ចាក់​សម្លាប់​អ្នកគ្រូ២៨កាំបិត សង្ស័យ​ឃាតករ​ជា​គ្រូ​បង្រៀន​ដូច​គ្នា

អ្នកគ្រូបង្រៀនភាសាអង់គ្លេសមួយរូប នៅសាលាប៊ែលធីអន្តជាតិ ត្រូវបានគេប្រទះឃើញ​ដេកស្លាប់​ក្នុង​ថ្លុក​ឈាម យ៉ាង​អាណោច​អធ​ម នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។ បច្ចុប្បន្ន សមត្ថកិច្ចមូលដ្ឋាន បាន​ធ្វើការ​ស្រាវជ្រាវ ឃាត់​ខ្លូន​ជន​​សង្ស័យម្នាក់ ដែលជាគ្រួបង្រៀន នៅសាលាជាមួយគ្នា។
ចាក់​សម្លាប់​អ្នកគ្រូ២៨កាំបិត សង្ស័យ​ឃាតករ​ជា​គ្រូ​បង្រៀន​ដូច​គ្នា
ជនសង្ស័យ (ខាងឆ្វេង) និងជនរងគ្រោះ ដែលប្រទះឃើញ ដេកស្លាប់ នៅតាមដងផ្លូវ។ (រូបថតហ្វេសប៊ុក)

យុវតីម្នាក់ ត្រូវបានរកឃើញដេកស្លាប់ យ៉ាងអាណោចអាធម នៅនឹងដងផ្លូវដ៏ស្ងាត់មួយ ដោយការចាក់​ជា​ច្រើន​កាំបិត។ ជនរងគ្រោះ ដែលគេស្គាល់ថាឈ្មោះ ផែន សុផានី អាយុ២៣ ឆ្នាំ ជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់ នៅ​សាលាប៊ែលធីអន្តរជាតិ សាខាក្រុងតាខ្មៅ។ ករណីនេះ ត្រូវបានគេប្រទះឃើញសាកសព ឈានដល់​បង្ក​ការ​ភ្ញាក់​ផ្អើល ដល់ក្រុមសមត្ថកិច្ច នាវេលាម៉ោង៦ព្រឹក ថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០១៥ ក្នុងចំណុច ភូមិស្វាយតានី ឃុំ​ព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

ក្រោយពីធ្វើកោសល្យវិច័យ មន្រ្តីសមត្ថកិច្ចបានឲ្យដឹងថា របួសដោយកាំបិត នៅលើខ្លូនស្រ្តីរងគ្រោះ មាន​ចំនួន​២៨កន្លែង។ ភ្លាមៗសមត្ថកិច្ចបានសន្និដ្ឋានថា ស្រ្តីរងគ្រោះស្លាប់ ដោយសារឃាតកម្មគុំនុំ (សងសឹក) ត្រូវជន​មិន​ស្គាល់មុខធ្វើឃាត នៅពេលនាងធ្វើដំណើម្នាក់ឯង នៅតាមដងផ្លូវដ៏ស្ងាត់នេះ។ ស្រ្តីម្ចាស់បន្ទប់ជួល របស់​យុវតី​រងគ្រោះ បានបញ្ជាក់ថា នាងមិនបានមកសម្រាក នៅក្នុងបន្ទប់ តាំងពីល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា មកម្លេះ។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ របស់ក្រុមសមត្ថកិច្ចមូលដ្ឋាន។

ក្រោយពីទទួលបានតម្រុយទាំងនេះ សមត្ថកិច្ចបានស្រាវជ្រាវ ឈានដល់ឃាត់ខ្លួន យុវជនម្នាក់ឈ្មោះ រុំ សុង​ហេង ភេទប្រុស អាយុ២១ឆ្នាំ ដែលជាគ្រូបង្រៀន នៅសាលាប៊ែលធីដូចគ្នា មានទីលំនៅភូមិលេខ១ ឃុំ​ប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល។ សមត្ថកិច្ចបញ្ជាក់ថា ដោយយោងលើវត្ថុតាង មានសម្លៀកបំពាក់​ប្រលាក់​ឈាម និងស្នាមដាច់មុតនៅប្រអប់ដៃស្តាំ របស់ជនសង្ស័យផងនោះ មន្រ្តីសមត្ថកិច្ចបានឃាត់ខ្លូន ជននេះ​ភ្លាមៗ។

បច្ចុប្បន្នកំពុងធ្វើការស្រាវជ្រាវ ស្វែងរកមុខសញ្ញាជនសង្ស័យបន្ថែម ដែលប្រព្រឹត្តឃាតកម្មដ៏រន្ធត់មួយនេះ ដើម្បី​ចាប់ឲ្យមកទទួលទោស តាមច្បាប់។ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ករណីនេះ ជារណីឃាតកម្ម​គ្រោង​ទុកជាមុន ព្រោះនារីរងគ្រោះ និងជនសង្ស័យ ជាគ្រូបង្រៀននៅសាលាជាមួយគ្នា៕