​តើ​ក្នុង​ស្ថានភាព​ណា​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​អាច​ចេញដំណើរ​ទៅ​ដើរ​លេង​បាន​?

​តើ​ក្នុង​ស្ថានភាព​ណា​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​អាច​ចេញដំណើរ​ទៅ​ដើរ​លេង​បាន​?

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ អ្នក​ត្រូវ​តែ​ត្រៀម​ឱ្យបាន​គ្រប់គ្រាន់​មុននឹង​ចេញដំណើរ​ទៅ​កន្លែង​ដែល​ឆ្ងាយ ព្រោះ​ដើម្បី​សុវត្ថិភាព​អ្នក និង​កូន ដូចនេះ​តើ​មុននឹង​ទៅ​កន្លែង​ដែល​ឆ្ងាយ តើ​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ធ្វើ​ដូចម្តេច​?
 

​មាន​អ្នក​កំដរ​
នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ អ្នក​ត្រូវ​តែមាន​អ្នក​កំដរ​ទើប​អាច​ចេញដំណើរ​ទៅ​ឆ្ងាយ​បាន ព្រោះ​ចៀសវាង​នៅពេល​ដែល​អ្នក​មាន​បញ្ហា មាន​អ្នក​អាច​ជួយ​ទាន់​ពេលវេលា​។​

ពេលវេលា​ច្រើន​
នៅពេល​ដែល​អ្នក​មាន​កូន​ក្នុង​ផ្ទៃ អ្នក​មិន​ត្រូវ​ទៅ​ដើរលេង​តាម​ក្រុមហ៊ុន​ទេសចរណ៍​នោះ​ទេ ព្រោះ​គេ​ប្រើ​ពេលវេលា​ខ្លី​ដើម្បី​បញ្ចប់​ដំណើរ​កម្សាន្ត ដូចនេះ​អ្នកនឹង​គ្មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​សម្រាក​ឡើយ ជាពិសេស​អ្នកនឹង​អាច​ជិះ​លើ​ឡាន​យូរ ជា​ហេតុ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ខ្លាំងណាស់ ដូចនេះ​យក​ល្អ អ្នក​គួរតែ​ដើរ​លេង​ជា​លក្ខណៈ​គ្រួសារ​ទើប​ល្អ ហើយ​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​សម្រាក​។​

មាន​គំរោង​ច្បាស់លាស់​
អ្នក​មិន​ត្រូវ​ទៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន ហើយ​រញ៉េរញៃ​នោះទេ ជាពិសេស​នៅ​ទីក្រុង ដោយ​អ្នក​អាច​ទៅ​តាម​ខេត្ត​ដើម្បី​ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ ហើយ​មិន​ត្រូវ​ជ្រើសរើស​ផ្លូវ​ដែល​ពិបាក​ធ្វើ​ដំណើរ​ទេ ត្រូវតែ​រក​ផ្លូវ​ដែល​ងាយស្រួល ទើប​មិន​ប៉ះពាល់​ដល់​អ្នក និង​កូន​ក្នុង​ផ្ទៃ​។​

ពិនិត្យ​សុខភាព​
នៅ​មុនពេល​ដែល​អ្នក​ចេញ​ដំណើរ អ្នក​ត្រូវ​តែ​ទៅ​ពិនិត្យ​សុខភាព ហើយ​និយាយ​ប្រាប់​ពី​គំរោង​ទាំងអស់​របស់​អ្នក​ដល់​គ្រូពេទ្យ ដើម្បី​សុំ​យល់​ប​ល់ពី​គាត់ ទើប​អាច​ចេញដំណើរ​បាន​។​

ថ្នាំ​
មុនពេល​ដែល​អ្នក​ចេញ​ដំណើរ អ្នក​គួរតែ​ឱ្យ​គ្រូពេទ្យ​ចេញ​ថ្នាំ​ដែល​ត្រូវ​នឹង​សុខភាព​អ្នក​ដល់​អ្នក ដូចជា ៖ ថ្នាំ​រាក និង​ក្អួត​ជាដើម ដើម្បី​ចៀសវាង​ពេល​អ្នក​បរិភោគ​អាហារ​ដែល​ខុស អ្នក​មាន​ថ្នាំ​សម្រាប់​ពិសារ ហើយ​ថ្នាំ​ដែល​ទាក់ទង​នឹង​រំលាយ​អាហារ បើ​អ្នក​មាន​អា​ការៈនេះ នោះ​អ្នក​នឹងមាន​ថ្នាំ​សម្រាប់​ព្យាបាល​បាន​ទាន់ពេល​។​

របស់​ផ្សេងទៀត​
អ្នក​មិន​ត្រូវ​យក​វ៉ា​លី​ទៅ​ច្រើន​នោះទេ ជាពិសេស​មិន​ត្រូវ​ពាក់​ស្បែកជើង​កែង​ឡើយ ហើយ​ត្រូវតែ​ស្លៀកពាក់​ខោអាវ​ដែល​រលុង ម្យ៉ាងទៀត​ពេល​ដែល​បរិភោគ​អាហារ​ផ្សេងៗ​ត្រូវតែ​ប្រយ័ត្ន​ពី​អនាម័យ ហើយ​នៅពេល​ដែល​មិន​ស្រួល ត្រូវតែ​រក​គេ​ឱ្យ​ជួយ​ភ្លាម​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។