ត្រី​ប្រហុក​ឆ្នាំនេះ​ថ្លៃ​កប់​ពពក​

Sanofi

ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ម៉ម ចាន់ថន មកពី​ឃុំ​ព្រៃ​ពួច ស្រុក អង្គស្នួល ខេត្តកណ្តាល ដែលជា​អ្នក​ទៅរក​ទិញ​ត្រី​ប្រហុក​នៅ​ភូមិ​សង្វរ ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្តកណ្តាល​ដែរនោះ​មានប្រសាសន៍ថា «​ត្រី​ចាប់ផ្តើម​ត្រូវ​ពីថ្ងៃ​ទី ៨ កើត ខែបុស្ស ត្រូវ​នឹង​ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៤ រហូតដល់​ថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៥ ។ តម្លៃ​ត្រី​ប្រហុក​នៅ​ឆ្នាំនេះ​គឺ ថ្លៃ​កប់​ពពក​មិន​ដូច​ការផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នាពេល​កន្លងមក​ដែល ថា​តម្លៃ​ត្រី​ប្រហុក​មានតម្លៃ​ត្រឹមតែ​ពី ៧០០ រៀល ទៅ ៨០០ រៀល ប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម ប៉ុន្តែ​ភាពជាក់ស្តែង​នៅពេល​មក​ទិញ​ដល់​កន្លែង​លក់​ផ្ទាល់​គឺ​តម្លៃ​ត្រី​ប្រហុក​មួយ​គីឡូក្រាម​ថ្លៃ ១.៨០០ រៀល ។

ដោយសារតែ​តម្លៃ​ត្រី​ប្រហុក​ឆ្នាំនេះ​ថ្លៃ​ពេក ទើប​ខ្ញុំ​ទិញ​ត្រី​តែ ៤០ គីឡូក្រាម ប៉ុណ្ណោះ ដើម្បី​យកទៅ​ធ្វើ​ប្រហុក ។ កាលពី​ឆ្នាំ​កន្លងទៅ​តម្លៃ​ត្រី​ប្រហុក​ថោក និង ធូរ​ថ្លៃ​ជាង​នេះ គឺ​មួយ​គីឡូក្រាម​មិន​ដល់ ១.០០០ រៀល​ផង ហើយ​កាល ណោះ​ខ្ញុំ​ទិញ​ត្រី​ធ្វើ​ប្រហុក​ជិត ១០០ គីឡូក្រាម​» ។ ប្រជាពលរដ្ឋ​មកពី​ស្រុក​ឈូក ខេត្តកំពត​ម្នាក់ទៀត អ្នកស្រី ណុប សុផល ដែល​កំពុង​មមាញឹក​ក្នុងការ​កាត់​ក្បាល​ត្រី​ប្រហុក​ជាមួយនឹង​អ្នកភូមិ​ជិតគ្នា​បាន​រអ៊ូរទាំ និង ត្អូញត្អែរ​ដែរ​ថា «​ខ្ញុំ និង ពលរដ្ឋ​អ្នកជិតខាង​ដទៃទៀត​បាន​ជិះ​រថយន្ត​មក​ជាមួយគ្នា​ជាង ១០ នាក់ បាន​បង្ខំចិត្ត​ទិញ​ត្រី​ប្រហុក​ក្នុងតម្លៃ​ថ្លៃ ហើយ​ត្រី​ឆ្នាំនេះ​តូចៗ​ទៀត ប៉ុន្តែ​មកដល់​កន្លែង​ហើយ​ចង់ ឬ មិន​ចង់​ត្រូវតែ​ធ្វើ ពីព្រោះ​ការ​មក​ទិញ​ត្រី​ធ្វើ​ប្រហុក​នេះ​គឺជា​ប្រពៃណី​តាំងពីដើម​មក​ទៅហើយ ដើម្បី​ទុក​សម្រាប់​ហូប​ប្រចាំថ្ងៃ ។

ម្យ៉ាងវិញទៀត​យើង​មកដល់​កន្លែង​ដូចនេះ​នឹង​ទិញ​បាន​ត្រី​ស្រស់ៗ បើទោះបីជា​វា​តូចៗ​ក៏ដោយ ហើយ រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃទី ១ និង ថ្ងៃទី ២ ខែមករា ឆ្នាំ ២០១៥ ខ្ញុំ​ទិញ​ត្រី​ធ្វើ​ប្រហុក​បាន ១០០ គីឡូក្រាម​ហើយ ។ ខ្ញុំ​តែងតែ​មករក​ទិញ​ត្រី​ធ្វើ​ប្រហុក ឬ ផ្អក​នៅ​ភូមិ​សង្វរ ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ​នេះ​ចំនួន ៧ ឆ្នាំ មកហើយ ហើយ​ត្រី​នៅ​ឆ្នាំនេះ​ថ្លៃ​ជាង​ឆ្នាំមុនៗ​» ។ ឆ្លើយតប​ទៅនឹង​បញ្ហា​នេះ ប្រធាន​រដ្ឋបាល​ជលផល លោក ណៅ ធួ​ក មានប្រសាសន៍ថា «​មូលហេតុ​ដែលនាំឱ្យ​ត្រី​ប្រហុក​នៅ​ឆ្នាំនេះ​ថ្លៃ​ជាង​ឆ្នាំមុនៗ​នោះ គឺ​ដោយសារតែ​ទិន្នផល​ត្រី​នៅ​ឆ្នាំនេះ​មានការ​ថយចុះ​ជាង​ឆ្នាំមុន ។

ការថយចុះ​នៃ​ទិន្នផល​ត្រី​នេះ ដោយសារតែ​ទឹក​នៅ​ឆ្នាំនេះ​តូច​ជាង​ឆ្នាំមុន ហើយ​អាកាសធាតុ​ឆ្នាំនេះ​ក៏មាន​ការប្រែប្រួល​ខុសពី​ឆ្នាំមុនៗ​ដែរ ដូចជា​ទឹកភ្លៀង​ធ្លាក់​មិនបាន​ច្រើន​នៅក្នុង​បឹង​ទន្លេសាប និង ទឹក​ស្រក​ទៅវិញ​មុន​កាលកំណត់​គឺ​ស្រក​ចុះ​លឿន​នៅ​ខែកក្កដា ដោយ​ទឹក​មិនបាន​ឡើងមក​វិញ​ម្តង​ទៀតឡើយ ។ បញ្ហា​នេះ​ធ្វើឱ្យ​កម្ពស់​ទឹក​នៅក្នុង​អាង​ទន្លេសាប​មាន​កម្រិត​ទាប​ជាង​សព្វដង ដែលនាំឱ្យ​ត្រី​មិនសូវ​សម្បូរ ។ ត្រី​មិន​ច្រើនជាង​ឆ្នាំ​កន្លងទៅ​ទេ គឺ​តិចជាង​ឆ្នាំ​កន្លងទៅ ព្រោះ​ទឹក​តិច​ណាស់ ទឹក​ឡើង​បានតែ ៩,៧០ ម៉ែត្រ ហើយ​ស្រក​ទៅវិញ​តាំងពី​ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៤ ម្ល៉េះ ។

តាម​ធម្មតា​ទឹក​ស្រក​គឺ​នៅក្នុង​ខែសីហា​ហ្នឹងហើយ តែ​វា​ឡើងមក​វិញ​នៅ​ខែ​បន្ទាប់ ហើយ​ទាល់តែ​ចុងខែ​តុលា ឬ ក៏​ដើមខែ​វិច្ឆិកា ទើប​វា​ស្រក ទៅវិញ ប៉ុន្តែ​នៅ​ឆ្នាំនេះ​វា​ស្រក​តាំងពី​ថ្ងៃទី ១២ ខែសីហា ហើយ​វា​អត់​មាន​ឡើង​មកវិញ​នោះទេ​» ។ ជាមួយគ្នានេះដែរ ក្រុមអាជីវករ​ទាំង​ខ្មែរ និង វៀតណាម ដែល​កំពុង​ឈរ​ចាំ​ទទួល ទិញ និង លក់​ត្រី​បន្ត​ទៅឱ្យ​ប្រជាពលរដ្ឋ​សុទ្ធតែ​បាន​អះអាង​ស្រដៀងៗ​គ្នា​ថា ឆ្នាំនេះ​ទិន្នផល​ត្រី​ដែល​ប្រជា​នេសាទ​ចាប់ ឬ នេសាទ​បាន​គឺ​ប្រភេទ​ត្រី​ល្អិតៗ ហើយ​រយៈពេល​ត្រី​ត្រូវ​នៅ​ឆ្នាំនេះ​មិនបាន​ច្រើន​ថ្ងៃ​ជាប់ៗ​គ្នា​ដូច​ឆ្នាំមុន​ឡើយ ។

កាលពី​ឆ្នាំ ២០១៣ តម្លៃ​ត្រី​សម្រាប់ធ្វើ​ប្រហុក​មានតម្លៃ​ចន្លោះ​ពី ៨០០ ទៅ ១.២០០ រៀល ដោយឡែក​នៅ​ឆ្នាំ ២០១៤ ត្រី​សម្រាប់ធ្វើ​ប្រហុក​មានតម្លៃ​ពី ១.៨០០ រៀល ទៅ ២.០០០ រៀល ក្នុង​មួយ​គីឡូក្រាម ។ ទន្លេមេគង្គ​គឺជា​ទន្លេ​វែង​បំផុត​នៅ​ភូមិភាគ​អាស៊ីអាគ្នេយ៍​ដែលមាន​ប្រវែង​សរុប​ប្រមាណ ៤.៨០០ គីឡូម៉ែត្រ ហូរ​កាត់​ប្រទេស​ចំនួន ៦ គឺ​ប្រទេស​ចិន ភូមា លាវ ថៃ កម្ពុជា និង វៀតណាម ។

មនុស្ស​ប្រមាណ ៦០ លាន​នាក់ រស់នៅ​ដោយ​ពឹង​ផ្អែកលើ​ធនធាន​បានមកពី​ទន្លេ​នេះ ដែល​ផ្តល់​ទិន្នផល​ត្រី​ប្រមាណ ២ លាន ៣ សែន​តោន ក្នុង​មួយឆ្នាំ ហើយ​ក្នុង​មួយឆ្នាំៗ​ប្រទេស​កម្ពុជា​បាន​ចាប់​ត្រី​ធម្មជាតិ​បាន​ប្រមាណ​ជាង ៦០០ ពាន់​តោន គិត​ជា​ថវិកា មានតម្លៃ​រហូតដល់​ទៅ​ជាង ១ ពាន់​លាន​ដុល្លារ ហើយ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ម្នាក់ៗ​បរិភោគ​ត្រី​រហូតដល់ ៦៣ គីឡូក្រាម ក្នុង​មួយឆ្នាំ ៕ សុទ្ធ គឹម​សឿន​

Related