ក្រសួង​មហាផ្ទៃ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​យក​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​ដែល​ខូច​ទៅ​ប្ដូរ​យក​ថ្មី

អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​នៃ​ក្រសួង​មហាផ្ទៃ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​សន្លឹក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​របើក​ខូច ឲ្យ​ទៅ​ទំនាក់ទំនង​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ឬ​អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ខណ្ឌ ដែល​ខ្លួន​កំពុង​រស់នៅ ដើម្បី​សុំ​ប្ដូរ​ថ្មី​ជូន​ថ្មី​វិញ ដោយ​មិន​តម្រូវ​ឲ្យ​បង់​ថ្លៃ​អាករ និង​បង់​ថ្លៃ​សេវា​ឡើយ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​នៃ​ក្រសួង​មហាផ្ទៃ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា បាន​ប្រកាស​ថា ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារៈ​សម្រាប់​ផលិត​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ បាន​សហការ​គ្នា​ធ្វើ​ការ​ត្រួត​ពិនិត្យ​លើ​គុណភាព​សន្លឹក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី ដែល​បាន​បោះពុម្ព​ចែក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ក្នុង​អំឡុង​ឆ្នាំ​២០១៤ បាន​រក​ឃើញ​ថា មាន​សន្លឹក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​មួយ​ចំនួន គុណភាព​មិន​គ្រប់​តាម​ស្តង់ដារ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​របើក​ខូច​ជា​អន្លើ។

អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​នៃ​ក្រសួង​មហាផ្ទៃ កន្លង​មក បាន​ប្រកាស​ថា អគ្គនាយកដ្ឋាន​រំពឹង​ថា នឹង​អាច​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី​ជូន​ពលរដ្ឋ​បាន​ប្រមាណ ៧​លាន​ប័ណ្ណ នៅ​ត្រឹម​ឆ្នាំ​២០១៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។