បើក​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ពាន Soccer League ឆ្នាំ២០១៥

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ Soccer League លើកទី៣ ដំណាក់កាលផ្ដាច់ព្រ័ត្រ ៣២ក្រុមចុងក្រោយ បានបើកការប្រកួតជាផ្លូវការហើយ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយមានការចូលរួមពីលោកជំទាវ ដាំ ដារីនី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡ រួមទាំងមន្ដ្រីពាក់ព័ន្ធ និងកីឡាករទាំង ៣២ក្រុមផងដែរ ។

គួរបញ្ជាក់ថា មុនឈានដល់ជុំផ្ដាច់ព្រ័ត្រនេះ គេបានធ្វើការប្រកួតជម្រុះបឋមម្ដងរួចមកហើយ កាលពីថ្ងៃទី០១-១០ ខែវិច្ឆិកាកន្លងទៅ ដោយមាន ៤៧ក្រុមចូលរួម ប៉ុន្ដែគណៈកម្មការបានចម្រាញយកជើងខ្លាំង ៣២ក្រុម សម្រាប់ប្រកួតវគ្គ ៣២ក្រុមចុងក្រោយ ដោយចែកចែញជា ៨ពូល ហើយក្នុងមួយពូលមាន ៤ក្រុម ដើម្បីធ្វើការប្រកួតជម្រុះបន្ដ រហូតដល់រកឃើងជើងឯកប្រចាំព្រឹត្តិការណ៍ពានរង្វាន់មិនអាជីពនេះ ដែលនឹងធ្វើឡើងនៅលើទីលាន ៣ផ្សេងគ្នា ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥នេះ ។

ពានរង្វាន់មិនអាជីព Soccer League នេះដែរ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) សហការជាមួយសហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា (FFC) ដើម្បីផ្ដល់ឱកាសឲ្យយុវជនមិនជាកីឡាករអាជីព ចូលរួមលេងបញ្ចេញនូវសមត្ថភាព ទេពកោសល្យ ដើម្បីសុខភាព និងបង្កើតចំណងមិត្តភាពផងដែរ ។

ថ្លែងក្នុងពិធីបើកការប្រកួតនោះលោកជំទាវ ដាំ ដារីនី បានមានប្រសាសន៍ថា ការបង្កើតពាន Soccer League គឺជាការផ្ដល់ឱកាសឲ្យយុវជនតាមក្រសួង និងស្ថាប័នរដ្ឋ-ឯកជននានា បានជួបជុំគ្នានៅលើទីលានលេងកីឡា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងជំរុញលើកទឹកចិត្តឲ្យយុវជនដទៃទៀត ងាកមកលេងកីឡា ចៀសវាងការយកពេលវេលាដ៏មានតម្លៃទៅប្រព្រឹត្តអំពើមិនគួរគប្បី ជាពិសេសគឺការប្រើប្រាសគ្រឿងញៀនតែម្ដង ។

ស្របពេលនៃការប្រកាសបើកការប្រកួតជាផ្លូវនោះដែរ ក្រុម ស.ស.យ.ក ខេត្តស្វាយរៀង និងក្រុម ស.ស.យ.ក ខណ្ឌពោធិ៍សែនជ័យ ក៏បានធ្វើកការប្រកួតបើកឆាក ដើម្បីអបអរសាទរព្រឹត្តិការណ៍ Soccer League រដូវកាលថ្មីនេះផងដែរ ។ ជាមួយគ្នានោះក្រុម ស.ស.យ.ក ខណ្ឌពោធិ៍សែនជ័យ បានយកឈ្នះក្រុម ស.ស.យ.ក ខេត្តស្វាយរៀង ដោយលទ្ធផល ១-០ ទទួលបាន ៣ពិន្ទុមុនគេក្នុងពូល«ក» ៕

បើក​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ពាន Soccer League ឆ្នាំ២០១៥

បើក​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ពាន Soccer League ឆ្នាំ២០១៥