តើ​គួរ​បរិភោគ​បន្លែ និង ផ្លែឈើ​ណា​អាច​ចៀស​ឆ្ងាយ​ពី​ជំងឺ​គាំងបេះដូង ?

Sanofi

​តាម​ការស្រាវជ្រាវ​ជាច្រើន​បាន​បង្ហាញថា ការទទួល​ទាន​បន្លែ​ផ្លែឈើ​ពិតជា​អាច​កាត់បន្ថយ​អត្រា​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង ។ ការបរិភោគ​បន្លែ​ផ្លែឈើ​ជាប្រចាំ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​បាន ៤០ ភាគរយ និង កាត់បន្ថយ​អត្រា​ស្លាប់​ដោយ​ជំងឺ​បេះដូង​បាន ៣២ ភាគរយ ។ ហេតុផល​នោះ​គឺ​បន្លែ​ផ្លែឈើ​សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម វីតាមីន រ៉ែ និង ជាតិគីមី​ធម្មជាតិ​ច្រើន​ប្រភេទ ដែល​សុទ្ធសឹង​មាន​ប្រយោជន៍​ចំពោះ​សុខភាព​បេះដូង និង ការពារ​ជំងឺ​រលាក​នានា ។

ប៉ុន្តែ​អ្នក​ក៏​គួរ​ប្រុងប្រយ័ត្ន​ចំពោះ​ផ្លែឈើ​ដែលមាន​រសជាតិ​ផ្អែម​ស្អិត​ដែរ ។ ផ្លែឈើ​ដែល មាន​សារ​ធាតុគីមី​ធម្មជាតិ​ភាគច្រើន មាន​រសជាតិ​ជូរ ចត់ ឬ ក្រពុល ដូចនេះ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ បច្ចុប្បន្ន​កសិករ​ភាគច្រើន​បានជ្រើសរើស​ពូជ​ដែលមាន​រសជាតិ​ផ្អែម ដែលជា​ហេតុ​បណ្តាលឱ្យ​សារធាតុចិញ្ចឹម​ក្នុង​ផ្លែឈើ​ថយ​ទៅតាម​នោះដែរ ។

ទោះជា​យ៉ាង ណា​អ្នក​គួរ​ជ្រើសរើស​ផ្លែឈើ​ធម្មជាតិ (Organic) ដូចជា​ផ្លែ​ប៉ោម ប៊ឺ​រី ឬ ឆឺ​រី ក្នុង​កម្រិត​មធ្យម និង ផ្លែឈើ​ផ្អែម​ខ្លាំង​ក្នុង​កម្រិត​តិចតួច ដើម្បី​ចៀសវាង​ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម ។ ការណែនាំ​ពាក់ព័ន្ធ​នឹង​ផ្លែឈើ​គួរ​ទទួលទាន​សម្រាប់​សុខភាព​បេះដូង រួមមាន​៖

១. គួរ​កាត់បន្ថយ ឬ បរិភោគ​ផ្លែឈើ​តិចតួច (​យ៉ាងច្រើន​ជាតិ​ស្ករ ១៥ ក្រាម ក្នុង​មួយ ថ្ងៃ​) សម្រាប់​អ្នកមាន​ជំងឺ​លើស​ទម្ងន់ ទឹកនោមផ្អែម សម្ពាធ​ឈាម​ខ្ពស់ ឬ លើស​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល ។
២. គួរ​ទទួលទាន​បន្លែ​ផ្លែឈើ​ឱ្យបាន​ច្រើន សម្រាប់​អ្នក​គ្មាន​ទឹកនោមផ្អែម សម្ពាធ​ឈាម​ធម្មតា និង កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ធម្មតា និង មាន​ទម្លាប់​ប្រើ​កម្លាំង​ច្រើន ។​

៣. ប្រសិនបើ​អ្នក​ប្រើ​កម្លាំង​ច្រើន ដូចជា​អ្នកកីឡា គួរ​ទទួលទាន​ផ្លែឈើ​ឱ្យបាន​ច្រើន ជាពិសេស​បន្ទាប់ពី​ធ្វើការ​អស់កម្លាំង ព្រោះ​រាងកាយ​ត្រូវការ​ស្ករ​ដើម្បី​បំ​លែង​ជា​ថាមពល​ក្នុង​រាងកាយ ។
៤. ប្រសិនបើ​អ្នកមាន​ចម្ងល់ មិនដឹងថា​តើ​អ្នកមាន​ជាតិ​ស្ករ​គ្រប់គ្រាន់ ឬ ត្រូវ​ទទួលទាន​បន្ថែម ឬ បន្ថយ​នោះ អ្នក​អាច​ដឹង​ដោយ​ធ្វើ​តេ​ស្តិ៍​ឈាម​ពិនិត្យ​រក​កម្រិត​ជាតិ​ស្ករ ៕

Related