​អ្នក​វិទ្យាសាស្ត្រ​​រក​ឃើញ​​មនុស្ស​​​នៅ​មាន​វិញ្ញាណ​ក្រោយ​​ស្លាប់


​អ្នក​វិទ្យាសាស្ត្រ​​រក​ឃើញ​​មនុស្ស​​​នៅ​មាន​វិញ្ញាណ​ក្រោយ​​ស្លាប់

 ​លោក​អ្នក​ប្រហែល​ជា​ធ្លាប់​មាន​មន្ទិល​ថា តើ​មនុស្ស​ដែល​ស្លាប់​ទៅ​ហើយ ​អាច​នៅ​មាន​វិញ្ញាណ​ដឹង​ថា​ខ្លួន​ឯង​ស្លាប់ ឬ​យ៉ាង​ណា? បើ​តាម​ប្រជាជន​ខ្មែរ​មួយ​ចំនួន​ជឿជាក់​ថា​ អ្នក​ស្លាប់​អាច​នៅ​ដឹង​ខ្លួន​បាន​រយៈពេល ៧​ថ្ងៃ ដោយ​នៅ​ក្បែរ​ៗ​រូប​កាយ​ខ្លួន​ឯង​គ្រាន់​តែ​យើង​មិន​អាច​មើល​ឃើញ។ ទោះ​យ៉ាង​ណា ពេល​នេះ​អ្នក​វិទ្យាសាស្ត្រ​បាន​បញ្ចេញ​ភស្តុតាង​មួយ​ចំនួន បង្ហាញ​ថា​មនុស្ស​បាត់បង់​ជីវិត​ហើយ នៅ​តែ​ដឹង​ខ្លួន​បន្ត​ទៀត។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ដ៏​ធំ​បំផុត មិន​ធ្លាប់​មាន​ពី​មុន​មក។ ​


​អ្នក​វិទ្យាសាស្ត្រ​​រក​ឃើញ​​មនុស្ស​​​នៅ​មាន​វិញ្ញាណ​ក្រោយ​​ស្លាប់

ការ​​ធ្វើ​ពិសោធន៍​​របស់​អ្នក​វិទ្យាសាស្រ្ត​ (រូបតំណាង)

​​​

ក្រុម​អ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម​នៅ​សាកលវិទ្យាល័យ Southampton របស់​ចក្រភពអង់គ្លេស បាន​ចំណាយ​ពេល ៤ឆ្នាំ ធ្វើ​ពិសោធន៍​ទៅ​លើ​មនុស្ស​ជាង ២០០០​នាក់ ដែល​ធ្លាប់​ជួប​ប្រទះ​បញ្ហា​បេះ​ដូង​លែង​ដំណើរ​ការ “ភ្លឹក” ក្នុង​មន្ទីរពេទ្យ១៥ ​នៃ​ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក និង​អូទ្រីស។ លទ្ធ​ផល​បង្ហាញ​ថា ៤០% នៃ​អ្នក​រស់​ឡើង​វិញ​បាន​រៀប​រាប់​ថា​ពួក​គេ​អាច​នៅ​​ដឹងអ្វី​ៗ​ នៅ​ពេល​បេះដូង​ឈប់​ដំណើរ​ការ។

 

ពេល​នេះ អ្នក​ជំនាញ​ជឿជាក់​ថា ក្រោយ​ពេល​បេះដូង​លែង​ដើរ ២០ ទៅ ៣០​វិនាទី ទើប​ខួរក្បាល​ឈប់​ដំណើរ​ការ​ទាំង​ស្រុង ហើយ​ក្នុង​ចន្លោះ​ពេល​នោះ អ្នក​ស្លាប់​នៅ​តែ​អាច​ដឹង​រឿង​គ្រប់​យ៉ាង​ដែល​កើត​ឡើង។ ​ប៉ុន្តែ​ការ​សិក្សា​ថ្មី​មួយ​ទៀត​របស់​អ្នក​វិទ្យាសាស្ត្រ បាន​បង្ហាញ​ភស្តុតាង​ថា​អ្នក​ធ្លាប់​ភ្លឹក បេះដូង​លែង​ដើរ អាច​ដឹង​រឿង​ដែល​កើត​ឡើង​រហូត​ដល់​ទៅ ៣​នាទី។

 

បុរស​ម្នាក់​បាន​និយាយ​ថា ​ពេល​​អ្នក​ផ្សេង​គិត​ថា​លោក​ស្លាប់​ព្រោះ​បេះដូង​លែង​ដើរ​ហើយ​នោះ លោក​បាន​ឃើញ​សកម្មភាព​គ្រប់​យ៉ាង​របស់​មនុស្ស​នៅ​ជុំវិញ​ខ្លួន ហើយ​ថែម​ទាំង​បាន​ឃើញ​ព្រលឹង​ខ្លួន​ឯង​ហោះ​ចេញ​ពី​ខ្លួន​ទៅ​​ជ្រុង​ម្ខាង​នៃ​បន្ទប់ ប៉ុន្តែ​ក្រោយ​មក​លោក​បាន​ដឹង​ខ្លួន​ឡើង​វិញ។ បុរស​វ័យ ៥៧​ឆ្នាំ បាន​រៀប​រាប់​យ៉ាង​លម្អិត​ពី​សកម្មភាព​ជួយ​សង្គ្រោះ​របស់​បុគ្គលិក​មន្ទីរពេទ្យ និង​រៀបរាប់​ពី​សំឡេង​ម៉ាស៊ីន​លាន់​ឮឡើង ក្នុង​រយៈពេល ៣​នាទី ​ដែល​លោក​ភ្លឹក​បេះដូង​លែង​មាន​ចលនា។ អ្វី​ដែល​បុរស​ខាង​លើ​នេះ​រៀបរាប់ គឺ​ដូច​ទៅ​នឹង​សកម្មភាព​ជាក់​ស្ដែង​ដែល​បាន​កើតឡើង។

 

វេជ្ជបណ្ឌិត Sam Parnia នៅ​សាកលវិទ្យាល័យ New York ​ដែល​ជា​អ្នក​ដឹកនាំ​ការ​ស្រាវជ្រាវ បាន​និយាយ​ថា “យើង​សុទ្ធ​តែ​ដឹង​ហើយ ខួរក្បាល​មិន​អាច​ដំណើរ​ការ​ទេ ពេល​បេះដូង​លែង​លោត។ ប៉ុន្តែ​ក្នុង​ករណី​នេះ ការ​ដឹង​ខ្លួន​បាន​បន្ត​រហូត​ដល់ ៣​នាទី ពេល​បេះ​ដូង​លែង​លោត​ទៅ​ហើយ។ បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ជាទូទៅ​ខួរ​ក្បាល​ឈប់​ដំណើរ​ការ​ពី ២០ ទៅ ៣០​វិនាទី ក្រោយ​ពេល​បេះដូង​ឈប់​ធ្វើ​ចលនា”។ ​​​​

 

​អ្នក​វិទ្យាសាស្ត្រ​​រក​ឃើញ​​មនុស្ស​​​នៅ​មាន​វិញ្ញាណ​ក្រោយ​​ស្លាប់

រូប​តំណាង

ការ​សាកសួរ​ទៅ​លើ​មនុស្ស ៣៣០​នាក់ ដែល​ធ្លាប់​ភ្លឹក​ហើយ​រស់​ឡើង​វិញ មាន ១៤០​នាក់​និយាយ​ថា​គេ​អាច​ដឹង​រឿង​គ្រប់​យ៉ាង ពេល​ភ្លឹក​ទៅ​ហើយ។ ម្នាក់​ក្នុង​ចំណោម​ប្រាំ​នាក់ បាន​និយាយ​ថា​ពួកគេ​មាន​អារម្មណ៍​សុខ​ស្រួល​ខុស​ពី​ធម្មតា ខណៈ​ជិត​មួយ​ភាគ​បី​បាន​រៀបរាប់​ថា​ពេលវេលា​ដូច​ជា​ដើរលឿន ឬ​យឺត​ខុស​ពី​ការ​ពិត។ អ្នក​ខ្លះ​បាន​និយាយ​ថា​ឃើញ​ភ្លើង​ភ្លឺ​ចិញ្ចាច ឃើញ​ពន្លឺ​ពណ៌​មាស ឬ​ឃើញ​ព្រះអាទិត្យ​រះ​ជា​ដើម។ អ្នក​ផ្សេង​ទៀត មាន​អារម្មណ៍​ភ័យ​ខ្លាច មាន​អារម្មណ៍​ថា​កំពុង​នៅ​ក្នុង​ជម្រៅ​ទឹក​ដ៏​ជ្រៅ។ ចំណែក ១៣​ភាគរយ បាន​បញ្ជាក់​ថា​ពួក​គេ​មាន​អារម្មណ៍​បែក​ចេញ​ពី​ខ្លួន និង​ក្នុង​ភាគ​រយ​ដូច​គ្នា​បាន​និយាយ​ថា ព្រលឹង​ពួក​គេ​បាន​ហោះ​ខ្ពស់​ឡើង។

 

ការ​សិក្សា​ស្រាវជ្រាវ​របស់​វេជ្ជបណ្ឌិត Sam Parnia និង​ក្រុម​ការងារ ​បាន​ទទួល​ការ​សាទរ​យ៉ាង​ខ្លាំង ចំពោះ​ភាព​ជោគជ័យ​ដែល​​អាច​គាស់​កកាយ​ថា​មាន​អ្វី​កើត​ឡើង​ក្រោយ​ពេល​ដែល​យើង​ស្លាប់​ហើយ។

 

ចុះ​ប្រិយ​មិត្ត​ជឿ​ទេ​ថា​ ពេល​ស្លាប់​ហើយ​មនុស្ស​នៅ​តែអាច​ដឹង​ខ្លួន?​​

 

ចុចអាន៖ ជំនឿ​នៅ​ចិន បោះ​លុយ​ចូលអណ្តូង​ទឹក​ក្នុង​ប្រាសាទ​សេះ​ស​អាច​នាំ​សំណាង

 

ប្រែ​សម្រួល៖ គង់ វិសាល

ប្រភព៖ telegraph