ប្តី​លួច​រៀបការ​ជាមួយ​ស្រី​ផ្សេង តើ​គួរ​ប្តឹង​លេង​លះ​ឬ​អត់ ?

Sanofi

​នាង​ខ្ញុំ​ដឹងថា​ប្តី​របស់​នាង​ខ្ញុំ​បាន​រៀបការ​ជាមួយ​ស្រី​ម្នាក់ ដែល​ពេលនោះ​នាង​ខ្ញុំ​កំពុងមាន​ផ្ទៃពោះ​ប្រហែល ២ ខែ ។ រឿងរ៉ាវ​នេះ​នាង​ខ្ញុំ​បានឃើញ​ដោយ​ចៃដន្យ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង ។ នាង​ខ្ញុំ​អាយុ ៣៤ ឆ្នាំ មានកូន​ប្រុស ២ នាក់ ម្នាក់​អាយុ ១០ ឆ្នាំ និង កូន​ម្នាក់ទៀត​អាយុ ២ ឆ្នាំ ។ នាង​ខ្ញុំ​ជា​គ្រូបង្រៀន​ភាសាបរទេស​ចំណែក​ប្តី​ជា​អ្នកជំនួញ ។

កាលពី​បួន​ឆ្នាំមុន​នាង​ខ្ញុំ​មាន​ផ្ទៃពោះ​ជា​កូនភ្លោះ ប៉ុន្តែ​គ្រូពេទ្យ​ប្រាប់ថា​ទារក​ក្នុង​ផ្ទៃ​មាន​បញ្ហា ដូច្នេះ​នាង​ខ្ញុំ​ក៏​ពិភាក្សា​ជាមួយ​ប្តី និង ឪពុកម្តាយ ពេលនោះ​ប្តី​នាង​ខ្ញុំ​ទុកឱ្យ​នាង​ខ្ញុំ​ជា​អ្នកសម្រេច នាង​ខ្ញុំ​ក៏​ទៅ​ពេទ្យ​យក​កូន​ចេញ ។ ក្រោយពី​យក​កូន​ចេញ​មិនយូរប៉ុន្មាន នាង​ខ្ញុំ​ក៏​ដឹងថា​ប្តី​មាន​ស្រី​នៅ​ខាងក្រៅ ។ នាង​ខ្ញុំ​ក៏​ស្នើឱ្យ​គាត់​បញ្ចប់​ទំនាក់ទំនង​ជាមួយ​នាង​ម្នាក់​នោះ ប៉ុន្តែ​ម្តង​ជា​ពីរដង​នាង​ខ្ញុំ​នៅតែ​ឃើញថា​ពួកគេ​ទាក់ទង​គ្នា​ដដែល ។

ក្រោយមក​នាង​ខ្ញុំ​មាន​ផ្ទៃពោះ​ម្តងទៀត ពេលនោះ​មិនដឹងថា ទំនាក់ទំនង​រវាង​ប្តី និង នាង​នោះ​ស៊ីជម្រៅ​ដល់​កម្រិតណា​នោះទេ ប៉ុន្តែ​ដោយសារ​ឃើញ​ប្តី​រីករាយ​នៅពេល​នាង​ខ្ញុំ​មាន​ផ្ទៃពោះ នាង​ខ្ញុំ​ក៏​មិនបាន​សួរនាំ​អ្វី​ទាំងអស់ ។ រហូតដល់​នាង​ខ្ញុំ​មាន​ផ្ទៃ ៧ ខែ នាង​ខ្ញុំ​បាន​រកឃើញថា​ពួកគេ​នៅតែ​ផ្អែមល្ហែម​ជាមួយគ្នា​ទើប​សម្រេចចិត្ត​ទៅ​ជួប​ម្តាយ​របស់​នាង ដើម្បី​ស្នើឱ្យ​ណែនាំ​កូនស្រី​កុំឱ្យ​ទាក់ទង​នឹង​ប្តី​នាង​ខ្ញុំ​ទៀត ។

ប៉ុន្តែ​អ្វីដែល​នាង​ខ្ញុំ​បានទទួល​នោះ​គឺ​ម្តាយ​របស់​នាង​បែរជា​ប្រាប់ថា ឱ្យ​នាង​ខ្ញុំ​យក​លិខិតបញ្ជាក់​អាពាហ៍ពិពាហ៍​ទើប​គាត់​ជឿ ព្រោះ​មុននេះ​ក៏មាន​ស្រី​ផ្សេង​មក​អះអាងថា​ជា​ប្រពន្ធ​របស់​ប្តី​នាង​ខ្ញុំ​ដែរ ។ ​ប៉ុន្មាន​ថ្ងៃក្រោយ​មក​នាង​ខ្ញុំ​យក​លិខិត​អាពាហ៍ពិពាហ៍​ទៅឱ្យ​ម្តាយ​របស់​នាង​នោះ​មើល ប៉ុន្តែ​មិន​ជួប​ពួកគេ​ទេ ហើយ​ពេល​ទូរស័ព្ទ​ទៅ​ក៏​មិន​លើក ។ ឃើញ​អាកប្បកិរិយា​បែបនេះ​នាង​ខ្ញុំ​សម្រេច​ថា​លែង​ខ្វល់​នឹង​បញ្ហា​នេះ ។ អ្វីដែល​ត្រូវ​ខ្វល់​គឺ​បន្ទាប់ពី​ឆ្លងទន្លេ​រួច​ប្តី​នាង​ខ្ញុំ​ហាក់​លែង​យកចិត្តទុកដាក់​អ្វី ទាំងអស់​ចំពោះ​នាង​ខ្ញុំ ។

មិនយូរប៉ុន្មាន​នាង​ខ្ញុំ​ប្រទះឃើញ​រូបថត​រៀបការ​រវាង​ប្តី​នាង​ខ្ញុំ និង នាង​ម្នាក់​នោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក ។ ប្តី​ប្រពន្ធ​នាង​ខ្ញុំ​ក៏​ឈ្លោះ​គ្នា​ហើយ​គាត់​ក៏​សារភាព​ប្រាប់​រឿងនេះ​ព្រមទាំង​ឱ្យ​នាង​ខ្ញុំ​ទទួលយក​រឿងនេះ ។ យើង​ឈ្លោះ​គ្នា​ជា​ញឹកញាប់ ហើយ​ថែមទាំង​ចង់​លែងលះគ្នា​ទៀត ផង​តែ​មិនទាន់បាន​ដាក់ពាក្យ​លែងលះ ។ ម្យ៉ាងទៀត​មួយរយៈ​ចុងក្រោយ​នេះ​ការរកស៊ី​របស់​ប្តី​នាង​ខ្ញុំ​ក៏មាន​បញ្ហា​ច្រើន ទើប​នាង​ខ្ញុំ​មិន​ចង់​ធ្វើឱ្យប៉ះពាល់​ដល់​ផ្លូវចិត្ត​របស់គាត់​បន្ថែម​ទៀត ។

យើង​ក៏​បន្ត​រស់នៅ​ជាមួយគ្នា​ក្នុងស្ថានភាព​មើលមុខ​គ្នា​ស្ទើរ​មិន​ចំ​រហូតមកដល់​ពេលបច្ចុប្បន្ន ប៉ុន្តែ​ដោយសារតែ​កូនៗ​ទើប​នាង​ខ្ញុំ​ស៊ូទ្រាំ​ខាំមាត់សង្កត់ចិត្ត ។ ទោះយ៉ាងណា​នៅពេល​បានឃើញ​ប្តី​នាង​ខ្ញុំ​យកចិត្តទុកដាក់​ទៅលើ​តែ​នាង​ដែលជា​ប្រពន្ធចុង​របស់គាត់​ចំណែក​ប្រាក់ចំណូល​ដែល​គាត់​រកបាន​ក៏​គាត់​ក្តោប​ក្តាប់​តែឯង​នាង​ខ្ញុំ​មិនអាច​ទ្រាំ​បាន​នោះទេ ។ សូម​សួរថា​នាង​ខ្ញុំ​គួរតែ​ដាក់ពាក្យ​លែងលះ​ដែរ​ឬ​អត់ ?

​ចំពោះ​ស្ត្រី​មាន​វិបត្តិ​

​តាម​ការរៀបរាប់​ស្ថានភាព​បច្ចុប្បន្ន​អ្នក​ទាំងពីរ​ហាក់​បាន​បែក​គ្នា​រួចទៅហើយ នៅតែ​មនោសញ្ចេតនា​ជាមួយ​កូនៗ និង ការ​លែងលះ​តាមផ្លូវ​ច្បាប់ ដូច្នេះ​នាង​ប្រៀបបាន​នឹង​ស្ត្រី​មេម៉ាយ​មួយរូប​កំពុង​ចិញ្ចឹម​កូន​តែឯង ។ បើតាម​ការយល់ឃើញរ​បស់​«​ប្រជាប្រិយ​» ដើមឡើយ​អាពាហ៍ពិពាហ៍​របស់​នាង និង ស្វាមី​ប្រហែល​មិនមែន​ដោយ​ការ​ស្ម័គ្រស្មោះ​ទាំងសងខាង​នោះទេ ស្វាមី​របស់​នាង​មាន​ដៃគូ​ស្នេហា​ប្តូរផ្តាច់​មួយ​មុននឹង​រៀបការ​ជាមួយ​នាង ហើយ​នាង​នោះ​ក៏​ប្រហែលជា​ប្រពន្ធចុង​បច្ចុប្បន្ន​របស់​ស្វាមី​នាង ។

នៅពេល​ភាគី​មួយ​ក្នុងចំណោម​ប្តី​ប្រពន្ធ​ចូល​រោងការ​ដោយ​ភាគី​ម្ខាង​មិន​ស្មោះត្រង់​ហើយ​នោះ គឺ​វា​ងាយ​នឹងមាន​ការព្រងើយកន្តើយ និង អាចមាន​បញ្ហា​បែកបាក់​នៅពេល​មានការ​អូសទាញ​ពី​ខាងក្រៅ ។ ស្វាមី​របស់​នាង​ហាក់ដូច​បានរៀបចំ​គម្រោង​រួចជាស្រេច​ថា​នឹង​ជ្រើសរើស​ស្រី​ស្នេហ៍​ដំបូង​របស់ខ្លួន​ជាជាង​នៅ​ជាមួយ​នាង ។ ការពិត​ប្រហែលជា​បាន​កើតឡើង​ទៅតាម​ដំណើរ​បែបនេះ ។ បន្ទាប់ពី​បែកធ្លាយ​រឿង​រៀបការ​ស្វាមី​របស់​នាង​ក៏បាន​ស្នើឱ្យ​នាង​ទទួលយក​ករណីនេះ ។

ប្រការនេះ​បញ្ជាក់ថា ស្វាមី​របស់​នាង​បានចាត់ទុក​នាង និង កូនៗ​ជា​របស់​គ្មាន​ន័យ​ទៀតហើយ​សម្រាប់​គាត់ ហើយ​អាពាហ៍ពិពាហ៍​របស់​អ្នក​ទាំង​ពីរបាន​ដើរ​ដល់​«​មាត់ជ្រោះ​មរណៈ​»​រង់ចាំតែ​ខ្យល់​បក់​ទម្លាក់​ប៉ុណ្ណោះ ។ និយាយ​អំពី​ផ្លូវច្បាប់​វិញ តាម​«​ប្រជាប្រិយ​»​ដឹង​កម្ពុជា​មានច្បាប់​ឯក​ពន្ធភាព (​ប្តី​មួយ​ប្រពន្ធ​មួយ​) ដូច្នេះ​ទង្វើ​របស់​ស្វាមី​នាង​គឺជា​សកម្មភាព​ខុសច្បាប់ ព្រោះ​គាត់​មិនមែន​លួចលាក់​មាន​ស្រី​នោះទេ ប៉ុន្តែ​នេះ​គាត់​បាន​រៀបការ​ជាមួយ​ស្រី​ផ្សេង​ពេលដែល​ខ្លួន​មាន​ប្រពន្ធ​ពេញ​ច្បាប់​រួចហើយ ។

ជា​យោបល់​របស់​’​ប្រជាប្រិយ​» នាង​គួរតែ​ទៅរក​អ្នកច្បាប់​ឱ្យជួយ​ដោះស្រាយ ហើយ​នាង​ក៏​គួរតែ​ត្រៀម​ចិត្ត និង កាយ​ដើម្បី​ចិញ្ចឹម​កូនៗ​ម្នាក់ឯង​ក្នុងករណី​ស្វាមី​ទទួលយក​ការ​លែងលះ ។ នាង​មិនគួរ​ព្រួយបារម្ភ​ច្រើនពេក​នោះទេ ចូរ​រឹងមាំ​ឡើង​កូនៗ​ទាំងពីរ​នឹង​ជាទី​សង្ឃឹម​របស់​នាង ហើយ​ចូរ​គិតថា​បុរស​ម្នាក់នេះ​លែង​ជា​ស្វាមី​របស់ខ្លួន​ទៀតហើយ គេ​គឺជា​មនុស្ស​ដទៃ​ម្នាក់ និង គ្រាន់តែ​ជា​អ្នក​ដែលមាន​កាតព្វកិច្ច​ចិញ្ចឹម​កូនៗ​ទៅតាម​អ្វីដែល​ច្បាប់​បានកំណត់ ។ បើ​គិត​បាន​បែបនេះ​នាង​នឹង​លែងមាន​អារម្មណ៍​ខ្វល់ខ្វាយ​ប្រចណ្ឌ ឬ មួយ​ខូចចិត្ត​ក្នុងការ​សម្លឹងមើល​ស្វាមី​មាន​ប្រពន្ធចុង ។

ក៏ប៉ុន្តែ​ក្នុងករណី​ដែល​ស្វាមី​របស់​នាង​មិន​ព្រម​លែងលះ ខ្ញុំ​យល់ថា វា​គឺជា​បញ្ហា​ធំ​ដែល​នាង​ត្រូវ​ប្រឈម​ក្នុង​ជីវិត​ប្រសិន​គាត់​នៅតែ​ជាម​នុស្ស​ដូច​បច្ចុប្បន្ន ។ ព្រោះថា​អ្នក​ទាំងពីរ​ហាក់​លែងមាន​មនោសញ្ចេតនា​ប្តី​ប្រពន្ធ ម្យ៉ាងទៀត​រឿង​សេដ្ឋកិច្ច​គ្រួសារ​គឺជា​រឿង​សំខាន់ ប្រសិន​គាត់​ចេះតែ​ក្តោប​ក្តាប់​ប្រាក់ចំណូល​របស់គាត់ ហើយ​ផ្តល់ទៅឱ្យ​តែ​ប្រពន្ធចុង​ពេលនោះ​នាង​នឹងមាន​អារម្មណ៍​ឈឺចាប់​បែបណា ? ៕

Related