សាលា​រាជធានី​តុបតែង​លម្អ​រួចរាល់ ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក

រាជធានី​ភ្នំពេញ ៖ នៅ​មុន​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប មក​ដល់ ការ​កែ​លម្អ​សោភ័ណ​ភាព​បរិស្ថាន​ក្នុង​ទីក្រុង​ត្រូវ​បាន​យកចិត្តទុកដាក់​បន្ថែម ដូច​ជា​កែ​លម្អ​សួនច្បារ​ កាត់​ស្មៅ លះ​មែកឈើ លាង​ផ្លូវ លាប​គំនូស រៀប​ដាក់​បន្ទប់ទឹក​ចល័ត​តាម​ទី​សាធារណៈ និង​រមណីយ​ដ្ឋាន កន្លែង​សប្បាយភាព​នានា​ក្នុង​រាជធានី​ភ្នំពេញ ។

ដោយឡែក​ការ​រៀបចំ​ដាក់​អំ​ពូ​ល​ភ្លើង​ចម្រុះ​ពណ៌​តាម​ដង​វិ​ថី និង​តាម​ដើមឈើ​ក្នុង​ទី ក្រុង​ក៏​ត្រូវ​បាន​រៀបចំ​បាន​រួចរាល់​ហើយ ដើម្បី​ទទួល​អំណរ​ព្រះរាជ​ពិធីបុណ្យ​រយៈពេល៣​ថ្ងៃនេះ ។

លោក ភួង ចំរើន ប្រធាន​អង្គភាព​បំភ្លឺ​សាធារណៈ របស់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ចំណុច​សំខាន់​ដែល​ត្រូវ​រៀប​ដាក់​អំ​ពូ​ល​បាន​ផ្តោត​លើ​ទីតាំង​សួន​វិមាន​ឯករាជ្យ​ មហាវិថី​ព្រះ​នរោត្តម និង​សួនច្បារ​ត្រើយ​ខាងកើត តំបន់​ជ្រោយចង្វារ ។ ការ​ដាក់​ភ្លើង​ហ្វា​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ រួម​ទាំង​ការ​រៀបចំ​ដាក់​ប៉ាណូ​ភ្លើង​កាត់​ទទឹង​ផ្លូវ​ចំនួន​៤​កន្លែង មាននៅ​វិមាន​ឯករាជ្យ​, វត្ត​ភ្នំ​, សួនច្បារ​សម្តេច​តេ​ជោ ហ៊ុន សែន និង​នៅ​ចំណុច​ព្រះ​គម្លង់​ផង​ដែរ ។

លោក​បន្ត​ថា ក្រៅពី​ការងារ​រៀបចំ​ដាក់ និង​តំឡើង​អំ​ពូ​ល​ភ្លើង​តាម​ទី​សាធារណៈ​នោះ អង្គភាព​របស់​លោក​ក៏​បាន​បែងចែក​កម្លាំង​ដូរ​អំ​ពូ​ល​ភ្លើង​ដែល​ដាច់​ដែល​មាន​ប្រមាណ​ពី​១០%​ទៅ​២០%​ក្នុង​មួយ​ខែ​ៗ​ក្នុង​ចំនួន​អំ​ពូ​ល​ភ្លើង​ដែល​ត្រូវ​ប្រើប្រាស់​បំភ្លឺ​តាម​ដងផ្លូវ និង​ទី​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ បច្ចុប្បន្ន​ប្រមាណ​៨០០០​អំ​ពូ​ល ។

សោភ័ណ​ភាព​នៅ​រាជធានី​ភ្នំពេញ​នា​ពេល​រាត្រី ពិតជា​មាន​សម្រស់​ស្រស់​ត្រកាល និង​ជាទី​មនោ​រម្យ​សក្តិ​សមជា​រាជធានី​ស្ថិត​ក្នុង​មុំ​សន្តិភាព និង​ការ​អភិវឌ្ឍន៍​ដែល​ជា​ក្តី​ប៉ងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​យើង​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

គួរ​បញ្ជាក់​ដែរ​ថា ទោះបី​ឆ្នាំ​នេះ​រាជរដ្ឋាភិបាល​បាន​លើក​ពេល​ពិធី​ប្រណាំងទូក​ដោយសារ​កត្តា​ធម្មជាតិ​ក្តី តែ​ពិធីបុណ្យ​ជា​ប្រពៃណី​ផ្សេង​ៗ​ទៀត​នៅ​តែ​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា រីឯ​មន្ត្រីរាជការ​ក៏​នៅ​តែ​បាន​ឈប់​សម្រាក​ពី​ការងារ​រយៈពេល​៣​ថ្ងៃ​ដដែល ។ ជាមួយ​គ្នា​នេះ​ដែរ សាលា​រាជធានី​ភ្នំពេញ​ក៏​បាន​រៀបចំ​ឲ្យ​មានការ​ប្រគុំ​តន្ត្រី ការ​តាំង​លក់​ផលិតផល​នានា​តាម​រមណីយដ្ឋាន កន្លែង​កំសាន្ត​សប្បាយ​ក្នុង​រាជធានី​ភ្នំពេញ សម្រាប់​ជូន​ប្រជាពលរដ្ឋ​មក​លេង​កំសាន្ត​ក្នុង​រយៈពេល​៣​ថ្ងៃនេះ​ដែរ ៕