រថយន្ត​ព្រុស​​បើក​លឿន​ជ្រុល​បុក​រះ​រថយន្ត​ឆ្លាម​​​ និង​រទេះ​លក់​កាហ្វេ​បោក​ផ្ទប់​ស្លាក​ប៉ា​ណូ​ក្លឹប​ឡេ​ឌី របួស​ម្នាក់

​​​​​​​​​​​​​​​​​រាជ​ធានី​ភ្នំពេញ​ ៖ រថយន្ត​ម៉ាកព្រុស​ ព​ណ៌​ទឹកប្រាក់​មួយ​គ្រឿង​​​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​យ៉ាង​លឿន​តែ​ម្នាក់ឯងទៅ​បុករះ​​រថយន្ត​ម៉ាក​កា​ម​រី​ឆ្លាម​មួយ​គ្រឿង​រង​ការ​ខូចខាត​​ និង​បន្ត​ទៅ​បុក​រទេះ​លក់​កាហ្វេ និង​ស្លាក​ប៉ាណូ​ក្លឹ​ប ឡេ​ឌី បណ្តាល​ឱ្យ​បាក់​​​ទើប​ឈប់​។

​ហេតុ​ការ​ណ៍នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១ ​និង​៣០​នាទី​រសៀល ថ្ងៃ​ទី២១ ​វិច្ឆិកា ​២០១៥ នៅ​តាម​បណ្តោយ​ផ្លូវ​ស្រប​មាត់ទន្លេ​ខាងក្រោយ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ក្បែរ​កោះ​ពេជ្រ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​ក​ន្លែ​កើត​ហេតុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រថយន្ត​ម៉ាក​ព្រុស ព៌​ណ​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​២U-៦៩១៧ មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់ មាន​អាយុ​ប្រហែលជា​ជាង២០​ឆ្នាំ តែ​ម្នាក់ឯង​បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​តាម​បណ្តោយ​ផ្លូវ​ស្រប​មាត់ទន្លេ​ខាងក្រោយ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ក្នុង​ល្បឿន​យ៉ាង​លឿន​។

​លុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ដែល​ជា​ផ្លូវបំបែក​ជា៣​នោះមិន​ដឹង​យ៉ាង​ម៉េចស្រាប់​តែ​​បើក​ទៅ​បុក​​រថយន្ត​ម៉ាក​កាម​រី​ឆ្លាម ពណ៌ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​២N-០៥០០​មួយ​គ្រឿង ដែល​កំពុង​តែ​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ហើយ​បើក​បត់​នោះ​ចំ​ផ្នែក​ខាង​មុខ​បណ្តាលឱ្យ​ដាច់​កង់ និង​ក្រពិត​អស់​មួយ​ចំហៀង​ធ្ងន់​តែ​ម្តង ហើយ​បុរស​អ្នកបើកបរ​រថយន្ត​នោះ​រង​របួស​បែកក្បាល​ធ្ងន់ធ្ងរ​ផង​ដែរ​។

​តាម​ប្រភព​ដដែល​​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​រថយន្ត​ព្រុស​បើក​ទៅ​បុក​​​រថយន្ត​ម៉ាក​កា​មរី​ឆ្លាម​នោះ​រួច​ហើយ រថយន្ត​ទាំង​ពីរ​គ្រឿង​ក៏​បន្ត​ទៅ​បុក​​រទេះ​កាហ្វេ​មួយ​គ្រឿង​ទៀត​​ផ្ទប់​ជាប់​​​ស្លាក​ក្លឹ​ប ឡេ​ឌី ទើប​ជាប់​ទៅ​មុខ​លែង​រួច​ជាប់​នៅ​នឹង​កន្លែង​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​