ម្ចាស់​ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ាន​កោះហៅ​ឲ្យ​មាន​ការ​រួបរូមគ្នា​បន្ទាប់​ពី​ការ​វាយប្រហារ​ភេរវកម្ម

ម្ចាស់​ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ាន​កោះហៅ​ឲ្យ​មាន​ការ​រួបរូមគ្នា​បន្ទាប់​ពី​ការ​វាយប្រហារ​ភេរវកម្ម

លោក Najib Razak (ខាងលើ) នាយករដ្ឋ​មន្រ្តី​នៃ​ប្រទេស​ម៉ាឡេស៊ី​បាន​អំពាវនាវ​ដល់​មេដឹកនាំ​តំបន់​អាស៊ី​អាគ្នេយ៍​ឲ្យ​រួប​រួម​គ្នា​ដើម្បី​ប្រយុទ្ធ​​នឹង​ពួក​សង្រ្គាម​សាសនា។

នៅ​ថ្ងៃ​សៅរ៍​នេះ ​លោក Najib Razak នាយករដ្ឋ​មន្រ្តី​នៃ​ប្រទេស​ម៉ាឡេស៊ី​បាន​អំពាវនាវ​ដល់​មេដឹកនាំ​តំបន់​អាស៊ី​អាគ្នេយ៍​ឲ្យ​រួប​រួម​គ្នា​ដើម្បី​ប្រយុទ្ធនឹង​ពួក​សង្រ្គាម​សាសនា។ ថ្លែងបើកសន្និសីទ​កំពូល​អាស៊ាន​លើក​ទី២៧ មេដឹកនាំ ​ដែល​ជាម្ចាស់​ផ្ទះ​រូប​នេះ​បាន​និយាយ​ថា ​លោក​បាន​កែ​ប្រែ​កំណត់​សម្គាល់ដែល​លោក​មាន​គោល​បំណង​នឹង​ធ្វើការ​ថ្លែង​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​ប្រហារ​ភេរវកម្ម​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ដោយ​ពួក​ជ្រុល​និយម​ឥស្លាម​នៅ​ក្នុង​ប្រទេស​បារាំង ​ម៉ាលី​ និង​ទី​កន្លែង​ផ្សេង​ទៀត។

​លោក​នាយករដ្ឋ​មន្រ្តី Najib ​ជា​អ្នកកាន់​សាសនា​ឥស្លាម​ ដែល​បាន​ដឹកនាំ​ប្រទេសដែល​មាន​ប្រជា​ពលរដ្ឋ​កាន់​សាសនា​ឥស្លាម​ភាគ​ច្រើន បាន​មាន​ប្រសាសន៍​ថា ​« យើង ​មិន​ត្រូវមើល​រំលង​ការ​ពិត​ដែលថា ​មនោគម​វិជ្ជានោះ​ជា​ការ​ភូតកុហក ហើយ​អំពើ​របស់​ពួក​ជ្រុល​និយមនោះ​មិនមែន​ជា​ជ័យ​ជម្នះ​របស់សាសនា​ឥស្លាម​ទេ‍»។

​លោក​នាយករដ្ឋ​មន្រ្តី​ម៉ាឡេស៊ី​បាន​ដក​ស្រង់​ព្រះ​គម្ពីរ​កូរ៉ាន់​ដើម្បី​បង្ហាញ​កំហុស​របស់​ពួក​សង្រ្គាម​សាសនា​ទាំង​នោះ​ ដើម្បី​ប្រាប់​ទៅ​សហការី​ជា​មេដឹកនាំអាស៊ាន​ថា ​ការ​និយម​ផ្លូវ​កណ្តាល ឬ wasatiyyah ​ជា​ចំណុច​សំខាន់​របស់​ឥស្លាម។

​ប្រធាន​បទ​នេះ​ក៏​បាន​ត្រូវ​ពិភាក្សា​ដែរ ​នៅពេល​ដែល​លោក​នាយករដ្ឋ​មន្រ្តី Najib ​បាន​ជួប​ជាមួយ​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​បារ៉ាក់ ​អូបាម៉ានៅ​ក្នុង​រដ្ឋ​ធានី កូឡាឡាំពួរ​កាល​ពី​រសៀល​ថ្ងៃ​សុក្រ។

​លោក​ Najibបាន​និយាយទៅ​កាន់​ពួក​អ្នក​យក​ព័ត៌មាន​បន្ទាប់​ពី​ជំនួប​នោះ​ថា «​ការណ៍​នេះ​មាន​សារៈ​សំខាន់​សម្រាប់​យើង​ដើម្បី​បង្ហាញ​នូវ​សាសានា​ឥស្លាម​ពិត​ប្រាកដ‍»។

​លោក​ប្រធានាធិបតី​អូបាម៉ា​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ថា «ម៉ាឡេស៊ី​ស្ថិត​នៅ​ជា​ផ្នែក​មួយ​របស់​ក្រុម​ចម្រុះ​ដើម្បី​ប្រយុទ្ធ​ក្រុមរដ្ឋ​ឥស្លាម‍»។