ចោរប្លន់​ផ្ទះ​លក់​ថ្នាំពេទ្យ​ទាំង​ព្រលប់ ផ្អើល​ពេញ​ក្រុង​ស្វាយ​រៀង

ខេត្តស្វាយរៀង ៖ ក្រុម​ចោរ​ប្រដាប់​អាវុធ​៣​នាក់​ជិះ​រថយន្ត​កាម​រី​ចូល​ប្លន់​ផ្ទះ​លក់​ថ្នាំពេទ្យ​បាញ់​ឲ្យ​រង​របួស​២​នាក់​ឪពុក​កូន​ធ្វើ​ឲ្យ​ផ្អើល​ពេញ​ក្រុង​ស្វាយ​រៀង ក៏​ប៉ុន្តែ​សំណាងល្អ​ប្លន់​មិន​បាន​អ្វី​ទេ ត្រូវ​សមត្ថកិច្ច​មក​អន្តរាគមន៍​​ចាប់​បាន​ចោរ​ម្នាក់ ។ ករណី​ក្រុម​ចោរ​ប្រដាប់​អាវុធ​ចូល​ប្លន់​ទាំង​ក្បាល​ព្រលប់​នេះ​កើតឡើង​កាលពីរ​វេលា​ម៉ោង​៦​ និង​០៥​នាទី​យប់ ថ្ងៃ​ទី​២១ វិច្ឆិកា ២០១៥ នៅផ្ទះ​លោក​វេជ្ជបណ្ឌិត ឈួ​រ សុ​ម៉ា​លី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ លក់​ថ្នាំពេទ្យ នៅ​ភូមិ​ចុង​ព្រែក សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។

លោក​វេជ្ជបណ្ឌិត ឈួ​រ សុ​ម៉ា​លី បាន​រង​របួស​ស្មា​ខាងឆ្វេង ឯ​កូនប្រុស​ឈ្មោះ សុ​ម៉ា​លី រតនៈ អាយុ​៦​ឆ្នាំ របួស​កែងជើង​ខាងស្តាំ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​ជនសង្ស័យ​៣​នាក់ ជិះ​រថយន្ត​១​គ្រឿង ម៉ាក​កាម​រី​ឆ្លាម ពណ៌​ខ្មៅ មក​ដល់ ហើយ​ជនសង្ស័យ​ម្នាក់​ចុះ​មក​ដោយ​ប្រើ​ល្បិច​ទិញ​ថ្នាំពេទ្យ ម្តង​ទិញ​ឲ្យ​មនុស្ស​ចាស់ ម្តង​ផ្សំ​ឲ្យ​កូន​ក្មេង បន្ទាប់​មក​ជនសង្ស័យ​ម្នាក់​ទៀត​​មក​ដល់​ក៏​ទាញ​កាំភ្លើងខ្លី​ភ្ជង់​បម្រុង​ប្លន់ ពេល​នោះ​ជន​រង​គ្រោះ​ក៏ទះ​កាំភ្លើង​ចេញ ចោរ​ក៏​បាន​បាញ់​ទៅ​លើ​លោក​វេជ្ជបណ្ឌិត​១​គ្រាប់​ចំ​ស្មាខាងឆ្វេង​បញ្ឆិត​ទៅ​ក្រោយ​ចំ​កូនប្រុស​កំពុង​អង្គុយ​ខាងក្រោយ​រង​របួស​កែងជើង​ខាងស្តាំ​ធ្ងន់ធ្ងរ ។ ក្រុម​ចោរ​មានការ​ភិតភ័យ​ក៏​នាំ​គ្នា​រត់ឡើង​ឡាន​គេចខ្លួន តែ​ជនសង្ស័យ​ម្នាក់​ឡើង​ឡាន​មិន​ទាន់ ក៏​រត់គេច​ខ្លួន រួច​ឡើង​ជិះ​ម៉ូតូ​ឌុប សំណាងអាក្រក់​ឡើង​ជិះ​ចំ​ម៉ូតូ​នគ​បាល​ស្លៀកពាក់​ស៊ី​វិល ក៏​ដឹក​ចូល​បន្ទាយ​កងរាជអាវុធហត្ថ​ក្រុង​ស្វាយ​រៀង ចាប់​វាយ​ខ្នោះ​យ៉ាង​ស្រួល ។

ខណៈ​ពេល​នេះ សមត្ថកិច្ច​មិន​ទាន់​ឲ្យ​ដឹង​ពី​អត្តសញ្ញាណ​ជនសង្ស័យ​នៅឡើយ​ទេ ព្រោះ​កំពុងធ្វើការ​សាកសួរ​នៅឡើយ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ និង​នៅ​លើ​កាសែត​កោះសន្តិភាព