មេដឹកនាំ​អាស៊ាន​រួមគ្នា​បង្កើត «សហគមន៍​សេដ្ឋកិច្ច​អាស៊ាន» ជា​ផ្លូវការ​ហើយ


នៅ​ថ្ងៃអាទិត្យ​នេះ​មេដឹកនាំ​អាស៊ាន​ទាំង ១០ បាន​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​កូ​ឡា​ឡាំ​ពួ ដើម្បី​ប្រកាស​ជា​ផ្លូវការ​ពី​ការបង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន  ដោយមាន​ការចូលរួម​ពី​បណ្តា​មេដឹកនាំ​ប្រទេស​ជា​ដៃគូ​សន្ទនា​ផង។ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នេះ​ជាសរ​សរ​ស្តម្ភ​មួយ​ក្នុងចំណោម​សរសរ​ស្តម្ភ​ទាំងបី ហើយ​ប្រទេស​សមាជិក​ចំណាយពេល៨ឆ្នាំ​សម្រាប់​បង្កើត​សហគមន៍​មួយ​នេះ។

នៅថ្ងៃនេះ​បណ្តា​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ទាំង១០ បាន​ប្រមូល​ផ្តុំគ្នា​ចុះហត្ថលេខា​និង​ប្រកាស​ជា​ផ្លូវការ​ពី​ការបង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន Asean Economic Community (AEC) ដែល​នឹង​ផ្តើមឡើង​ចាប់ពី​ឆ្នាំ​ដើមឆ្នាំ ២០១៦នេះ​តទៅ។ ការចុះហត្ថលេខា​នេះ​មានការ​ចូលរួម​ពី​បណ្តា​មេដឹកនាំ​ប្រទេស​នានា​ជា​ដៃគូ​សន្ទនា​របស់​អាស៊ាន​ផងដែរ ហើយ​ការចុះហត្ថលេខា​នេះ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រជាជាតិ​អាស៊ាន​ទាំងមូល។

ចាប់ពី​ថ្ងៃទី ០១ ខែមករា​ខាងមុខនេះ រដ្ឋ​សមាជិក​ទាំង១០របស់​អាស៊ាន នឹង​ក្លាយជា​សហគមន៍​សេដ្ឋកិច្ច​ដែលមាន​ប្រជាជន​សរុប ៦៣០លាន​នាក់ មាន​ទីផ្សារ​តែមួយ ពឹង​ផ្អែកលើ​ការផលិត មាន​លំហរ​ចេញចូល​ទំនិញ​និង លំហូរ​កម្លាំង​ពលកម្ម​ជាដើម។ បើ​យោងតាម​ការជជែក​ពិភាក្សា​កន្លងមក​មុខជំនាញ​ចំនួន ៨ រួមទាំង​វេជ្ជបណ្ឌិត គិលានុបដ្ឋាក និង​គណនេយ្យករ​អាច​ធ្វើការ​ងារ​នៅ​រាល់​បណ្តា​ប្រទេស​ទាំង១០ជា​សមាជិក គេ​សង្កេតឃើញថា ការលេចឡើង​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នេះ​ជា​សញ្ញា​វិជ្ជមាន​និង​ជំរុញ​ដល់​ការ​ឈានទៅ​រៀបចំ​សមាហរណកម្ម​ក្នុង​តំបន់​ឲ្យ​កាន់តែ​ស៊ីជម្រៅ​នៅពេល​ខាងមុខ​ផង។ ហើយ​ប្រជាជន​ក្នុងប្រទេស​អាស៊ាន​ហាក់​កំពុង​ត្រៀមខ្លួន​ស្វាគមន៍​សហគមន៍​សេដ្ឋកិច្ច​នេះដែរ។

ដោយសារ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន នឹងមាន​ច្បាប់ទម្លាប់​តែមួយ​ពាក់ព័ន្ធ​ការធ្វើ​ជំនួញ  ហើយ​អាស៊ាន​ជា​ប្លុក​សេដ្ឋកិច្ច​ដែលមាន​កម្លាំង​ពលកម្ម​លំដាប់​លេខ​បី​លើ​ពិភពលោក​នោះ វា​នឹង​អាច​ទាញយក​ការវិនិយោគ​បរទេស​កាន់តែច្រើន។ ហើយ​គេ​រំពឹងថា​កំណើន​វិ​ន​យោគ​ទុន​បរទេស​នោះ​នឹង​ជួយ​ឲ្យ​មាន​កំនើនសេដ្ឋកិច្ច​ចន្លោះ​ពី ៥ទៅ ៦ភាគរយ​រាល់​ឆ្នាំ​ផង។

យ៉ាងណា​ក៏ដោយចុះ អ្នកជំនាញ​បាន​វាយតម្លៃថា​ប្រទេស​សមាជិក​មួយចំនួន​នឹង​ប្រឈមមុខ​ជាមួយ​បញ្ហា​ច្រើន​ក្នុង​ដំណើរ​សមាហរណកម្ម​នេះ​ដោយសារ​ភាពខុសគ្នា​នៃ​កំណើនសេដ្ឋកិច្ច និង​អភិវឌ្ឍន៍​របស់​សមាជិក​នីមួយ ។ ហើយ​ម្យ៉ាង ការយល់ដឹង​ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ផលចំណេញ និង​បញ្ហា​ប្រឈម​ក្នុងចំណោម​អ្នកជំនួញ ឬ​ប្រជាជន​ក្នុងប្រទេស​សមាជិក​អាស៊ាន​មាន​កម្រិត​ទាប​នៅឡើយ។

បើ​យោងតាម​របាយការណ៍​ស្ទង់​មតិ​របស់​ម៉ាឡេស៊ី សហគ្រាស​ធុន​តូច​និង​មធ្យម រួមជាមួយ​ស្ថាប័នឯកជន​ផ្សេងទៀត​ហាក់បីដូចជា​មិន​បានដឹង​ទាល់តែសោះ​ថា​តើ​សហគមន៍​សេដ្ឋកិច្ច​នេះ​ជា​អ្វី និង​ការបង្កើត​សហគមន៍​នេះ​ផ្តល់​ប្រយោជន៍​អ្វីខ្លះ​ដល់​ពួកគេ។ ក្នុងចំណោម សហគ្រាស​ជាង១០០០ សហគ្រាស​ច្រើនជាង​ពាក់កណ្តាល​មិនបាន​ដឹង​សោះ​ថា​អ្វី​ទៅជា​សហគមន៍​អាស៊ាន​នេះ។  

ប៉ុន្តែ វា​គ្រាន់តែ​ជាការ​ចាប់ផ្តើម​ប៉ុណ្ណោះ ដូច្នេះ​សមាជិក​អាស៊ាននីមួយៗចាំបាច់​ត្រូវ​ចាប់ដៃគ្នា ដោយ​ជិះ​លើ​ទូក​តែមួយ ប្រឹងប្រែង​ធ្វើយ៉ាងណា​ធ្វើ​ឲ្យ​សមាហរណកម្ម​តំបន់​កាន់តែ​ស៊ីជម្រៅ និង ជំរុញ​ការកាត់បន្ថយ​គម្លៀត​នៃ​ចំណូល និង​ការអភិវឌ្ឍន៍​រវាង​សមាជិក​ចាស់​និង​សមាជិក​ថ្មី។ ហើយ​ម្យ៉ាង​សហគមន៍​មួយ​នេះ​មិនអាច​ទៅមុខ​រួច​ទេ បើ​គេ​មិន​ផ្តល់​តម្លៃ​លើ​ការរក្សាសន្តិសុខ សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ នៅពេល​គេ​ដើរ​លើផ្លូវ​រួមគ្នា៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​