ឈ្មួញ​ឈើ​ដុះ​ស្លែ​ឈ្មោះ ភាព ដឹកឈើ​គ្រញូង​លោតឆ័ត្រ​ត្រូវ​កម្លាំងចម្រុះ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង​ដេញ​ស្ទាក់ចាប់ តែ​ទម្រាំ​នឹង​ចាប់បាន​បុក​ខ្ទេច​ឡាន​ប៉ូលិស​១​គ្រឿង​

​ខេត្តកំពង់ធំ​៖ រថយន្ត​បា​ឡែ​ន​ដឹកឈើ​គ្រញូង​ជាង​៣០​ដុំ លោតឆ័ត្រ ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ស្ទោង​ដេញ​ស្ទាក់​ចាប់បាន​នៅវេលា​ម៉ោង​២ និង​៣០​នាទី​ទាប់ភ្លឺ​ចូល​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅលើ​ចំណុច​ស្ពាន ព្រៃ​ប្រស់ ស្ថិតនៅ​ភូមិ​ព្រៃ​ប្រស់ ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។ ទោះយ៉ាងណា​មានមតិ​រិះគន់ថា ឈ្មួញ​ឈើ នេះ​មិនមែនជា​ឈ្មួញ​ថ្មីថ្មោង​នោះទេ​គេ​រកស៊ី​ដឹកឈើ​ប្រណីត​ពី​ខេត្តសៀមរាប​ឆ្លងកាត់​ខេត្តកំពង់ធំ​នេះ​ដុះ​ស្លែ​ទៅហើយ​។ ជា​ធ្ម​តា​មាន​ឈ្មួញកណ្តាល​បាន​ម៉ៅ​ផ្តាច់​រត់ការ​បង់លុយ​ឲ្យ​សមត្ថកិច្ច​គ្រប់​ជំនាញ​ឈរជើង​នៅតាម​ដងផ្លូវ ក្នុង​ខេត្តកំពង់ធំ ឈ្មោះ ខា ជា​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត និង​ឈ្មោះ​ចិន ជា​ប៉េអឹម​ខេត្តកំពង់ធំ ដើម្បី​បញ្ចៀស​ការបង្ក្រាប​ពី​សមត្ថកិច្ច​ចម្រុះ តែ​ម្តងនេះ​ទំនងជា​ឈ្មួញ​ឈើ​រូបនេះ​ដឹកឈើ​លោតឆ័ត្រ​គេចវេស​មិន​បង់​ផ្លូវ​។

​មានការ​បង្ហើប​ឲ្យ​ដឹង​ម្ចាស់​រថយន្ត​ដឹកឈើ​ខាងលើនេះ​ឈ្មោះ ភាព នៅ​ខេត្តសៀមរាប មួយរយ​ចុង​ក្រោយនេះ បាន​ដឹកឈើ​លោតឆ័ត្រ​ពុំដែល​បង់លុយ​ឲ្យ​ក្រុមមន្ត្រី​កោសរូស​តាម​ដងផ្លូវ​។ នៅ​ម៉ោងជាង​១​រំលង​អា​ធ្រា​ត្រ រថយន្ត​ដឹកឈើ​គ្រញូង នោះបាន​ធ្វើ​សកម្មភាព​នៅលើ​ផ្លូវជាតិ​លេខ​៦ ចេញ​មកពី​ខេត្ត​សៀម​រាម ដោយមាន​អ្នករាយការណ៍​ពី​សកម្មភាព​នេះ​ដល់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ទើប​លោក តុង យី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង​ប្រមូល​កម្លាំង​ចុះបង្ក្រាប​ទាំងយប់ ដោយមាន​ការបញ្ជា​ផ្ទាល់​ពី​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង​ខេត្តកំពង់ធំ ចុះ​ប្រតិបត្តិ​ការបង្ក្រាប​រថយន្ត​ដឹកឈើ​នោះបាន​ជោគជ័យ​តែម្តង​។

​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នោះ​សមត្ថកិច្ច​បានធ្វើ​ការដេញ​តាម​រហូតមកដល់​ជិត​កំពង់ថ្ម ស្រាប់តែ​រថយន្ត​នោះ​បើក​គេច​ចូល​ជ្រក​នៅក្នុង​វត្ត​ទួល វិហារ​។ ខណៈនោះ​សមត្ថកិច្ច​បាន​បើករថយន្ត​ដេញតាម ស្រាប់តែ​រថយន្ត​ដឹកឈើ​គ្រញូង បាន​បើក​គេច​ត្រឡប់ ក្រោយ រហូតមកដល់​លើ​ស្ពាន​ព្រៃ​ប្រស់ ទើប​សមត្ថកិច្ច​ដាក់​រថយន្ត​ឆ្លាម​បង្ខាំង តែ​អ្នកបើកបរ​រថយន្ត បា​ឡែ​ន​ដឹកឈើ​គ្រញូង បាន​បើក​បុក​រថយន្ត​ឆ្លាម​សមត្ថកិច្ច​ពេញទំហឹង​បណ្តាល ខូច​ខ្ទេច​រថយន្ត​សមត្ថកិច្ច​១​គ្រឿង និង​បង្ក​ឲ្យ​របួសស្រាល​ម្នាក់​។ ភ្លាមនោះ​ក្រុម​ឈ្មួញ​ដឹកឈើ​បាន​រំ​ដោះយក​តៃកុង​ទៅ​បាត់ នៅសល់តែ រថយន្ត​បា​ឡែ​ន​ដឹកឈើ​គ្រញូង​ពាក់​ស្លាក​លេខ​ភ្នំពេញ 2A-4578 ត្រូវ​សមត្ថកិច្ច​ចាប់បញ្ជូន​ទៅកាន់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង ដើម្បី​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​មក​ផ្តន្ទាទោស​តាមច្បាប់​៕ ​

KA-21-11-2015-51 KA-21-11-2015-52 KA-21-11-2015-50 KA-21-11-2015-53