច្រើនជាង​៦.៥​លាន​នាក់​ក្នុងចំណោម​ប្រជាជន​ដែល​មាន​អាយុ​លើសពី​៦៥​ឆ្នាំ​ទាំង​អស់ ដែល​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​។ NAMI បាន​ចាត់ទុកថា ការ​កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត​ក្នុងចំណោម​មនុស្ស​ចាស់​អាយុ​ចាប់ពី​៦៥​ឆ្នាំ​ឡើង គឺជា​បញ្ហា​ធំ​មួយ​នៅក្នុង​បញ្ហា​សុខាភិបាល​សាធារណៈ​។​

​ពួក​អ្នក​សិក្សា​ស្រាវជ្រាវ​បាន​រកឃើញថា​មាន​មនុស្ស​ចាស់​ដែល​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ពី​១០​ទៅ​២០%​ដែល​មាន​ជំងឺ​ធ្លាក់​ទឹក​ក​ចិត្ត ក្នុង​នោះ​ចាស់ៗ​ដែល​នៅតែ​ផ្ទះ​មាន​ដល់​ទៅ​៤៦%​ឯណោះ​។ គេ​បាន​រកឃើញ​ទៀតថា ក្នុង​ចំណោម​អ្នក​ដែល​ធ្វើ​អត្តឃាត​ទាំងអស់ ចំនួន​ពី​១៦​ទៅ​២០%​គឺជា​មនុស្ស​ចាស់ ភាគច្រើន​គឺ​មនុស្ស​ប្រុស​ដែល​មាន​អាយុ​ពី​៨០​ឆ្នាំ​ឡើង​។​

ការព្យាបាល​ដោយ​ឱសថ ការព្យាបាល​ខាង​ផ្លូវចិត្ត និង​វិធី​ផ្សេងៗ​ទៀត​អាចជួយ​ព្យាបាល​ជំងឺ​នេះ​បាន ក៏ប៉ុន្តែ​ជា​ទូទៅ គេ​ច្រើន​តែ​មិនសូវ​បាន​យកចិត្តទុកដាក់​នឹង​បញ្ហា​នេះ ព្រោះ​គេ​ច្រឡំ​ថា​វា​គឺជា​ជំងឺ​ដែល​ទាក់ទង​ទៅនឹង​វ័យ​ចំណាស់​ផ្សេងទៀត​។ ណាមួយ​មនុស្ស​ចាស់​ខ្លួនឯង​ក៏​មិន​បាន​ចាប់អារម្មណ៍​ខ្លួនឯង​ដែរ​។​

តាមពិតទៅ ជំងឺ​ធ្លាក់​ទឹកចិត្ត​មិនមែន​ជា​ជំងឺ​មួយ​ដែល​ទាក់ទង​ទៅនឹង​វ័យ​ចំណាស់​នោះទេ វា​កើត​ឡើង​ដោយសារ​តែ​បញ្ហា​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​។ ស្ថានភាព​នៃ​រាងកាយ ដូច​ជា​ការ​កើត​ជំងឺ​បេះដូង ដាច់​សរសៃឈាម​ខួរក្បាល ទឹកនោម​ផ្អែម មហារីក វង្វេងវង្វាន់ និង​ជំងឺ​រ៉ាំរ៉ៃ​ផ្សេងៗ​ទៀត​អាចជា​មូលហេតុ​នៃ​ការ​កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត នៅក្នុង​ចំណោម​មនុស្ស​ចាស់​។​

សញ្ញា​សំគាល់​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​ក្នុងចំណោម​មនុស្ស​ចាស់ រួមមាន​៖

  • ​​ការ​មាន​ទុក្ខព្រួយ ថប់​អារម្មណ៍​ជាប់​
  • ​អារម្មណ៍​ថា​អស់សង្ឃឹម ឬ​ទុទិដ្ឋិនិយម​
  • ​ការ​ឆាប់​ខឹង រំជើបរំជួល ឬ​មិន​ចេះ​អត់ឱន​
  • ​ការ​អស់កម្លាំង និង​បាត់​ថាមពល​
  • ​អារម្មណ៍​ថា​មាន​កំហុស ឥត​តម្លៃ អស់សង្ឃឹម​
  • ​ពិបាក​ប្រមូល​អារម្មណ៍ នឹក​មិនឃើញ​អំពី​បញ្ហា​លំអិត ឬ​ពិបាក​ក្នុង​ការសម្រេចចិត្ត​
  • ​ញ៉ាំ​ច្រើនពេក ឬ​មិន​ឃ្លាន​អ្វី​សោះ​
  • ​ចេតនា​ចង់​សម្លាប់​ខ្លួន
  • ​គេង​ច្រើនពេក ឬ​តិចពេក គេង​ភ្ញាក់​ញឹកញាប់​
  • ​មិន​ចូល​ចិត្ត​សកម្មភាព​។​ល​។​

​តើ​គេ​ត្រូវធ្វើ​យ៉ាងណា​ចំពោះ​បញ្ហា​នេះ​?
​កាលណា​អ្នក​សង្កេតឃើញ​សញ្ញា​សំគាល់​ណាមួយ​ក្នុង​ចំណោម​សញ្ញា​ទាំងអស់​ខាងលើនេះ អ្នក​ត្រូវ​៖

  • ​ធ្វើការ​ប៉ាន់​ប្រមាណ​បន្ថែ​ម រក​រោគវិ​និច្ចឈ័​យ និង​ធ្វើការ​ព្យាបាល​
  • ​ឧស្សាហ៍​តាមដាន ដោយ​និយាយ​ជាមួយ ឱ្យ​គាត់​និយាយ​ប្រាប់​មក​វិញ និង​ដោះស្រាយ​បញ្ហា​អ្វី​ដែល​គាត់​មាន​
  • ​រក​ជំនួយ​ពី​សហគមន៍​។​

​ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។