តូ​តា ​មាន​ទាំង​អ្នក​សរសើរ ​មាន​ទាំង​អ្នក​រិះគន់​ដល់​នាង​

Sanofi

ក្រោយពី​មានការ​បង្ហោះ​នូវ​រូបភាព​របស់​នាង​ដែល​ស្លៀក​រ៉ូ​ប​រឹប​រាង​ចំហរ​ខ្នង​បង្ហាញ​សាច់​សខ្ចី​នៅក្នុងបណ្តាញ​ទាក់ទង​សង្គម​ហ្វេ​ស​ប៊ុ​ក​រួចមក ម៉ាក សែន​សូ​នី​តា ហៅ តូ​តា បានទទួល​នូវ​ការសរសេរ Comment​ពី​សំណាក់​មហាជន​គ្រប់​មជ្ឈដ្ឋាន​យ៉ាងច្រើន​ដែល​ក្នុងនោះ​មាន​ទាំង​ការសរសើរ​និង​ការរិះគន់​គ្រាន់តែ​ក្នុងនោះ​ពាក្យរិះគន់​មាន​ច្រើន​។​ ​ចំពោះ​ពាក្យ​ដែល​គេ Comment សរសើរ​នាង​មានដូចជា​ថា​នាង​ស្អាត​ណាស់​,​ស្លៀកពាក់​ចេញ សាច់​សខ្ចី​គួរ​ឲ្យ​ស្រឡាញ់​,​ខ្ញុំ​ចង់​ធ្វើ​ដូច​នាង​ដែរ​តែ​សាច់​ខ្ញុំ​មិន​ស្អាត​ដូច​នាង​…​ជាដើម​។​តែ​ក្នុងនោះដែរ​ក៏មាន​ការសរសេរ Comment រិះគន់​នាង​ថា​អាវ​ចំហរ​ខ្នង​ដូច​ស្រាត​,​បើ​ស្អាត​មិនបាច់​ស្លៀក​បែប​នឹង​ក៏​ស្អាត ដែរ​,​ខ្វះ​ក្រណាត់​មែន​បានធ្វើ​ចឹ​ង​?,​ធ្វើខ្លួន​ឲ្យ​សមជា​នារី​ខ្មែរ​,​អាក្រក់​ពេក​ហើយ​,​មើល​ពីក្រោយ​ដូច​ដោះអាវ​ថត​អ៊ីចឹង​…​ជាដើម​។​ព្រមទាំង​មាន​អ្នក​និយាយ​បែប​កណ្តាល​ថា​សម័យនេះ​ទៅហើយ​មិនគួរ​ប្រកាន់ ពេក​ទេ​,​កុំ​វាយតម្លៃ​មនុស្ស​តាម​ការ​ស្លៀកពាក់​សំខាន់​លើ​ចិត្ត​…​។​

ការថតរូប​បង្ហោះ​រប​ស់​តូ​តា​បង្ហាញ​ពី​ការ​ស្លៀកពាក់​រ៉ូ​ប​បែប​សិច​ស៊ី​របស់​នាង​ត្រូវបាន​គេ​យល់ថា​មានការ​លេចចេញ​នូវ​ប្រតិកម្ម​គួរ​ឲ្យ​កត់សំគាល់​ព្រោះ​នាង​ក៏​ជា​តារា​សម្តែង​លេចធ្លោ​ម្នាក់​ដែរ​។​ ​កន្លងទៅ​ថ្មីៗ​នេះ​នាង​បាន​ចូលរួម​ក្នុង​ការថត​រឿង «​ល្មមៗ​បាន​ហើយ​» ដែលជា​រឿង​បែប​កំប្លែង​ថ្មី​មួយទៀត ហើយក៏​ជា​ខ្សែភាពយន្ត​ខ្នាត​ធំ​ទី​ពីរ​របស់​ផលិតកម្ម ភី សុគ​ន្ធី ដោយ​រឿង​កំប្លែង​លើក​ទី​ពីរ​នាង​សំដែង​ជាមួយ​នាយ​គ្រឿន​ហើយ​លើក​នេះ​នាង​នឹង​ថត​ឲ្យ​បានល្អ​ជាង​លើក​មុន​។​

​រឿង​កំប្លែង​របស់ ម៉ាក សែន​សូ​នី​តា ហៅ​តូ​តា សម្ដែង​ជា​តួឯក​រឿង​ទីមួយ «​អូន​ទុំ​បង​ទាវ​» ប្រកប ដោយ​ភាពជោគជ័យ​ជាមួយ​នាយ​ក្រូច ដែលមាន​អ្នកទស្សនា​មួយចំនួន​បាន​និយាយថា នាយ ក្រូច សម្ដែង ហាក់បីដូចជា​ដៃដល់​ខិតលើ​ខិត​ក្រោម បន្ដិច​។​ផ្ទុយទៅវិញ តូ​តា​បាន​និយាយថា ការសម្ដែង​ប៉ុណ្ណឹង​មិនមែនជា​បញ្ហា​អ្វី​ឡើយ ព្រោះ​ការសម្ដែង​បែបនេះ​ជាការ​ទាក់ទាញ​ឲ្យ​ទស្សនិកជន​ចាប់អារម្មណ៍​មកលើ​រូបនាង និង​សាច់រឿង​ទាំងមូល​ទៅវិញ​ទេ​។ នាង​មិន​ខ្លាច​ការសម្ដែង​ខិតលើ​ខិត​ក្រោម​ជាមួយ​តារា​កំប្លែង​នោះឡើយ ព្រោះ​វា​គ្រាន់តែ​សិល្បៈ​នៃ​ការសម្ដែង ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ចាប់អារម្មណ៍ និងជក់​ចិ​ត្ដ​សើច​សប្បាយ​លើ​សាច់រឿង​ប៉ុណ្ណោះ​។

តូ​តា​និយាយថា យើង​ជា​អ្នកសិល្បៈ​មិនត្រូវ​ប្រកាន់​អ្វី​ហួសហេតុ​ពេក​ទេ ធ្វើ​ដូចនេះ និង​មាន​អ្នកគាំទ្រ​កាន់តែច្រើន ហើយ​រាល់​ការសម្ដែង​របស់​នាង និង​តារា​កំប្លែង​ទាំងនោះ​មិនមែន​នាង និង​តារា កំប្លែង​ទាំងនោះ​ធ្វើតាម​ចិ​ត្ដ​នោះទេ​ពោល​រាល់​ការសម្ដែង​ទាំងអស់ គឺត្រូវធ្វើ​តាម​បញ្ជា​របស់​អ្នកដឹកនាំ​រឿង និង បូកផ្សំ​នឹង​ការសម្ដែង​របស់​យើង​ផងដែរ​ទើប​ល្អ និង​មាន​ប្រជាប្រិយភាព​។ ក្រៅពី​ការសម្ដែង​រឿង​បែប​កំប្លែង​រឿង​ទី​ពីរ​របស់​នាង​នេះ នាង​ក៏​នៅមាន​ក្បាច់​រាំ​បែប​ថ្មី​ប្លែកៗ ដែល​ត្រៀម​បញ្ចេញ​ឲ្យ​ទស្សនិកជន​មានការ​ភ្ញាក់ផ្អើល​ថែម​ទៀតផង​។​

​ស្រី​ស្អាត​កញ្ញា ម៉ាក សែន​សូ​នី​តា កាលពីពេល​ថ្មីៗ​នេះ នាង​បាន​បង្ហើប​ឲ្យ​ដឹងថា នៅ​មិនទាន់​ចង់បាន​គូស្រករ​នៅឡើយ​ទេ ស្របពេល​បច្ចុប្បន្ន មាន​បុរសៗ​មួយចំនួន​កំពុងតែ​តាម​ក្រវែល​លួងលោម​សុំ​សេចក្តីស្នេហា​ពី​នាង​យ៉ាង​ស្អិត​នោះ ជាពិសេស​ពួក​ប្រុសៗ​អាណិកជន​នៅ​ឯនាយសមុទ្រ​តែម្តង​។​ ​ដោយសារតែ​ឈរលើ​ជំហរ​មួយ​ថា​មិនទាន់​ដល់ពេល​វេលា​ទទួលយក​សេចក្តីស្នេហា​ពី​បុរស​ណា​ម្នា​ក់មក​ធ្វើជា​គូគាប់​នេះហើយ ទើប​កន្លងមក អតីត​កញ្ញាឯក​ប្រ៊ី​ស​ស្តុ​ន​ជ័យលាភី​លេខ​១ ឆ្នាំ​២០០៧ កញ្ញា ម៉ាក សែន​សូ​នី​តា តែងតែ​បដិសេធ​ម្តង​ហើយ​ម្តងទៀត ចំពោះ​ពាក្យសំដី​ផ្អែមល្ហែម​សុំ​ស្នេហ៍​ពី​បុរស​មួយចំនួន​មាន​ទាំង​ថៅកែ​ស្ទី​ឌី​យោ​ថតរូប ក៏ដូចជា​អាណិកជន​នៅក្រៅ​ស្រុក​ជាដើម​។​

​ម៉ាក សែន​សូ​នី​តា ពេលនេះ​កំពុងតែ​ឡើង​កូដ​សំបើម​ណាស់ ទាំង​ការងារ​អាជីព​ជា​តារា​សិល្បៈ រួមទាំង​យីអ៊ុន​មន្ត​ស្នេហ៍​ទៀតផង ដែល​ធ្វើ​ឲ្យ​នាង​ទៅណា​មក​ណា​ម្តងៗ ជាពិសេស​ចូលរួម​ក្នុង​កម្មវិធី​ជួបជុំ​សិល្បៈ​ធំៗ​នោះ បើ​ប្រៀបធៀប​នឹង​តារា​សិល្បៈ​ស្រករៗ​នាង គឺ​ស៊ីដាច់​គេ​តែម្ដង រីឯ​អ្នក​តាម​សុំ​ស្នេហ៍​ក៏​មិន​ខ្វះ​ដែរ​។​​ទោះយ៉ាងណា តារា​សំដែង​ល្បីឈ្មោះ​ដោយសារ​រឿង​«​និស្ស័យ​ស្នេហ៍​២​ជាតិ​»​កញ្ញា ម៉ាក សែន​សូ​នី​តា បាន​ប្រាប់​យ៉ាងខ្លី​ថា នាង​មិន​ធ្លាប់មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ណា​នោះទេ បើទោះបី​ពេលនេះ​មាន​អ្នក​តាម​សុំ​ស្នេហ៍​ក៏ដោយ​ក៏​នាង​មិនទាន់​យល់ព្រម​ដែរ​!​ ពោលគឺ​នាង​មិនទាន់​ចង់បាន​ប្តីសី​នៅឡើយ​ទេ​៕ ដេវីត​


Related