ចេញពី​ក្លឹ​ប​ដេញ​កាប់​គ្នា​​​របួសម្នាក់​ សមត្ថ​កិច្ច​ផ្ទុះអាវុធ​មួយ​គ្រាប់ភ័យ​ពេក​ជិះ​ម៉ូតូ​ទៅ​បុក​រថយន្ត​របួស​ម្នាក់ទៀត

រាជ​​ធានីភ្នំពេញ ៖ ស្នូរ​ផ្ទុះអាវុធ​មួយ​គ្រាប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ បន្ទាប់​ពី​យុវជន​២​ក្រុម​ដេញ​វាយគ្នា​បណ្តាល​ឲ្យ​រង​របួស​២​នាក់​ និង​បន្សល់​ទុក​ម៉ូតូ​៤​គ្រឿង ​កាល​ពី​វេលា​ម៉ោង​១០​ និង​៤០​នាទី​យប់ ​ថ្ងៃ​ទី​២១ ​វិច្ឆិកា នៅ​ចំណុច​មុខ​ខារ៉ាអូខេ echo ស្ថិត​នៅ​ភូមិ​៦ ផ្លូវ​១៧៣ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​យុវជន​២​ក្រុម​បាន​ដេញ​វាយ​គ្នា​ប្រសាចពេញ​ផ្លូវ​បណ្តាល​ឲ្យ​រង​របួស​ម្នាក់ ស្រប​ពេល​នោះ​សមត្ថកិច្ច​ទៅ​ដល់​ផ្ទុះអាវុធ​មួយ​គ្រាប់​ធ្វើឱ្យក្រុម​ដែល​ដេញ​វាយ​គ្នា​នោះ​ភ័យ​ស្លន់ស្លោ​រត់​ចោល​ម៉ូតូ​៣​គ្រឿង​នៅ​កន្លែង​កើតហេតុ និង​មាន​ម៉ូតូ​ឃ្លី​កមួយ​គ្រឿង​ទៀត​ជិះ​គ្នា​៣​នាក់​ភ័យ​ស្លន់​បាន​ជិះ​ទៅ​បុក​រថយន្ត​កាម​រី​បា​ឡែ​នមួយ​គ្រឿង​ទៀត​ដែល​ចត​នៅ​ក្បែរ​នោះ​បណ្តាល​ឲ្យ​ដួល​បោក​នឹង​ស្លាក​ខារ៉ាអូខេ​អេកូ​ដែល​ដាក់​នៅ​លើ​សួនច្បារនៅ​តាម​ចិញ្ចើម​ផ្លូវ​របួសបាក់ជើង​ខាងស្តាំ ។

អ្នក​រង​របួស​មានឈ្មោះ ប៊ុ​ន បញ្ញា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ប្រជា​ការពារ​ភូមិ ស្នាក់​នៅផ្ទះ​លេខ​២១៤ ផ្លូវ​៣៥៨ ស្ថិត​នៅ​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន របួស​មួយកាំបិត​រយះ​ថ្ងាស​ចំ​ពីមុខ។ ជន​រង​គ្រោះ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​រូបគេ​មាន​គ្នា​៣​នាក់​ចេញពី​ថប​ក្លឹ​ប ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​២០១៥ ពណ៌​ខ្មៅ មួយ​គ្រឿង ស្រាប់តែ​មាន​ជន​មួយ​ក្រុម​ជិត១០​នាក់​ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង​បាន​ដេញ​តាម​កាប់​ពួក​គេ​បណ្តាល​ឲ្យ​រង​របួស​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ចំណែក​មិត្ត​ភ​ក្កិ​២​នាក់​ទៀត​មិន​មាន​រង​របួស​បាន​គេចខ្លួន​ទៅ​បាត់​អស់ ។

ឈ្មោះ ប៊ុ​ន  បញ្ញា បាន​អះអាង​ថា អ្នក​ដែល​រង​របួសជិះ​ម៉ូតូ​បុក​រថយន្ត​ក៏​ជា​បក្សពួក​របស់​ជន​បង្ក​ដែល​វាយ​រូបគេ​ដែរ ​មានឈ្មោះ ជុំ ប្រសើរ ភេទ​ប្រុស អាយុ​១៧ ឆ្នាំ​មុខរបរ​សិស្ស ថ្នាក់​ទី​៩ នៅ​វិទ្យាល័យ​ជា​ស៊ី​ម​សាមគ្គី ស្នាក់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បាក់ជើង​ខាងស្តាំ ជិះ​ម៉ូតូ​ឃ្លី​ក ព​ណ៍​ខ្មៅ​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ ១AO ៣០៦០ ​៕