ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​ក្រចេះ​ចោទ​ក្រុមហ៊ុន​ថា​បោះ​បង្គោល​អគ្គិសនី​រំលោភ​លើ​ដី​លំនៅឋាន

ជនជាតិ​ដើម​ភាគ​តិច​មឹល រស់នៅ​ឃុំ​រលួស ស្រុក​សំបូរ ខេត្ត​ក្រចេះ ចោទ​ក្រុមហ៊ុន​ឯកជន​ឈ្មោះ ជា សុខខេង ថា​ដាក់​បង្គោល​ថ្ម​ដើម្បី​ភ្ជាប់​បណ្ដាញ​អគ្គិសនី​រំលោភ​លើ​ដី​កម្មសិទ្ធិ​លំនៅឋាន​អ្នក​ភូមិ។ ចំណែក​អាជ្ញាធរ​ឃុំ​អះអាង​ថា នឹង​ដោះស្រាយ​ករណី​នេះ​ជូន​ពលរដ្ឋ។

ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​មឹល ៦​គ្រួសារ នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា អំពាវនាវ​ឲ្យ​អាជ្ញាធរ​ស្រុក និង​ខេត្ត អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​ឯកជន​ឈ្មោះ ជា សុខខេង ទាក់ទិន​បោះ​បង្គោល​អគ្គិសនី។ ការ​អំពាវនាវ​នេះ ខណៈ​ក្រុមហ៊ុន​បាន​យក​បង្គោល​ភ្លើង​ទំហំ ២​តឹក​បួន​ជ្រុង ប្រវែង​ជិត ១០​ម៉ែត្រ បោះ​ចូល​ដី​លំនៅឋាន និង​ពាក់​កណ្ដាល​ខ្លះ​ទៀត​បោះ​ជាប់​នឹង​ផ្ទះ​អ្នក​ភូមិ កាល​ពី​ថ្ងៃ​ទី​១៩ និង​ថ្ងៃ​ទី​២០ វិច្ឆិកា។

តំណាង​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច លោក សឹម សិ ចោទ​ប្រកាន់​ថា ក្រុមហ៊ុន​អគ្គិសនី​ឯកជន​ឈ្មោះ ជា សុខខេង បោះ​បង្គោល​អគ្គិសនី​ភ្ជាប់​ចរន្ត​អគ្គិសនី​ដោយ​លួច​លាក់ ខណៈ​អ្នក​ភូមិ​រវល់​ច្រូត​កាត់​នៅ​ស្រែ​ចម្ការ។ លោក​បន្ត​ថា ក្រុមហ៊ុន ជា សុខខេង បាន​បោះ​បង្គោល​ភ្លើង​ជាប់​លំនៅឋាន​អ្នក​ភូមិ​ចំនួន ៣​ខ្នង និង​ពាក់​កណ្ដាល​ផ្ទះ​ពលរដ្ឋ ៣​ខ្នង។ លោក​បញ្ជាក់​ថា បង្គោល​ភ្លើង​ដែល​ក្រុមហ៊ុន​បាន​បោះ​ឆ្ងាយ​ចេញ​ពី​ផ្លូវ ៧​ម៉ែត្រ ហួស​ដី​ចំណី​ផ្លូវ​របស់​រដ្ឋ។ លោក​ជឿជាក់​ថា ក្រុមហ៊ុន​គ្រោង​នឹង​រាយ​ខ្សែ​ភ្លើង​ប៉ះ​ដំបូល​ផ្ទះ​អ្នក​ភូមិ បើ​អាជ្ញាធរ​មិន​ដោះស្រាយ​ករណី​នេះ​ឲ្យ​ទាន់​ពេល​ទេ៖ «បាទ! គាត់​អត់​ពេញ​ចិត្ត​មូលហេតុ​ដែល​គាត់​អត់​មាន​ឆ្លង​កាត់ អត់​មាន​សួរ​នាំ​ម្ចាស់​ដី ចំណុច​របស់​គាត់ គាត់​ដាក់​ទីនោះ។ ខ្ញុំ​វាយ​តម្លៃ​ថា គាត់​មើលងាយ​សិទ្ធិ​ប្រជាជន។ គាត់​អត់​មាន​សួរ​នាំ​ប្រជាពលរដ្ឋ​ទេ ប៉ះពាល់​ដី ប៉ះពាល់​ដំណាំ​ប្រជាពលរដ្ឋ​គាត់»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​អគ្គិសនី​ឯកជន ជា សុខខេង អ្នកស្រី ជា សុខខេង ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា។

កាល​ពី​ថ្ងៃ​ទី​២០ វិច្ឆិកា ពលរដ្ឋ ៦​គ្រួសារ បាន​មក​តវ៉ា​នៅ​សាលា​ឃុំ​រលួស ដោយ​ស្នើ​ឲ្យ​អាជ្ញាធរ​អន្តរាគមន៍​ភ្លាមៗ​ទាក់ទិន​ការ​បោះ​បង្គោល​អគ្គិសនី​របស់​ក្រុមហ៊ុន ជា សុខខេង។ ក្រុម​ពលរដ្ឋ​ចាត់​ទុក​ករណី​នេះ ជា​ការ​រំលោភ​សិទ្ធិ​លំនៅឋាន​អ្នក​ភូមិ។

ករណី​នេះ​ដែរ មេ​ឃុំ​រលួស លោក អ៊ូ គឹមអៀ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា ថា ក្រុមហ៊ុន​បាន​ជូន​ដំណឹង​មក​អាជ្ញាធរ​ឃុំ ទាក់ទិន​ការ​បោះ​បង្គោល​ខ្សែ​អគ្គិសនី​តាំង​ពី​ខែ​តុលា។ លោក​អះអាង​ថា អាជ្ញាធរ​នឹង​ដោះស្រាយ​ករណី​នេះ​ជូន​ពលរដ្ឋ​នៅ​ពេល​ឆាប់ៗ ដោយ​តម្រូវ​ឲ្យ​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ តំណាង​ក្រុមហ៊ុន និង​អាជ្ញាធរ​ពិភាក្សា​គ្នា​ដោយ​សន្តិវិធី៖ «អ្នក​ដាំ​បង្គោល​គាត់​អត់​យល់ គាត់​ដាំ​ទៅ ហើយ​ប្រជាជន​គាត់​ភាគ​ច្រើន​គាត់​នៅ​កន្លែង​ធ្វើ​ស្រែ ក្នុង​មួយ​គ្រួសារ​មាន​ផ្ទះ​គាត់​ពីរ​កន្លែង ខែ​នេះ​ខែ​ស្រូវ​ខែ​អង្ករ ផ្ទះ​ស្រុក​ផ្ទះ​ភូមិ​ហ្នឹង​ភាគ​ច្រើន​កូន​ចៅ​គាត់​នៅ។ ដាំ​ទៅ​វា​ខុស​ពី​បំណង​ចាស់​ទុំ នៅ​ក្នុង​ដី​ឡូ​របស់​គាត់​ហ្នឹង»

ឃុំ​រលួស ស្រុក​សំបូរ ខេត្ត​ក្រចេះ មាន​ភូមិ​ចំនួន​បួន គឺ​ភូមិ​រលួស ភូមិ​តាខ្លែ ភូមិ​ស្រែឈូក និង​ភូមិ​ទោង។ ពលរដ្ឋ​រស់នៅ​ទីនោះ​ជាង ៤​ពាន់​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​ជាង ៧០០​គ្រួសារ។ ឃុំ​នេះ​មាន​ពលរដ្ឋ​ចំនួន​ជាង ៩០​ភាគរយ​ជា​ជនជាតិ​ដើម​ភាគ​តិច​មឹល ព្នង និង​ថ្មោន។

ជំទប់​ទី​១ ឃុំ​រលួស លោក ជិន ងឿន ទទួល​ស្គាល់​ថា ក្រុមហ៊ុន​ឯកជន​ឈ្មោះ ជា សុខខេង ពិត​ជា​បាន​បោះ​បង្គោល​ចូល​ដី​លំនៅឋាន​ពលរដ្ឋ ៦​គ្រួសារ ហើយ​ករណី​នេះ លោក​ចាត់​ទុក​ថា រំលោភ​សិទ្ធិ​លំនៅឋាន​ពលរដ្ឋ បើ​ពុំ​មាន​ការ​ព្រមព្រៀង។ លោក​ថា អាជ្ញាធរ​ក៏​ជំរុញ​ឲ្យ​តំណាង​ក្រុមហ៊ុន​ផ្អាក​បោះ​បង្គោល​ជា​បណ្ដោះអាសន្ន ខណៈ​ពុំ​ទាន់​មាន​ការ​ឯកភាព​គ្នា។

អាជ្ញាធរ​ឃុំ​រលួស ឲ្យ​ដឹង​ថា កន្លង​មក​អ្នក​ភូមិ​ក៏​ធ្លាប់​មាន​ភាព​ចម្រូងចម្រាស​ជាមួយ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​អគ្គិសនី​ឈ្មោះ វែន វ៉ាន់ណាត់ ដែល​លក់​អគ្គិសនី​ជូន​អ្នក​ភូមិ​ក្នុង ១​គីឡូ​វ៉ាត់​ម៉ោង​តម្លៃ ៣.២០០រៀល។ ដោយឡែក​ក្រុមហ៊ុន ជា សុខខេង របស់​អ្នកស្រី ជា សុខខេង កំពុង​រៀបចំ​បណ្ដាញ​ភ្ជាប់​អគ្គិសនី​គ្រប​ដណ្ដប់​ក្នុង​ឃុំ​ចំនួន​៤ នៃ​ស្រុក​សំបូរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។