សម្តេច​ហ៊ុនសែន ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​ចុះហត្ថលេខា​លើ​អនុសញ្ញា​អាស៊ាន ប្រឆាំង​ការជួញដូរ​មនុស្ស​

ភ្នំពេញ: កាលពី​រសៀល​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​កំពូល​អាស៊ាន ពេញអង្គ លើក​ទី ២៧ រួចហើយ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ចូលរួម​ចុះហត្ថលេខា​លើ​អនុសញ្ញា​អាស៊ាន ស្តីពី ការប្រឆាំង​ការជួញដូរ​មនុស្ស ជាពិសេស ស្ត្រី និង​កុមារ នៅ​មជ្ឈមណ្ឌល​សន្និសីទ គូ​ឡា​ឡាំ​ពួរ ( Kuala Lumpur Convention Centre, Malaysia ) ជាមួយ​ប្រមុខ​ដឹកនាំ​ប្រទេស ASEAN ទាំង ១០​។​

​ចំណុច​សំខាន់ៗ នៃ​សេចក្តីព្រាង​អនុសញ្ញា​អាស៊ាន ស្តីពី ការប្រឆាំង​ការជួញដូរ​មនុស្ស ជាពិសេស​ស្ត្រី និង​កុមារ និង​ផែនការ​សកម្មភាព​អាស៊ាន គូ​ឡា​ឡាំ​ពួរ ម៉ាឡេស៊ី ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៥ រួមមាន​៖

១. សេចក្តីព្រាង​អនុសញ្ញា ស្តីពី​ការប្រឆាំង​ការជួញដូរ​មនុស្ស ជាពិសេស​ស្ត្រី និង​កុមារ​៖
​ក​. គោលបំណង​នៃ​អនុសញ្ញា​នេះ គឺ​ដើម្បី​៖
-​ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​មនុស្ស ជាពិសេស​ស្ត្រី និង​កុមារ ព្រមទាំង ធានា​នូវ​ការដាក់ទណ្ឌកម្ម​ប្រកបដោយ​យុត្តិធម៌ និង​ដ៏​មាន​ប្រសិទ្ធភាព​លើ​អ្នកជួញដូរ​មនុស្ស​។​
-​ការពារ និង​ជួយសង្គ្រោះ​ជនរងគ្រោះ​នៃ​ការជួញដូរ​មនុស្ស ជាមួយ​ការគោរព​ពេញលេញ ចំពោះ​សិទ្ធិមនុស្ស ព្រមទាំង​
-​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​បណ្តា​ភាគី ដើម្បី​ឆ្លើយតប​ចំពោះ​គោលបំណង​ខាងលើ​។​

​ខ​.​ភាគី​នីមួយៗ​ត្រូវ​រៀបចំ​ឲ្យ​មាន​សេចក្តីណែនាំ និង​នីតិវិធី​ថ្នាក់ជាតិ (national guidance and procedures) សម្រាប់ធ្វើ​អត្តសញ្ញាណ​កម្ម​ជនរងគ្រោះ​នៃ​ការជួញដូរ​មនុស្ស​ឱ្យបាន​ពេញលេញ ដោយ​សហការ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​។​

​គ​.​ក្នុងករណី​ដែល​ការជួញដូរ​មនុស្ស​កើតមានឡើង​ច្រើនជាង​មួយ​ប្រទេស ភាគី​នីមួយៗ​ត្រូវតែ​គោរព និង​ទទួលស្គាល់​នូវ​ការធ្វើ​អត្តសញ្ញាណ​កម្ម​នៃ​ជនរងគ្រោះ​នៃ​ការជួញដូរ​មនុស្ស ដែល​ផ្តល់​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៃ​ប្រទេស​ដែល​កើតមាន​ករណី​ជួញដូរ​មនុស្ស​។​

​ង​.​ភាគី​នីមួយៗ​ត្រូវអនុម័ត​ច្បាប់ ឬ​ចាត់វិធានការ​ផ្សេងៗ តាម​ការចាំបាច់ ដើម្បី​បញ្ជូន​ជនរងគ្រោះ​នៃ​ការជួញដូរ​មនុស្ស​មក​ប្រទេស​ដើម​វិញ ហើយ​បើ​ក្នុងករណី​ចាំបាច់​អាច​ស្នើ​កិច្ចសហការ​ពី​ស្ថាប័ន​ជាតិ ឬ​អន្តរជាតិ និង​ពី​សំណាក់​អង្គការក្រៅរដ្ឋាភិបាល​។​

២. ផែនការ​សកម្មភាព ស្តីពី​ការប្រឆាំង​ការជួញដូរ​មនុស្ស ជាពិសេស ស្ត្រី និង​កុមារ​
​ក​.​ផែនការ​សកម្មភាព ស្តីពី​ការប្រឆាំង​ការជួញដូរ​មនុស្ស ជាពិសេស​ស្ត្រី និង​កុមារ មាន​គោលបំណង​ផ្តល់នូវ​ផែនការ​សកម្មភាព​ជាក់លាក់​ក្នុង​ក្របខ័ណ្ឌ​គោលនយោបាយ និង​ច្បាប់​នៅក្នុង​ស្រុក​របស់​រដ្ឋ​សមាជិក អាស៊ាន ក៏ដូចជា​កាតព្វកិច្ច​អន្តរជាតិ​នានា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ថ្នាក់​តំបន់ ដែលជា​បញ្ហា​រួម​សម្រាប់​រដ្ឋ​សមាជិក​អាស៊ាន​ទាំងអស់​ឱ្យមាន​ប្រសិទ្ធភាព​ក្នុង​បញ្ហាសំខាន់ៗ ដូចជា​៖

- ការបង្ការ​ការជួញដូ​រម​នុស្ស​
- ការការពារ​ជនរងគ្រោះ​
- ការអនុវត្តន៍​ច្បាប់ និង​ការកាត់ទោស​លើ​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុ​ស្ស និង​
- ការសម្របសម្រួល និង​កិច្ចសហប្រតិបត្តិការ​តំបន់ និង​អន្តរជាតិ​។​

​ខ​. ពង្រឹង​នីតិរដ្ឋ និង​ការគ្រប់គ្រង​ព្រំដែន​រវាង​រដ្ឋ​សមាជិក​អាស៊ាន​។​
​គ​. ពង្រីក​កិច្ចប្រឹងប្រែង​ដើម្បី​កាត់ទោស​នូវ​រាល់​បទល្មើស​ទាក់ទង​នឹង​ការជួញដូរ​មនុស្ស​។​

​ឃ​. ពង្រឹង​កិច្ចសហប្រតិបត្តិការ​ថ្នាក់​តំបន់ ដោយ​ពឹង​ផ្អែកលើ​ទំនួល​ខុសត្រូវ​រួម ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​តម្រូវការ និង​ការផ្គត់ផ្គង់ ដែល​ជំរុញ​ឱ្យ​កើតមាន​នូវ​គ្រប់​ទំរង់​នៃ​ការជួញដូរ​មនុស្ស ជាពិសេស​ស្ត្រី និង​កុមារ ដែល​នាំទៅរក​ការជួញដូរ​មនុស្ស​៕​

សម្តេច​ហ៊ុនសែន ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​ចុះហត្ថលេខា​លើ​អនុសញ្ញា​អាស៊ាន ប្រឆាំង​ការជួញដូរ​មនុស្ស​