ភ្លេច​ខ្លួន​មួយ​ភ្លែត ចោរ​លួច​ម៉ូតូ​បាត់ នៅ​ព្រែក​អញ្ចាញ

មានករណីចោរលួចម៉ូតូមួយ បានកើតឡើង នៅខេត្តកណ្តាល ទាំងព្រឹកព្រហាម ខណះពេលដែលម្ចាស់ម៉ូតូ រវល់​រៀបចំ​ឥវ៉ាន់​លក់ដូរ​ភ្លេច​មើល​មួយភ្លែត។
ភ្លេច​ខ្លួន​មួយ​ភ្លែត ចោរ​លួច​ម៉ូតូ​បាត់ នៅ​ព្រែក​អញ្ចាញ
ទិដ្ឋភាពពីខាងក្រៅ នៃហាងលក់កាហ្វេ និងបាយ «ម្លប់ស្វាយបាយមាន់ស្រែ»។ (រូបថត monoROOM.info/ H. Vuthy)

ភ្លេចមើលមួយភ្លែត ត្រូវចោរលួចម៉ូតូបាត់! តើចោរមានជំនាញ ខាងលួចរហ័ស ឬនៅប្រទេសកម្ពុជា សម្បូរ​ចោរ​ដល់ថ្នាក់ ទុកអ្វីប្រហែសបន្តិច ក៏ត្រូវចោរលួចបាត់ឬ?

នេះ ជាករណីចោរលួចម៉ូតូមួយគ្រឿង ដែលកើតឡើង នៅវេលាម៉ោង៤ និង៥០នាទី ទៀបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងហាងលក់កាហេ្វបាយ ឈ្មោះ «ម្លប់ស្វាយបាយមាន់ស្រែ» ស្ថិតនៅតាមផ្លូវលេខ៦ ភូមិ​កណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

លោក សេង សុថា ជាម្ចាស់ម៉ូតូហុងដាឌ្រីម សេរី ២០១៣ មានស្លាកលេខ បាត់ដំបង ១០ ៨២៧១ មានវ័យ ៤៦​ឆ្នាំ បានឲ្យដឹងថា ជារៀងរាល់ព្រឹក លោកបានអូសម៉ូតូចេញពីបន្ទប់ មកទុកខាងក្រៅ ហើយគាត់បានរៀប​សាច់​អាំង និងតុការហ្វេដើម្បីលក់។ លោករៀបរាប់ថា លោកបានភ្លេចខ្លួនមួយភ្លែត ស្រាប់តែចោរលួចយកម៉ូតូនោះ ទៅបាត់។

រីឯមន្ត្រីសមត្ថកិច្ចនៅតំបន់នោះ បានទទួលស្គាល់ថា បានឲ្យដឹងថា មានសង្ឃឹមតិចតួចណាស់ ដែលអាចរក​ឃើញមុខសញ្ញាចោរ និងយកម៉ូតូមកវិញ។ លោក សម សុផល់ ជាមេប៉ុស្តិ៍ឃុំព្រែកអញ្ចាញ បានសន្និដ្ឋានថា ពួកចោរទាំងនោះបានតាមឃ្លាំមើលជា យូរមកហើយ ទើបហ៊ានចូលលួចបែបណ្នឹង។

ពលរដ្ឋនៅក្បែរកន្លែងកើតហេតុ ក៏បានបញ្ជាក់ដែរថា នៅក្នុងករណីនេះ ក្រុមសមត្ថកិច្ចបានត្រឹម តែមក​ធ្វើ​កំណត់​ហេតុ និងសន្យាតាមដានជនសង្ស័យតែប៉ុណ្ណោះ។ នាពេលកន្លងមក មានម៉ូតូបាត់ជាញឹកញាប់ នៅក្នុង​ឃុំ​ព្រែកអញ្ចាញ ស្រុកមុខកំពូល និងផ្សារនានាក្នុងស្រុក តែលទ្ធផលនៅតែដដែល គឺរកជនប្រព្រឹត្តិ មិនដែល​ឃើញ​ទេ៕