វិធី​បំបាត់​ស្ត្រេ​ស​ក្នុង​ពេល​តែ​ប៉ុន្មាន​នាទី​

វិធី​បំបាត់​ស្ត្រេ​ស​ក្នុង​ពេល​តែ​ប៉ុន្មាន​នាទី​

​យើង​ច្រើន​តែ​មើលស្រាល​សារសំខាន់​នៃ​ការដកដង្ហើម និង​តួនាទី​របស់​វា​នៅក្នុង​សុខុមាលភាព​ជាទូទៅ​។ តាមពិតទៅ ការដកដង្ហើម​មួយ​ដែល​ល្អ​អាច​ធ្វើឱ្យ​មាន​សុខភាព​ល្អ និង​ជួយ​ឱ្យ​គ្រប់គ្រង​ស្ត្រេ​ស​និង​ការធ្លាក់​ទឹក​ចិត្តបាន​។​

​លោក​វេជ្ជបណ្ឌិត Andrew Weil អ្នកឯកទេស​ខាង​ការប្រើ​ឱសថ​បុរាណ​ព្យាបាល​ជំងឺ បាន​ពន្យល់​ថា​វា​មាន​ចំណងទាក់ទង​ប្រត្យក្ស​រវាង​រាងកាយ​នឹង​ចិត្ត ហើយ​ការធ្វើ​សមាធិ​ដោយ​អនុវត្ត​លំ​ហាត់​ដកដង្ហើម​ជារឿយៗ​អាច​ជួយ​ឱ្យ​គ្រប់គ្រង​ស្ត្រេ​ស​ក្នុង​មួយ​ថ្ងៃ​បាន​។ ពួក​អ្នកវិទ្យាសាស្ត្រ​បាន​ពិនិត្យឃើញ​ថា​ការអនុវត្ត​ការដកដង្ហើម​តាម​វិធី​យោគៈ​បាន​ជួយ​ជា​ច្រើន​ដល់​អ្នក​ជំងឺហឺត ហើយ​ក៏​កាត់បន្ថយ​សម្ពាធ​ឈាម ផងដែរ​។ ឧទាហរណ៍​មួយ​ទៀត គឺ​គេ​បាន​ឱ្យ​ពួក​ទាហាន​ជើងចាស់​ដែល​ធ្លាប់​ទៅ​ប្រយុទ្ធ​នៅ​អា​ហ្វ​ហ្គានី​ស្ថាននិង​អ៊ីរ៉ាក អនុវត្ត​វិធី​ដកដង្ហើម​តាម​ក្បួន​យោគៈ ដើម្បី​បំបាត់​ការ​ថប់​អារម្ភ ស្ត្រេ​ស និង​ការធ្លាក់​ទឹកចិត្ត បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​សាកលវិទ្យាល័យ UCLA (University of California, Los Angeles) បាន​ធ្វើ​ការសិក្សា​មួយ​លើ​មនុស្ស​៤៥​នាក់ ដែល​មាន​ស្ត្រេ​ស ការធ្លាក់​ទឹកចិត្ត ជំងឺ​អាល់​ហ្សេ​មែរ ក្នុង​សភាព​ធ្ងន់ធ្ងរ ដោយ​ចែក​គ្នា​ជា​២​ក្រុម​។ មួយក្រុម​គេ​ឱ្យ​អនុវត្ត​យោគៈ​ចំនួន​១២​នាទី​រាល់ថ្ងៃ ឯ​ក្រុម​ទី​២​គេ​ឱ្យ​សម្រាក​បន្ធូរ​អារម្មណ៍​ដោយ​ស្តាប់ភ្លេង​ក្នុង​រយៈពេល​១២​នាទី ដូចគ្នា​។ គេ​សង្កេតឃើញថា​ក្រុមទី​១​បាន​ទទួល​លទ្ធផល​ល្អប្រសើរ​ជាង ហើយ​វិធី​យោគៈ​មិន​គ្រាន់តែ​ជួយ​ឱ្យ​គេ​បាន​ធូរស្បើយ​ពី​ស្ត្រេ​ស ការធ្លាក់​ទឹកចិត្ត ។​ល​។ តែ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​បាន​ជួយ​ដល់​ការចងចាំ និង​ការមិន​ងាយ​ចាស់ ថែមទៀត​ផង​។​

​រីឯ​ការអនុវត្ត​នូវ​ការដកដង្ហើម​តាម​ក្បួន​យោគៈ​នេះ​មាន​ដូចតទៅ​៖

  • យក​មេដៃ​សង្កត់​លើ​រន្ធ​ច្រមុះ​ស្តាំ
  • ដកដង្ហើម​ចូល​តាមរ​ន្ធ​ច្រមុះ​ឆ្វេង​
  • យក​ចង្អុលដៃ​មក​សង្កត់​បិទ​រន្ធ​ច្រមុះ​ស្តាំ ដក​មេដៃ​ចេញពី​រន្ធ​ច្រមុះ​ស្តាំ​
  • ដកដង្ហើម​ចេញ​តាម​រន្ធ​ច្រមុះ​ស្តាំ​
  • ដកដង្ហើម​ចូល​តាមរ​ន្ធ​ច្រមុះ​ស្តាំ​វិញ​ម្តង​
  • ដាក់​មេដៃ​សង្កត់​មកលើ​រន្ធ​ច្រមុះ​ស្តាំ​ឡើងវិញ ដក​ចង្អុលដៃ​ចេញពី​រន្ធ​ច្រមុះ​ឆ្វេង​
  • ដកដង្ហើម​ចេញ​តាម​រន្ធ​ច្រុះ​ឆ្វេង​
  • អនុវត្ត​បែបនេះ​ឱ្យ​បាន​ពីរ​បី​នាទី​។​

​ការផ្លាស់ប្តូរ​ការដក​ដង្ហើមចូល​និង​ចេញ​បែបនេះ​ធ្វើឱ្យមាន​តុល្យភាព​រវាង​វេទនារ​ម្មណ៍ ហើយ​និង​ឱ្យមាន​សុខដុម​និយកម្ម​រវាង​ខួរក្បាល​ខាងស្តាំ​និង​ខួរក្បាល​ខាងឆ្វេង ផងដែរ​។​


​ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។