កម្ពុជា​នឹង​ទទួល​បាន​ផល​ចំណេញច្រើន​នៅ​ពេល​សមាហរណកម្មអាស៊ាន​រួម​ទាំង​អចលនទ្រព្យ

រាជធានី​ភ្នំពេញ ៖ ខណៈ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​កាន់តែ​ខិតចូល​មក​ដល់​នោះ បណ្ដា​សហគ្រិនរដ្ឋ និង​ផ្នែក​ឯកជន​នានា បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ហើយ រីឯ​មួយ​ចំនួន​ទៀត​ហាក់​មិន​ទាន់​ទុកចិត្ត​ទាំងស្រុង​នៅឡើយ​ទេ ។ ដោយឡែក អ្នកជំនាញ​ខាង​វាយតម្លៃ​អចលនវត្ថុ​កម្ពុ​ជាមួយ​ចំនួន​មាន​សុទិដ្ឋិនិយម និង​រំពឹង​ទុក​ថា នៅ​ពេល​ព្រឹត្តិការណ៍​នោះ​មក​ដល់ កម្ពុជា​អាច​ទទួល​បាន​ផល​ចំណេញ​ច្រើន ឬ​មានគុណ​សម្បត្តិ​ច្រើន​ជាង​គុណវិបត្តិ ។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ឡាក់​គី លោក ឌឹ​ត ច​ណ្ណា បាន​មាន​ប្រសាសន៍​ថា ៖ «​ផល​ចំណេញ​ពី​អាស៊ាន​សម្រាប់​កម្ពុជា​អាច​ទទួល​បាន​ច្រើន​ដូច​ជា ឱកាស​ពង្រីក​មុខរបរ​និង​អាជីវកម្ម​ផ្សេង​ៗ ដោយសារ​អាជីវកម្ម​មួយ​ចំនួន​ទើបតែ​បង្កើត​ឡើង និង​មិន​ទាន់​បាន​ទូលំទូលាយ​។ ឱកាស​នៃ​ការ​ទទួល​បាន​ពី​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​សម្រាប់​កម្ពុជា​យើង​មាន​ច្រើន​ដូច​ជា ទីផ្សារ​ការងារ ព្រោះ​នៅ​ពេល​នោះ លំហូរ​នៃ​ការ​វិនិយោគ​មក​កម្ពុជា​ក៏​មាន​ច្រើន ហើយ​តម្រូវការ​ពលកម្ម​ដើម្បី​បំពេញការងារ​នោះ ក៏​មាន​ច្រើន​ដែរ​» ។

លោក​បន្ត​ថា ៖ «​ទន្ទឹម​នឹង​គុណសម្បត្តិ​ច្រើន ក្នុង​នោះ​ក៏​មានគុណ​វិបត្តិ​ផង​ដែរ ពេល​ដែល​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ចូល​មក​ដល់ ដូច​ជា កម្លាំង​ពលករ​ជំនាញ​នៅ​កម្ពុជា​នៅ​មិន​ទាន់​សម្បូរ​ដូច​បណ្ដា​ប្រទេស​ក្នុង​អាស៊ាន ហើយ​សមត្ថភាព​ក្នុង​ការ​ប្រកួតប្រជែង​របស់​សហគ្រិន​កម្ពុជា ក៏​នៅ​មាន​កម្រិត​ដែរ ព្រោះ​ទើបតែ​បង្កើត​ថ្មី មិន​ទាន់​មានបទពិសោធន៍ និង​ជំនាញ​ខ្លាំង​ណាស់ណា​ទេ​» ។

ចំណែក​លោក គី​ម ហ៊ា​ង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា មាន​ប្រសាសន៍​ថា ៖ «​នៅ​ពេល​ដែល​អាស៊ាន​បើក នឹង​មាន​កត្តា​ចំណេញ​ច្រើន​ដល់​កម្ពុជា ក្នុង​នោះ​វិនិយោគិន​នឹង​ចូល​មក​កាន់តែ​ច្រើន​ក្នុង​វិស័យ​ផ្សេង​ៗ​ទៀត ក្រៅពី​អចលនទ្រព្យ ហើយ​មិនមែន​មាន​តែ​ផ្នែក​អចលន​ទ្រព្យ​មួយ​ទេ គឺ​មាន​គ្រប់​ផ្នែក​ដូច​ជា សណ្ឋាគារ ក្រុមហ៊ុន​ទេសចរណ៍ ក្រុមហ៊ុននាំចេញ​-​នាំ​ចូល ក្រុមហ៊ុន​ផលិតកម្ម សំណង់ ជាដើម ។ ទន្ទឹម​នឹង​មាន​វិនិយោគិន​មក​ច្រើន​នោះ គេ​ក៏​យក​លុយ​ពី​យើង​ទៅ​វិញ​ច្រើន​ដែរ​» ។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​រូប​នេះ​បន្ត​ថា ៖ «​នៅ​កម្ពុជា​យើង ជនបរទេស​ពុំ​មាន​សិទ្ធិ​ទិញ​ដី​ពិតមែន ប៉ុ​ន្តែ​ពួក​គេ​មាន​សិទ្ធិ​បើក​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ដោយ​ខ្លួនឯង​បាន ។ ដូចនេះ នៅ​ពេល​គេ​មក​បើក​ក្រុមហ៊ុន​ធ្វើ​ថៅកែ​ដោយ​ខ្លួនឯង លុយ​ដែល​ចូល​មក​មិន​ចាំបាច់​មាន​ភាគហ៊ុន​ទេ ហើយ​ពេល​លុយ​ចូល​ច្រើន គេ​យក​ក៏​លុយ​នោះ​ត្រឡប់​ទៅ​ស្រុក​គេ​វិញ គឺ​វា​រឿង​ខុស​ពី​ស្រុក​គេ នៅ​ពេល​យើង​ចង់ទៅ​បើក​ក្រុមហ៊ុន​នៅ​ស្រុក​គេ យើង​ត្រូវ​ចាប់​ដៃគូ​ជាមួយ​ម្ចាស់​ភាគហ៊ុន​ក្នុងស្រុក​នោះ ទើប​អាច​បើក​បាន ហើយ​ពេល​ទទួល​បាន​ប្រាក់​ចំណេញ ត្រូវ​តែ​ចែក​ភាគហ៊ុន​គ្នា​រវាង​ក្រៅ​ស្រុក និង​ក្នុងស្រុក​» ។

លោក​បន្ត​ថា ៖ «​នៅ​ក្នុង​សមាគម​សេដ្ឋកិច្ច​អាស៊ាន​មក​ដល់ ការ​ដណ្ដើម​ទីផ្សារ និង​ការងារ គឺជា​រឿង​ត្រឹមត្រូវ​ហើយ ។ តាម​ធម្មតា ការ​រកស៊ី អ្នក​ណា​ខ្លាំង អ្នក​ណា​ពូកែ អ្នក​នោះ​នឹង​ទទួល​បាន​ផល​ចំណេញ​ច្រើន ឧទាហរណ៍ អាជីវករ​លក់ដូរ​ក្នុង​ផ្សារ តូប​ជិត​គ្នា​លក់​របស់​ដូច​គ្នា ចុះ​ហេតុ​អី​ក៏​មាន​មួយ​លក់ដាច់ និង​មួយទៀត​លក់​មិនសូវ​ដាច់ ។ នៅ​ពេល​ដែល​បើក​ទីផ្សារ​អាស៊ាន យើង​ក៏​ទៅ​គេ គេ​ក៏​មក​យើង ហើយ​ជា​ធម្មតា បើសិនជា​យើង​មិន​ចេះ យើង​អន់ គេ​មក​ដណ្ដើម វា​ជា​រឿង​ត្រឹមត្រូវ​ហើយ ។ បើសិនជា​យើង​មិន​ចង់ឱ្យ​គេ​មក​ដណ្ដើម យើង​អាច​ទៅ​បើក​ក្រុមហ៊ុន​រកស៊ី​នៅ​ប្រទេស​បណ្ដា​អាស៊ាន​បាន ប៉ុ​ន្តែ​សមត្ថភាព​វិនិយោគិន​មួយ​ចំនួន​ហាក់​នៅ​មិន​ទាន់​អាច​ទៅ​រួច​ទេ ព្រោះ​សព្វ​ថ្ងៃនេះ អ្នកមាន​មួយ​ចំនួន​មាន​ដោយសារ​តែ​ចំណេះដឹង និង​ខ្លះ​ទៀត​មាន​ដោយសារ​ឱកាស ។ ដូចនេះ អ្នកមាន​ដោយសារ​ឱកាស ពិតជា​ពិបាកទៅ​បើក​ក្រុមហ៊ុន​នៅ​ក្រៅប្រទេស​បន្តិច​» ។

លោក ប៉ូ អ៊ា​វ​គង់ អ្នកគ្រប់គ្រង​ក្រុមហ៊ុន​អចលនទ្រព្យ​អេ​ស៊ា​រៀល​អុ​ី​ស្ទេ​ត មាន​ប្រ​-​សាសន៍​ថា ៖ «​វា​ជា​ឱកាសល្អ​មួយ​សម្រាប់​កម្ពុជា ពេល​បើក​សមាហរណកម្ម​អាស៊ាន​ដើម្បី​ទាក់ទាញ​វិនិយោគិន​ពី​ក្រៅប្រទេស​មក​កាន់​កម្ពុជា​យើង ហើយ​ក៏​ជា​ឱកាស​ការងារ​មួយ​ផង​ដែរ​សម្រាប់​ពលរដ្ឋ​កម្ពុជា ។ ក្នុង​រយៈពេល​២-៣​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​វិនិយោគិន​ចូល​មក​ស្រុក​ខ្មែរ​ជា​បន្តបន្ទាប់ ដោយ​ពួក​គេ​មិន​រង់ចាំ​ដល់​អាស៊ាន​ចូល​មក​នោះ​ទេ គឺ​ពួក​គេ​មក​ដល់​មុន ហើយ​នៅ​ពេល​អាស៊ាន​ចូល​មក​ដល់ ឱកាស​របស់​ពួក​គេ​ក្នុង​ការ​ពង្រីក​វិសាលភាព ក៏​ងាយ​ដែរ​» ។

លោក​បន្ត​ថា ៖ «​ទាក់ទង​នឹង​វិស័យ​អចលនទ្រព្យ ជា​ពិសេស ផ្តោត​ទៅ​លើ​អ្នក​វាយតម្លៃ​ជូន​អតិថិជន ក៏​ដូច​ជា​អ្នក​វិនិយោគ​នៅ​ពេល​នេះ អ្នក​វាយតម្លៃ​អចលនទ្រព្យ​មួយ​ចំនួន​នៅ​មិន​ទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​វាយតម្លៃ​អចលនទ្រព្យ​អាស៊ាន​ទាំងមូល​ទេ ។ ទន្ទឹម​នឹង​នេះ ក៏​មាន​អ្នក​វាយតម្លៃ​ខ្លះ​មាន​សមត្ថភាព​វាយតម្លៃ​លើ​អចលនទ្រព្យ​អាស៊ាន​បាន​ផង​ដែរ​» ។

ជា​ចុង​ក្រោយ លោក​បញ្ជាក់​ថា ៖ «​ខ្ញុំ​គិត​ថា ក្រុមហ៊ុន​វាយតម្លៃ​នៅ​ស្រុក​ខ្មែរ​មួយ​ចំនួន​ធំ​នៅ​មាន​កម្រិត​នៅឡើយ ដូច​ជា​ខាង​ផ្នែក​ភាសា​ជាដើម ព្រោះ​ពេល​យើង​ទៅ​វាយតម្លៃ​នៅ​បរទេស ប្រាកដជា​ត្រូវការ​ភាសា​គោល​មួយ​ដើម្បី​ទាក់ទង​គ្នា ហើយ​ចំនួន​ទៀត ក៏​អាច​វាយតម្លៃ​នៅ​តាម​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​បាន​ផង​ដែរ​» ៕