អ្នកគ្រូ​ក្រមុំ​បង្រៀន​ភាសា​អង់គ្លេស​ត្រូវ​សង្សារ​ចាក់​សម្លាប់

អ្នកគ្រូ​ក្រមុំ​បង្រៀន​ភាសា​អង់គ្លេស​ត្រូវ​សង្សារ​ចាក់​សម្លាប់

ខេត្តកណ្តាល ៖ អ្នកគ្រូ​ក្រមុំ​ស្រស់​សោភា​ម្នាក់​បង្រៀន​នៅ​សាលា​ឯកជន​ប៊ែ​ល​ធី សាខា​ក្រុង​តា​ខ្មៅ ត្រូវ​ឃាតករ​ចាក់​ច្រើន​កាំបិត សម្លាប់​ក្នុង​រូបភាព​យ៉ាង​សាហាវព្រៃផ្សៃ នៅ​ក្បែរ​ដីចំការ​ជា​កន្លែង​ស្ងាត់​ចុង​ភូមិ​ស្វាយ​តានី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ។

សព​អ្នកគ្រូ​ត្រូវ​បាន​អ្នក​ភូមិ​ទៅ​ធ្វើ​ចម្ការ​ប្រទះ​ឃើញ កាលពី​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​២០ វិច្ឆិកា និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​។

មន្ត្រី​នគរបាល​ស្រុក​ស្អាង ដែល​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា អ្នកគ្រូ​រង​គ្រោះ​ឈ្មោះ ផែន សុធា​វី អាយុ​២៣​ឆ្នាំ ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស នៅ​សាលារៀន​ប៊ែ​ល​ធី នៅ​ក្រុង​តា​ខ្មៅ មានស្រុក​កំណើត​នៅ​ភូមិ​សំប៉ាន​លើ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ។ នៅ​ព្រឹក​ថ្ងៃ​ទី​២០ វិច្ឆិកា នគរបាល​ទទួល​ព័ត៌មាន​ថា មាន​ប្រជាជន​ទៅ​ធ្វើ​ចម្ការ បាន​ប្រទះ​ឃើញ​សព​ដេក​ស្លាប់​នៅ​ក្បែរ​ផ្លូវលំ​ទៅ​ចម្កា អ្នក​ភូមិ ។

ក្រោយ​ពី​ទទួល​ព័ត៌មាន​នេះ​ភ្លាម នគរបាល​ស្រុក និង​នគរបាល​ជំនាញ​ខេត្ត បាន​ទៅ​ពិនិត្យ​សព​ឃើញ​ថា សព​អ្នកគ្រូ​រង​គ្រោះ​ត្រូវ​ឃាតករ​សម្លាប់​ក្នុង​ចន្លោះ​ពី​ម៉ោង​៩​ទៅ​១១​យប់ ថ្ងៃ​ទី​១៩ វិច្ឆិកា ។ សព​មាន​ស្នាម​ចាក់​ដោយ​កូនកាំបិត​លើ​ដងខ្លួន​ច្រើន​កន្លែង ស្ទើរ​សុះសាច់​ពី​ខាង​មុខ ។ សព​ស្លៀកខោ​ខូ​វ​ប៊​យ​ជើងវែង និង​ពាក់អាវ​យឺត​ដៃ​វែង មាន​កាបូប​មួយ​នៅ​ស្ពាយ​ពីក្រោយ​ខ្នង និង​មាន​ស្បែកជើង​ពាក់​ជាប់​នៅ​នឹង​ជើង ។

នៅ​ក្នុង​កាបូបស្ពាយ​ជន​រង​គ្រោះ​មាន​ទូរស័ព្ទ​ដៃ​ម៉ាក​សាំ​សុង​មួយ​គ្រឿង និង​ឯកសារ​ផ្សេង​ៗ​មួយ​ចំនួន ។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា ករណី​នេះ នគរបាល​កំពុង​ស្រាវជ្រាវ និង​សន្និដ្ឋាន​ជំហាន​ដំបូង​ថា អាច​ជា​ករណី​ឃាតកម្ម ដោយ​រឿង​គំនុំ ឬ​ជា​រឿង​សម្លាប់​បំ​បិត​មាត់​រឿង​អ្វីមួយ ។ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ច្បាស់លាស់​ទេ ព្រោះ​កំពុង​ស្រាវជ្រាវ តែ​បាន​កំណត់​មុខសញ្ញា​ជនសង្ស័យ​ខ្លះ​ៗ​ហើយ និង​បាន​ហៅ​មក​សាកសួរ ដោយសារ​រក​ភស្តុ​តាង​ដាក់បន្ទុក​មិន​ទាន់​បាន​នៅ​ទ្បើ​យ ។

បើ​តាម​អ្នក​ដែល​ទៅ​ចោមរោម​មើល​សព​បាន​និយាយ​ថា ករណី​សម្លាប់​អ្នកគ្រូ​សាលា​ឯកជន​នេះ ជា​ករណី​ប្លន់​យក​ម៉ូតូ​ដែល​ជន​រង​គ្រោះ​ជិះ​ម៉ាក​គុប​ជ្រុង​សេ​50 ព្រោះ​ក្រោយ​ពី​កើតហេតុ​ម៉ូតូ​របស់​អ្នកគ្រូ​រង​គ្រោះ​បាន​បាត់​ផង​ដែរ ។

បើ​តាម​សាច់ញាតិ​នារី​រង​គ្រោះ​បានឱ្យ​ដឹង​ថា អ្នកគ្រូ​បង្រៀន​ភាសា​អង់គ្លេស​រូប​នេះ បាន​មក​ជួល​បន្ទប់​ស្នាក់​នៅ​ក្បែរ សាលារៀន​១​ស​ប្តា​ហ៍​ឬ​២​ស​ប្តា​ហ៍ ទើប​ទៅ​ផ្ទះ​ម្តង ដោយ​មាន​ម៉ូតូ​គុប​ជ្រុង​សេ​៥០​មួយ​គ្រឿង​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​។ នៅ​ថ្ងៃ​កើតហេតុ ក្រុម​គ្រួសារ​ក៏​មិន​បានដឹង​ថា​នាង​ទៅ​ណា​មក​ណា​ដែរ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២០ វិច្ឆិកា ក៏​ទទួល​ព័ត៌មាន​ថា អ្នកគ្រូ​ត្រូវ​គេ​សម្លាប់ ប៉ុន្តែ​មិនដឹង​ពី​មូលហេតុ​អ្វី​ច្បាស់​ទេ គ្រាន់តែ​ដឹង​ថា បាន​បាត់​ម៉ូតូ​ដែល​នាង​ធ្លាប់​ជិះ​នោះ ។

សព​នារី​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ព័ត៌មាន​ចុង​ក្រោយ
នៅ​វេលា​រសៀល​ថ្ងៃ​ដដែល បុរស​ជា​គ្រូបង្រៀន​នៅ​សាលា​ជាមួយ​គ្នា​ឈ្មោះ រុំ សុខ​លាង អាយុ​២១​ឆ្នាំ បាន​សារភាព​ថា ខ្លួន​ជា​អ្នក​សម្លាប់​អ្នកគ្រូ​រូប​នោះ ។ ទាក់ទិន​ដល់​ការ​កាប់សម្លាប់​នេះ ត្រូវ​បាន​បុរស​ឈ្មោះ សុខ​លាង​សារភាព​ថា ពួក​ខ្លួន​ជា​សង្សារ​នឹង​គ្នា តែ​គេ​មិន​ចង់​ឈាន​ទៅ​ដល់​ការ​យក​គ្នា​ជា​ប្តី​ប្រពន្ធ​ទេ ដោយសារ​តែ​នាង​ប្រចណ្ឌ​ពេក និង​តែង​រំអុក​រូបគេ​ឲ្យ​ទៅ​ចុះ​អេ​តា​ស៊ី​វិល ។

ដោយ​ការ​ធុញ​ចប់​អារម្មណ៍​ក៏​មានគំនិត​ត្រូវ​តែ​សម្លាប់ទើប​ប្រើ​ល្បិច​បបួល​ទៅ​ចុះ​អេ​តា​ស៊ី​វិល​(​សំបុត្រ​អាពាហ៍​ពិពាហ៍​) ហើយ​ឆក់​ឱកាស​ដល់​កន្លែង​ស្ងាត់​ក៏​ចាក់​សម្លាប់​តែ​ម្តង គឺ​ច្រើន​ជាង​២០​កាំបិត ។ ទោះបីជា​បែប​ណា ទាក់ទង​នឹង​ម៉ូតូ​របស់​នាង​ដែល​បាត់​នោះ​មិន​ទាន់​ត្រូវ​បានដឹង​ថា​នៅ​ទីណា​ទេ ដែល​សមត្ថកិច្ច​សង្ស័យ​ថា អាច​មាន​អ្នក​រួមគំនិត​ផង​ដែរ​ដែល​តម្រូវ​ឱ្យធ្វើ​ការ​ស្រាវជ្រាវ​បន្ត ៕