១០ខែក្នុងឆ្នាំ២០១៥ ធនាគារអេស៊ីលីដា ភីអិលស៊ីចំណេញប្រាក់ជិត៩២​លាន​ដុល្លារ​អាមេរិក

ភ្នំពេញ:

ធនាគារអេស៊ីលីដា ភីអិលស៊ីបានអះអាងថា គិតមកត្រឹមខែតុលាឆ្នាំ​២០១៥​នេះធនាគារចំណេញប្រាក់ជិត៩២លានដុល្លារអាមេរិក។តួលេខនេះអាចនឹងលើសផែនការ​ដែលធនាគារបានគ្រោងទុកសម្រាប់ឆ្នាំ២០១៥នេះ ចំណេញឲ្យបាន៩២លានដុល្លារអាមេរិក​។
​លោកបណ្ឌិត អ៊ិន ចាន់នីប្រធាន​នាយក​ប្រតិបត្តិ​ធនាគារអេស៊ីលីដា ភីអិលស៊ីបាន​មាន​ប្រសាសន៍មកកាន់សារព័ត៌មាន ក្នុងឪកាស​សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការការិយាល័យ​ទី​២៥៧​សាខាចំការដូងថាប្រាក់ចំណេញ​របស់​ធនាគារអេស៊ីលីដាភីអ៊ិលស៊ី ដែលបង់ពន្ធរួច គិតមកដល់ ខែតុលា ឆ្នាំ២០១៥ មានចំនួនប្រមាណ​ជា៩៦ភាគរយ នៃផែនការគ្រោងចំណេញឲ្យបាន៩២លានដុល្លារអាមេរិក។ អីចឹងនៅ​បំណាច់ ​ខែ​វិច្ឆិកា​​នេះប្រាក់ចំណេញរបស់យើង នឹងលើសផែនការ អាចនឹងលើស៩២លានដុល្លារ​អាមេរិក។
​លោកបានបន្តថា ការលើសផែនការនេះមិនមែនមានតែប្រាក់ចំណេញនោះ​ទេ​​សូម្បីតែប្រាក់ឥណទានគ្រោងក្នុងផែនការឆ្នាំ២០១៥នេះឲ្យបានចំនួន២.៤០០លានដុល្លារ​អាមេរិកមិនទាន់ដាច់ខែវិច្ឆិកាផងយើងបានជិតគ្រប់ផែនការហើយមានចំនួន២.៣៨២លាន​ដុល្លារអាមេរិក ដូច្នេះវាអាចនឹងលើសផែនការ។ សម្រាប់ប្រាក់បញ្ញើវិញ ផែនការគ្រោង ២.៨០០​លានដុល្លារអាមេរិក សប្ហាហ៍មុនយើងបានជិត២.៧០០លានដុល្លារអមេរិកហើយ។អីចឹង​ឆ្នាំ​នេះប្រាក់បញ្ញើលើសផែនការនិងប្រាក់ឥណទានក៏លើសផែនការដែរ។
​លោក អ៊ិន ចាន់នី​បានបញ្ជាក់ថា ឥណទានដែលលេចធ្លោផ្តល់ឲ្យអតិថិជនគឺ​ផ្នែកពាណិជ្ជកម្មគឺមានប្រមាណជា៤០ភាគរយនៃឥណទានសរុប។បន្ទាប់មកឥណទានផ្នែក​កសិកម្មមានប្រមាណជា២០ភាគរយនៃឥណទានសរុប ក្រៅពីនោះគឺសេវាកម្មនិងផលិតកម្ម ។ ដោយឡែកឥណទានលំនៅដ្ឋានវិញមានមិនដល់៧ភាគរយផង។
​លោកបណ្ឌិតបានប្រាប់ពីមូលហេតុថា ឥណទានពាណិជ្ជកម្មដែលលូតលាស់ខ្លាំង​ដោយសារតែ រយៈពេលវាខ្លីហើយវាត្រូវនឹងប្រភពទុនរបស់យើង។ ទុនរបស់យើងសម្រាប់​ផ្គត់​ផ្គង់ ការទូទាត់ផ្នែកឥណទានសម្រាប់ក្នុងស្រុកដែលមានប្រមាណជា២.៧០០លានដុល្លារអាមេរិក។
​និយាយដល់កំណើនធនាគារចេះតែកើនឡើងតាមការចុះផ្សាយរបស់សារព័ត៌មានថាជាការ​ព្រួយ​បារម្មណ៍ត្រូវបានលោក អ៊ិន ចាន់នី បកស្រាយថាវាជារឿងល្អព្រោះថា​កំណើនធនាគារពិតជាមានមែន​ ប៉ុន្តែរាល់ឥណទាននៅកម្ពុជាគឺមិនមែនឥណទានសម្រាប់​យកទៅប្រើប្រាស់សម្រាប់ទិញឧបករណ៍ សម្ភារៈទំនើបនោះទេវាជាឥណទានសម្រាប់ផលិត​កម្មយើងហៅថា ( Productive Loan ) គឺពួគគាត់ខ្ចីលុយយកទៅចាប់ផ្តើមរកស៊ីនិងពង្រីកមុខរបរ​​ទាំងសហគ្រាសខ្នាតមធ្យមនិងធុនតូចបំផុតដើម្បីបង្កើតប្រាក់ចំណូល បង្កើនការងារ។ ឥណ​ទានបែបនេះគេហៅថាឥណទានសុវត្ថិភាព។