​បើក​​រថយន្ត​ប្រ​ជែង​គ្នា​បណ្តាល​ឱ្យ​រថយន្ត​​ទាំង​២គ្រឿង​កៀប​ជាប់​គ្នា​

​រាជ​ធានី​ភ្នំពេញ ៖ បើកបរ​ជែង​គ្នា​អត់​ផុត​រថយន្ត​កូ​រ៉ូ​ឡា​កៀប​ជាប់​រថយន្ត​ដឹក​ទំនិញ​របស់​ក្រុមហ៊ុន​១​បើក​ទៅ​មុខ​អត់​រួច ទាល់តែ​លើក​បង្ហើប​រថយន្ត​កូ​រ៉ូ​ឡា​ទាញ​ចេញ​កាល​ពី​វេលា​ម៉ោង​៩​​និង១៥​​យប់​ថ្ងៃ​ទី​២១​ ខែ​វិ​ច្ឆិ​កា ស្ថិត​តាម​បណ្តោយ​ផ្លូវវេ​ង​ស្រេង ត្រង់​ចំណុច​ថ្លឹង​ឡាន​ស្ទឹង​មាន​ជ័យ​ទី​១​ ក្នុងភូមិ​ដំណាក់​ធំ​ទី​២​ សង្កាត់​ស្ទឹង​មាន​ជ័យ​ខណ្ឌមានជ័យ ។

រថយន្ត​បង្ក​ម៉ាក FUSO ព​ណ៍​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-2240 ជា​រថយន្ត​សណ្តោងរ៉ឺ​ម៉ក​ដឹក​ទំនិញ​របស់​ក្រុមហ៊ុន១ ។ ចំណែក​រថយន្ត​រង​គ្រោះ​ម៉ា​កកូ​រ៉ូ​ឡា ព​ណ៌​សម្បក​​ឪឡឹក ពាក់​ស្លាក​លេខ​ភ្នំពេញ​2A-0903 ម្ចាស់​រថយន្ត​​ឈ្មោះ អាង ច​ន្ធី ភេទ​ប្រុស អាយុ​៤៥​​ឆ្នាំ ​ជា​បុគ្គលិក​អង្គការ​លី​កាដូ មាន​ទីលំនៅ​ភូមិ​តា​ង៉ូ​វ សង្កាត់​និ​រោធ​ខណ្ឌ​ច្បារ​អំពៅ ជិះ​ក្នុង​រថយន្ត​មាន​គ្នា​៣​នាក់​ (ស្រី​២​នាក់​)​ ។

តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់​រថយន្ត​កូ​រ៉ូ​ឡា​បានឱ្យ​​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ រូប​គាត់​​​បើក​​រថយន្ត​​មក​​​​ពី​លេង​ផ្ទះ​ឪពុក​ម្តាយ​គាត់​នៅ​ភូមិ​កំ​បូល សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រួច​ហើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ បើកបរ​តាម​ផ្លូវ​វេ​ង​ស្រេងក្នុង​ទិស​ដៅ​ពីរ​លិចទៅ​កើត​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ បាន​បើក​វ៉ា​ជែង​រថយន្ត​​​ដឹក​ទំនិញ​​ខាងស្តាំ​ផុត​ខណៈ​ពេល​ដល់​ចំណុច​ថ្លឹង​​រថយន្ត​មាន​ច្រក​ផ្លូវ​សម្រាប់​តែ​រថយន្ត​មួយ​គ្រឿង ទើប​ធ្វើ​ឱ្យ​រថយន្ត​បង្ក​ខំ​វ៉ា​​​ជែង​ខាងឆ្វេង​រថយន្ត​​របស់​គាត់​បណ្តាល​ឱ្យ​​បុក​រះ​ទ្វារ​រថយន្ត​​
​ក្រពឹត​ទ្វារ​ខាងឆ្វេង​ទាំង​មុខ​និង​ក្រោយ​​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ ​ម្ចាស់​​​កូ​រ៉ូ​ឡា​ទាមទារ​សំណង​១០០​ដុល្លារ តែ​រថយន្ត​បង្ក​មិន​ព្រម​សង​ដោយ​សំអាង​ថា ​ជា​ផ្លូវ​អាទិភាព​ដូច​គ្នា ។ រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​សមត្ថកិច្ច​ចុះ​ទៅ​​ដល់​កន្លែង​កើតហេតុ​ ​​វាស់វែង​​រួច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ ៕