ខេត្តសៀមរាប​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​នៅ​ថ្ងៃ​ទី​២៤-២៥​វិច្ឆិកា​នេះ

ខេត្តសៀមរាប ៖ លោក សូរ ប្លា​តុង អភិបាលក្រុង​សៀមរាប​បាន​ចុះ​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន បុគ្គលិក​អនាម័យ កាប់​មែកឈើ​ពុក​ផុយ​តាម​ដងស្ទឹង​សៀមរាប ដើម្បី​ការពារ​សុវត្ថិភាព​ភ្ញៀវ​ចៀសវាង​ការ​មាន​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ​ក្នុង​ថ្ងៃ​បុណ្យអុំទូក​នា​ពេល​ខាង​មុខ ។

អាជ្ញាធរ​ខេត្តសៀមរាប​បាន​កំណត់​យក​ថ្ងៃ​ទី​២៤ និង ២៥ វិច្ឆិកា ២០១៥ ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​អុំទូក ដែល​ជា​ប្រពៃណី​ដ៏​សំខាន់​របស់​ខ្មែរ ដែល​កាលពី​ឆ្នាំ​២០១៤​កន្លង​ទៅ ខេត្តសៀមរាប​មាន​ទូក​.​ង​ចំនួន៣៦​ទូក​ចូលរួម ក្នុង​នោះ​មាន​ទូក​នារី​៦​ទូក ដោយឡែក​នៅ​ឆ្នាំ​២០១៥​នេះ មាន​ទូក​.​ង​ចំនួន​៣០​ទូក និង​ទូក​នារី​៨​ទូក កើន​ជាង​មុន ក្នុង​នោះ​មាន​ទូក​មក​ពី​ខេត្តឧត្តរមានជ័យ​ចំនួន​១​ទូក និង​មក​ពី​កង​ឆ័​ត្រ​យោង​៩១១​ចំនួន​១​ទូក ដោយ​មាន​អ្នកចូលរួម​អុំទូក​ប្រមាណ​ជា​៩០០​នាក់ ខណៈ​ដែល​ទូក​ខ្លះ​បាន​ដាក់​បង្ហាញ និង​អុំ​សាកល្បង​នៅ​មាត់​ស្ទឹង ដើម្បី​ត្រៀម​ហាត់​សម​ផង​ដែរ ។

លោក​អភិបាលក្រុង​សៀមរាប​បាន​ប្រកា​សរិត​បន្តឹង​ចំពោះ​បញ្ហា​អនាម័យ ដោយសារ​បញ្ហា​អនាម័យ​កាលពី​ឆ្នាំ​២០១៤​កន្លង​ទៅ​ហាក់​មិន​ទាន់​ប្រសើរ​នៅ​ឡើយ ព្រោះថា ក្រោយ​ពី​ពិធីបុណ្យ​អុំទូក​បាន​បញ្ចប់​ទៅ​នៅ​ថ្ងៃ​ទី​៣ គេ​ឃើញ​ថង់​ និង​សំរាម​រាប់​មិន​អស់​បាន​ហើរ​ពេញ​ផ្ទៃ​សួនច្បារ​តាម​ដងស្ទឹង ដែល​ជា​កន្លែង​ប្រណាំងទូក ប៉ុន្តែ​នៅ​ឆ្នាំ​២០១៥​នេះ អាជ្ញាធរ​ក្រុង​សៀមរាប​បាន​បន្ថែម​ធុងសំរាម​ប្រមាណ​ជាង​២២០​ធុង​ទៀត​នៅ​តាម​ដងស្ទឹង និង​មុខ​សួនច្បារ​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម ដើម្បី​សម្រួល​ដល់​ការ​សម្អាត​ផង​ដែរ ។ ចំណែក​ទឹកស្ទឹង​សៀមរាប​វិញ ថ្លា​ឆ្វង់​សឹង​អាច​ឆ្លុះ​មុខ​បាន​ក្រោយ​ពី​មានការ​សម្អាត​យ៉ាង​យកចិត្តទុកដាក់​ពី​បុគ្គលិក​អនាម័យ​របស់​សាលាក្រុង​សៀមរាប ។

គេ​សង្កេត​ឃើញ​ថា ក្រៅពី​បាន​ធ្វើការ​សម្រិតសម្រាំង និង​ការ​សម្អាត​តាម​ដងស្ទឹង​ដែល​ជាទី​តាំង​សម្រាប់​ប្រារព្ធ​ពិធីបុណ្យ​អុំទូក អកអំបុក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ ក្នុង​នោះ​អាជ្ញាធរ​ក្រុង​ក៏​បាន​និង​កំពុង​បំពាក់​បង្គោល​ភ្លើង​នៅ​តាម​ដង​វិ​ថី​សំខាន់​ៗ ជា​ពិសេស​ផ្លូវ​សងខាង​ដងស្ទឹង​សៀមរាប និង​តាម​ដងផ្លូវ​ជាតិ​លេខ​៦​ផង​ដែរ ។

ដោយឡែក​មែកឈើ​ចាស់​ៗ ពុក​ផុយ នៅ​តាម​មាត់​ស្ទឹង​ត្រូវ​បាន​កាត់​រះ​យ៉ាង​ស្រឡះ ដើម្បី​កុំឱ្យ​មាន​គ្រោះថ្នាក់​កើតជា​យថាហេតុ ខណៈ​ជិត​ឈាន​ចូល​មក​ដល់​ថ្ងៃ​អុំទូក​ខាង​មុខ​នេះ គេ​ឃើញ​មានការ​រៀបចំ​ស្តង់​លក់ទំនិញ​គ្រប់​ប្រភេទ ចំណែក​ឆាក​តន្ត្រី​មិន​ទាន់​ឃើញ​នៅឡើយ​ទេ ៕