សម្តេច​តេ​ជោ ហ៊ុន ​សែន នឹង​​ចូលរួម​ក្នុង​ទិវា​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​-​អង្គរ ខួប​លើក​ទី​២០ ឆ្នាំ​២០១៥

ខេត្តសៀមរាប ៖ នៅ​ក្នុង​កិច្ចប្រជុំ​ពិសេស​ស្តី​ពី​ការ​ត្រៀម​រៀបចំ​ទិវា​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​-​អង្គរ ខួប​លើក​ទី​២០ និង​ការ​ប្រណាំង​កង់​-​អង្គរ ដើម្បី​កុមារ​ ខួប​លើក​ទី​១០ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប នា​រសៀល​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៥ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បានឱ្យ​ដឹង​ថា នៅ​ក្នុង​ទិវា​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​-​អង្គរ ខួប​លើក​ទី​២០ ដែល​នឹង​ត្រូវ​បាន​ប្រព្រឹត្តិ​ទៅ​នៅ​អង្គរវត្ត​-​សៀមរាប ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៥​ខាង​មុខ​នេះ​ នឹង​មាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចូលរួម​ថ្លែង​សុន្ទរកថា បាញ់​ស្នូរ​សញ្ញា​បញ្ជាការ​រត់ប្រណាំង និង​ចូលរួម​រត់ប្រណាំង​ជា​និមិត្តរូប​ផង​ដែរ ។

នៅ​ក្នុង​កិច្ចប្រជុំ​នេះ គេ​ឃើញ​មាន​វត្តមាន​មន្ត្រី​សំខាន់​ៗ និង​វិស័យ​ឯកជន​ដែល​ពាក់ព័ន្ធ​បាន​ចូលរួម​ជា​ច្រើន​ផង​ដែរ ។ លោកនាយ​ឧត្តមសេនីយ៍ យូ ស៊ុន​ឡុ​ង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ, លោក ឃឹម ប៊ុ​ន​សុង អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ក៏​មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ ។

នៅ​ក្នុង​ការ​បង្ហាញ​របាយការណ៍​របស់​គណៈកម្មការ​រៀបចំ​ទិវា​រត់ប្រណាំង​នេះ លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​លេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​បង្ហាញ​អំពី​គម្រោង​លម្អិត​នៃ​កម្មវិធី​ទាំងមូល ។ ជាមួយនឹង​បទ​បង្ហាញ​នេះ លោក​ឱ្យ​ដឹង​ថា មក​ដល់​ថ្ងៃ​ទី​២១ ខែវិច្ឆិកា​នេះ កីឡាករ​ដែល​បាន​ចុះ​ឈ្មោះ​រួច​មាន​ចំនួន​សរុប​៨១៧៩​នាក់ មក​ពី​៧៥​ប្រទេស ក្នុង​នោះ​កីឡាករ​ជា​ជនជាតិ​ខ្មែរ​មាន​៣៤២៥​នាក់ កីឡាករ​បរទេស​មាន​ចំនួន​៤៧៥៤​នាក់ ។

លោក​បញ្ជាក់​ថា រយៈពេល​នៃ​ការ​ចុះ​ឈ្មោះ​មិន​ទាន់​បាន​បញ្ចប់​ទេ ដូច្នេះ​រហូត​ដល់​ថ្ងៃ​បើក​ការ​រត់ប្រណាំង  កីឡាករ​ដែល​បាន​ចូលរួម​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​ខួប​លើក​ទី​២០​ឆ្នាំ​២០១៥​នេះ​នឹង​អាច​មាន​ចំនួន​សរុប​កើន​ដល់​៩​ពាន់​នាក់ ហើយ​ក្នុង​ចំនួន​នេះ​បើ​គិត​ជា​ភាគរយ​គឺ​វា​អាច​មាន​កំណើន​ពី​១៥%​ទៅ​២០% បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៤​កន្លង​ទៅ ។ ភ្ញៀវ​កីឡាករ​ដែល​មាន​ចំនួន​ច្រើន​ជាងគេ​សម្រាប់​ឆ្នាំ​២០១៥​នេះ រួម​មាន អង់គ្លេស បារាំង និង អា​មេ​រិ​ក ។

នៅ​ក្នុង​កិច្ចប្រជុំ​នោះ លោក វ៉ា​ត់ ចំរើន បានឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ចំណោម​កីឡាករ​សរុប​ទាំងនោះ​គឺ​៩០%​ជា​ប្រភេទ​កីឡាករ​ទេសចរណ៍ ។ វិញ្ញាសារ​នៃ​កម្មវិធី​រត់ប្រណាំង​នោះ​រួម​មាន ការ​ប្រណាំង​រទេះ​ជន​ពិការ​មាន​១១​គ្រឿង ចម្ងាយ​២១​គីឡូម៉ែត្រ ការ​រត់ប្រណាំង​ចម្ងាយ​២១​គីឡូម៉ែត្រ មាន​កីឡាករ​ប្រមាណ​​៣​ពាន់​នាក់ ការ​រត់ប្រណាំង​ចម្ងាយ​១០​គីឡូម៉ែត្រ មាន​កីឡាករ​ប្រហែល​២៩០០​នាក់ និង​ការ​រត់ប្រណាំង​ចម្ងាយ​៣​គីឡូម៉ែត្រ មាន​កីឡាករ​ចូលរួម​ប្រមាណ​២៤០០​នាក់ ។ 

ជា​អត្ថន័យ​ដ៏​សំខាន់​នៃ​ការ​រៀបចំ​ទិវា​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​-​អង្គរ គឺ​ឆ្ពោះទៅ​រក​ចលនា​មនុស្សធម៌ ហើយ​ជាមួយ​គ្នា​នេះ​ដែរ គឺជា​គោលដៅ​នៃ​ការ​ធ្វើ​សមាហរណកម្ម​វិស័យ​កីឡា ជា​ផលិតផល​ទេសចរណ៍ ៕