ប្រទះ​ឃើញ​ខ្មោច​ត្រី​ផ្សោត​មួយ​ក្បាល​ងាប់​អណ្តែត​ទឹកទន្លេនៅ​ស្រុក​ព្រែក​ប្រសព្វ

ខេត្តក្រចេះ ​៖ ត្រី​ផ្សោត​មួយ​ក្បាលត្រូវ​បាន​គេ​ប្រទះ​ឃើញ​ងាប់ហើម​ស្អុយរលួយ អណ្តែត​ទឹក មក​ទើ​មាត់ច្រាំង​ទន្លេ​ក្នុងភូមិ​ព្រែក​ក្រោម ស្រុក​ព្រែក​ប្រសព្វ​ និង​​​បង្ក​ឲ្យ​មានការ​ផ្ញា​ក់​ផ្អើល​​នៅ​​ព្រឹក​ថ្ងៃ​ទី​២២ វិច្ឆិកានេះ។

មិន​មាន​សេចក្តី​រាយ​ការ​ណ៍ណាមួយ​បញ្ជាក់​ឲ្យ​ច្បាស់​អំពី​ការងា​ប់រប​ស់ត្រី​ផ្សោត ដែល​ជាពពួកសត្វ​ត្រី​ឋ​និក​សត្វ ដ៏​កម្រ​នេះ​ថា បណ្តាល​មក​ពី​អ្វី​នៅឡើយ​ទេ​។

បើ​តាម​ការ​បញ្ជាក់​ពី​លោក​ម៉ុ​ក ពន្លក នាយ​រង​ខណ្ឌ​រដ្ឋបាល​ជន​ផល​ខេត្ត បាន​ឲ្យ​ដឹងថា ត្រី​ផ្សោត​មួយ​នេះ អាច​មាន​ទំ​នង់​ជាង​៥០​គីឡូក្រាម និង​មាន​អាយុកាល​ជិត​១​ឆ្នាំ​។ លោក​ថា ក្រុម​មន្ត្រី​មិន​ទាន់​បាន​ដាក់​ការ​សន្និដ្ឋាន​រក​មូលហេតុ​នៃ​ការ​ងាប់ និង​កំណត់​ភេទរបស់​សត្វ​នេះ​នៅឡើយ​ទេ​ ដោយសារ​តែ​​សាកសព​របស់​ផ្សោត​នេះ គឺ​មាន​សភាពហើម​រលួយស្ទើ​រមើល​មិន​យល់​។

ក្រុម​មន្ត្រី​អភិរក្ស​សត្វ​ផ្សោត បាន​ឲ្យ​ដឹង​ដែរ​ថា មន្ត្រី​ជំនាញ​បាន​វេច​ខ្ចប់​យក​សាកសពត្រី​ផ្សោត​មួយ​ក្បាល​នេះ មក​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រក​ពី​មូលហេតុ​ឲ្យ​បាន​ច្បាស់​។

នៅ​ជុំវិញ​ការងា​ប់រប​ស់ត្រី​ផ្សោត​ទឹកសាប​នេះ កន្លង​មក​លោក ឈិ​ត សំអាត ប្រធានអង្គការ ​WWF ប្រចាំ​កម្ពុជា​ធ្លាប់​បាន​ថ្លែងប្រាប់​អ្នកកាសែត​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​នៃ​រយៈកាលចុង​ក្រោយ​នេះ អត្រា​នៃ​ចំនួន​សត្វ​ផ្សោត​ទន្លេមេគង្គ​មានការ​ធ្លាក់​ចុះ​គួ​ឲ្យ​ព្រួយ​បារ​ម្ភ ដោយសារ​តែ​សត្វ​ផ្សោត​បាន​ងាប់​ជា​បន្តបន្ទាប់ជា​រៀង​រាល់​ឆ្នាំ​បណ្តាល​មក​ពី​ការ​ធ្វើនេសាទ​ដោយ​ខុសច្បាប់​ពី​ជនខិលខូច ដូច​ជា​ការ​ដាក់​មង ការ​ប្រើ​ឧបករណ៍​ឆក់ និង​ហេតុផល​ផ្សេង​ៗ​ទៀត នៅ​តាម​តំបន់​ស្នូល​ដែល​សត្វ​ផ្សោត​រស់នៅ ។

លោក​ប្រធាន​អង្គការ​បាន​បញ្ជាក់​ថា ចំនួន​សត្វ​ផ្សោត​មានការ​ធ្លាក់​ចុះ បើ​ប្រៀបធៀប ១២៧​ក្បាល ក្នុង​ឆ្នាំ​២០០៥ មក​នៅ​ត្រឹម​៩៣​ក្បាល​នៅឆ្នាំ២០០៧  ៨៥​ក្បាលនៅ​ឆ្នាំ​២០១០ និងធ្លាក់​មក​នៅ​ត្រឹម​ប្រមាណ​ជា៨០​ក្បាល ក្នុង​ឆ្នាំ​២០១៥​នេះ​៕