កាំភ្លើង​កែ​ច្នៃ​រៀលកៃ ត្រូវ​ប្រពន្ធ​ស្លាប់​ក្នុង​ខ្ទម​ចម្ការ ដោះ​លែង​ប្តី​ឱ្យ​មើល​កូន

ខេត្តរតនគិរី ៖ ស្ត្រី​ជនជាតិភាគតិច​ម្នាក់​បាន​ស្លាប់​ ដោយសារ​កាំភ្លើង​កែ​ច្នៃ​របស់​ប្តី​ រៀលកៃ​ត្រូវ កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១៨ ខែវិច្ឆិកា នៅ​ខ្ទម​ចាំចម្ការ​ក្នុងភូមិ​ចា​អ៊ុ​ង​កៅ ឃុំ​ចា​អ៊ុ​ង ស្រុក​អូរ​ជុំ ។ ក្រោយ​ពី​កើតហេតុ នៅថ្ងៃ​ទី​១៩ ខែវិច្ឆិកា វេលា​ម៉ោង​២​រសៀល ទើប​សមត្ថកិច្ច​បានដឹង​តាម​រយៈ​លោក​មេ​ភូមិ ហើយ​នគរបាល​ស្រុក​អូរ​ជុំ និង​ប៉ុស្តិ៍​ចា​អ៊​ង ចុះ​ទៅ​ត្រួតពិនិត្យ​សព​ស្ត្រី​រង​គ្រោះ ។

មន្ត្រី ​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ សំ បិ​ប អាយុ​១៩​ឆ្នាំ ជា​ជនជាតិ​ទំពួន ប្តី​ឈ្មោះ អឿ​ន ស្វេ​ក អាយុ​២៩​ឆ្នាំ ជនជាតិ​គ្រឹ​ង ជា​កសិករ និង​មានកូន​២​នាក់​(​ស្រី​១​ប្រុស​១) កូន​បង​អាយុ​២​ឆ្នាំ កូន​ប្អូន​អាយុ​៨​ខែ ។ តាម​ការ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​គ្រាប់កាំភ្លើង​កែ​ច្នៃ​១​គ្រាប់​ចំ​កំប៉េះគូទ​ ខាងស្តាំ​ធ្លាយ​ទៅ​ប្លោក​នោម​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​។

ក្រោយ​ ពី​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ប្តី​នាំ​មក​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ចា​អ៊ុ​ង និង​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា នៅ​មុន​ពេល​កើតហេតុ គាត់​និង​ប្រពន្ធ ព្រមទាំង​កូន​ទាំង​២​នាក់ មើល​ទូរទស្សន៍​នៅផ្ទះ​អ្នក​ជិតខាង​។ លុះ​ពេល​មើល​ចប់​នៅ​ម៉ោង​១០​យប់ ក៏​នាំ​គ្នា​ត្រ​ទ្ប​ប់​មក​ដល់​ផ្ទះ​ដេក ដោយ​ខ្លួន​បាន​រៀបចំ​ចង​មុង ហើយ​កាំភ្លើង​កែ​ច្នៃ​ពាក់​ព្យួរ​នៅ​ជញ្ជាំង​ចុងជើង តែ​ពេល​តោង​ចង​មុង​ក៏​ធ្លាក់​កាំភ្លើង​កែ​ច្នៃ​នោះ​បណ្តាល​ឱ្យ​ផ្ទុះ​ត្រូវ​ ប្រពន្ធ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

បុរស​ជា​ប្ដី​និយាយ​ថា កាំភ្លើង​នេះ​គឺ​ខ្លួន​កែ​ច្នៃ​ធ្វើ​ដោយ​ខ្លួនឯង ។ តាម​ការ​ត្រួតពិនិត្យ​កាំភ្លើង​កែ​ច្នៃ​នេះ​បង្ហាញ​ថា ចំពោះ​គ្រាប់កាំភ្លើង​គឺ​ប្រើប្រាស់​រំសេវ​ឈើគូស​ទុក​សម្រាប់​បាញ់​សត្វ ។

លោក ងួ​ន គឿ​ន ស្នងការ​នគរបាល​ខេត្ត​ថ្លែង​ថា បុរស​ជា​ប្តី​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន តែ​ដោយ​មានការ​ឯកភាព​ពី​លោក ជា សុ​ភ័ក្ត្រ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ក៏​បាន​ដោះ​លែង​ជា​បណ្តោះអាសន្ន​ឱ្យទៅ​ធ្វើ​បុណ្យសព​ប្រពន្ធ និង​ថែទាំ​កូន​តូច​ចំនួន​២​នាក់ ចាំ​ដល់​ថ្ងៃ​បើក​សវនាការ​ទើប​ឱ្យ​សមត្ថកិច្ច​នាំ​ខ្លួន​មក​តុលាការ​ចាត់ការ ​តាម​នីតិវិធី ។

លោក ពៀន សុវណ្ណ​នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ចា​អ៊ុ​ង បានឱ្យ​ដឹង​ថា​តំប​កើតហេតុ​ជា​ភូមិសាស្ត្រ​ដាច់ស្រយាល​គ្មាន​ប្រព័ន្ធ​ ទូរស័ព្ទ​ទាក់ទង​គ្នា​បាន​ទេ ហើយ​ផ្លូវ​ក៏​ពិបាកធ្វើ​ដំណើរ​ទៀត ។ ជាក់ស្តែង គ្រួសារ​ខាងលើ​ដែល​រង​គ្រោះ​ដោយ​កាំភ្លើង​កែ​ច្នៃ​រៀលកៃ​ត្រូវ​ប្រពន្ធ​ ស្លាប់​នោះ សមត្ថកិច្ច​ទម្រាំ​បានដឹង​រឿង គឺ​គ្រោះថ្នាក់​យប់​ថ្ងៃ​ទី​១៨ វិច្ឆិកា ហើយ​រហូត​ដល់​ថ្ងៃ​ទី​១៩ វិច្ឆិកា ម៉ោង​២​រសៀល ទើប​ដឹង ។

សមត្ថកិច្ច បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​សូមកុំ​ប្រើប្រាស់​កាំភ្លើង​កែ​ច្នៃ​យក​ទៅ​ បាញ់​សត្វព្រៃ​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ខ្លួន និង​ក្រុម​គ្រួសារ​ព្រោះ ទី​១-​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ទី​២-​បរបាញ់​សត្វព្រៃ​ខុសច្បាប់ គឺ​សុទ្ធតែ​មានទោស​ទាំងអស់ ៕

កាំភ្លើង​កែ​ច្នៃ​រៀលកៃ ត្រូវ​ប្រពន្ធ​ស្លាប់​ក្នុង​ខ្ទម​ចម្ការ ដោះ​លែង​ប្តី​ឱ្យ​មើល​កូន

កាំភ្លើង​កែ​ច្នៃ​រៀលកៃ ត្រូវ​ប្រពន្ធ​ស្លាប់​ក្នុង​ខ្ទម​ចម្ការ ដោះ​លែង​ប្តី​ឱ្យ​មើល​កូន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត