ស្រវឹងស្រា​បើក​រ៉ឺ​ម៉ក​ម៉ូតូ​បុក​ខឿន​ក្រឡាប់​បែក​មុខ​បែក​មាត់

​​រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ​បើក​រ៉ឺ​ម៉ក​ម៉ូតូ​រេ​​ចង្កូតពេញ​ផ្លូវ​ទៅ​បុក​ខឿន​ចិញ្ចើម​ផ្លូវ បណ្តាល​ឲ្យ​ក្រឡាប់​រ៉ឺ​ម៉ក​ម៉ូតូ​​ធ្លាក់​ពីលើ​ម៉ូតូ​បែក​មុខ​បែក​មាត់ កាលពី​នៅ​វេលា​ម៉ោង​២​និង​៤០​នាទី​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ​វិច្ឆិកា តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី នៅ​​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ​។

សាក្សី​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​ម្នាក់​បើក​រ៉ឺ​ម៉ក​ម៉ូតូ ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​ធ្វើ​ដំណើរ​រេ​​ចង្កូតពេញ​ផ្លូវ​ទិស​ដៅ​ពី​កើត​ទៅ​លិច ​លុះ​មក​ដល់​ចំណុច​​កើត​ហេតុ​ក៏​រេ​ចង្កូត​ទៅ​បុក​ឡើង​លើ​ខឿន​ចិញ្ចើម​ផ្លូវ​បណ្តាល​ឲ្យ​រ៉ឺ​ម៉ក​ក្រឡាប់​ហើយ​អ្នកបើកបរ​ធ្លាក់​ពីលើ​ម៉ូតូ​ដួល​បែក​មុខ​បែក​មាត់​រង​របួស​យ៉ាងដំណំ  ។

ក្រោយ​ពេល​កើតហេតុ​ មាន​រថយន្ត​សង្គ្រោះ​ទៅ​ដឹក​យក​ទៅ​ព្យាបាលមិន​ព្រម​ឡើង​រថយន្ត ​រង់ចាំ​បងប្អូន​​មក​ដឹក​​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​មិន​បាន​និយាយ​ស្តី​អ្វី​ទាំងអស់​គិតតែ​ពី​អង្គុយ​ឱន​មុខ​ចុះ​ ៕