ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា ប្រគុំ​ភ្លេង​សង្គ្រោះ​កុមារ​លើក​ទី៨៨៨

ការប្រគុំភ្លេង របស់ស្ថាបនិកមន្ទីរពេទ្យ​គន្ធបុប្ផា នាមជ្ឈមណ្ឌសន្និសិទ នៃខេត្តសៀមរាប នៅថ្ងៃសៅរ៍ទី២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៥​នេះ ជាការប្រគុំ លើកទី៨៨៨ហើយ នៃបេសកកម្មស្វែងរកថវិកា ដើម្បីជួយសង្គ្រោះ​កុមារ​កម្ពុជា។ នេះ​បើ​តាម​ការ​អះអាង របស់លោ ប៊ីត រីស្ន័រ នៅលើទំព័រហ្វេសប៊ុករបស់លោក។
ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា ប្រគុំ​ភ្លេង​សង្គ្រោះ​កុមារ​លើក​ទី៨៨៨
កុមារកំពុងឈឺ នៅក្នុងមន្ទីរពេទ្យ គន្ធបុប្ផា។ (រូបថត AFP)

ស្ថាបនិកមន្ទីពេទ្យដ៏ល្បី ដែលជួយសង្គ្រោះកុមារ ដោយមិនគិតប្រាក់ លោក ប៊ីត រីស្ន័រ (Beat Richner) បាន​សម្ដែងការប្រគុំតន្ត្រី របស់លោកជាថ្មីទៀត នៅថ្ងៃសៅរ៍នេះ ដើម្បីសង្គ្រោះកុមារកម្ពុជា ហើយការប្រគុំ​តន្ត្រី​លើក​​នេះ គឺជាលើកទី៨៨៨ហើយ។ លោកបានសរសេរទៀតថា អ្នកអ្នកទេសចរណ៍ជាច្រើន មកពីគ្រប់​ទិស​ទី នៃ​ពិភពលោក បានចូលទស្សនា ការប្រគុំតន្ត្រីរបស់លោក ដែលធ្វើឡើង សឹងជារៀងរាល់ថ្ងៃសៅរិ៍ ចុង​សប្តាហ៍។ លោកឲ្យដឹងបន្ថែមថា នៅក្នុងចំណោមភ្ញៀវទេសចរណ៍ ដែលចូលទស្សនា មាន១០ ទៅ២០% ដែល​មកពី​ប្រទេសស្វីស។

លោកវេជ្ជបណ្ឌិត ដែលមានដើមកំណើត ជាជនជាតិស្វីស តែមានជំនក់ចិត្តខាងតន្រ្តីរូបនេះ បានអះអាង​ឲ្យ​ដឹង​ថា មានសប្បុរសជនជាច្រើន ជុំវិញពីភពលោក បានបរិចាកដល់មន្ទីពេទ្យគន្ធបុប្ផា។ សម្រាប់ប្រទេសស្វីស ដែល​ជាប្រទេសកំណើតរបស់លោកវិញ ក៏បានបរិចាកថវិកា ជាច្រើនរាប់សិបលានដុល្លារ រួចមកហើយ​ផង​ដែរ។ មួយចំណែក នៃថវិកាទាំងនោះ បានបញ្ជូនមកឲ្យ​មន្ទីរពេទ្យ​ដោយផ្ទាល់ និងមួយចំណែកទៀត គឺ​បាន​មក តាមរយៈនៃការចូលរួម មកទស្សនាការប្រគុំតន្រ្តីរបស់លោក។

១២០ ០០០ដុល្លា ក្នុងមួយថ្ងៃ...

មន្ទីពេទ្យគន្ធបុប្ផា ដែលមានដំណើរការ តាំងពីឆ្នាំ១៩៩២មកនោះ មានអ្នកជំងឺជាកុមារជាច្រើននាក់ មកពី​បណ្តា​ខេត្តនានា ក្នុងប្រទេសកម្ពុជា។ កុមារទាំងនោះ សុទ្ធសឹងកើត នៅក្នុងគ្រួសារ ដែលមានជីវភាពក្រីក្រ។ តាម​របាយការណ៍ប្រចាំឆ្នាំ របស់មន្ទីពេទ្យ​បានឲ្យដឹងថា ដើម្បីព្យាបាលកុមារទាំងនោះ មន្ទីរពេទ្យត្រូវការ​ចំណាយ ជាមធ្បមប្រមាណ ១២០ ០០០ដុល្លារអាមេរិក ក្នុងមួយថ្ងៃ៕