Herun Group គ្រោង​បោះទុន​វិនិយោគ​១,៥​ប៊ី​លាន​ដុល្លារ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​នេះ វិស័យ​អចលនទ្រព្យ​កំពុង​មាន​សន្ទុះ​យ៉ាង​ខ្លាំង តាម​រយៈ​កំណើន​ហូរ​ចូល​ឥណទាន វិនិយោគ​បរទេស និង​វិនិយោគ​ក្នុង​ស្រុក ។ ការ​រីក​ចម្រើន​នេះ ដោយសារ​តែ​កម្ពុជា​រក្សា​បាន​នូវ​ស្ថិរភាព​នយោបាយ កំណើនសេដ្ឋកិច្ច​រឹង​មាំ បើ​ធៀប​នឹង​បណ្ដា​ប្រទេស​ក្នុង​តំបន់ ដែល​បាន​ធ្វើ​ឱ្យ​វិនិយោគិន​ក្នុងស្រុក និង​បរទេស​ផ្ដល់​នូវ​ទំនុកចិត្ត​លើ​គោលនយោបាយ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស យើង​មានច្បាប់​វិនិយោគ​ល្អ និង​មាន​បទដ្ឋាន​គតិ​យុ​ត្ត​នានា ដែល​ជួយ​ទាក់ទាញ​វិនិយោគិន​បរទេស​ឲ្យ​មក​បណ្ដាក់ទុន​នៅ​កម្ពុជា ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​ទីផ្សារ​ទាក់ទាញ​ដ៏​សំខាន់​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម និង​ចាប់​ដៃគូ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក ។

ជាក់ស្តែង Herun Group Co., Ltd ដែល​ជា​ក្រុមហ៊ុន​យក្ស​របស់​ចិន គ្រោង​បោះទុន​វិនិយោគ​នូវ​ទឹកប្រាក់​ចំនួន​១,៥​ប៊ី​លាន​ដុល្លារ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន Royal Group ។

ថ្លែង​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា លោក Yu Songbo អគ្គនាយក​ក្រុមហ៊ុន Herun Group Co., Ltd បាន​មាន​ប្រសាសន៍​ថា ៖ «​កម្ពុជា ជា​ប្រទេស​មួយ​ស្ថិត​នៅ​ចំណុចកណ្តាល​នៃ​ផ្លូវ​សូត្រ​របស់​ប្រទេស​ចិន ។ ទន្ទឹម​នឹង​នេះ ប្រទេស​ទាំង​ពីរ​ក៏​មាន​ចំណង​មិត្តភាព​ល្អជា​មួយ​គ្នា​ជា​យូរយា​ណាស់​មក​ហើយ ។ ទាំងនេះ​គឺជា​មូលហេតុ​ដែល​នាំ​ឲ្យ​ក្រុមហ៊ុន Herun Group Co., Ltd ជ្រើសរើស​យក​ក្រុមហ៊ុន​ដៃគូ​វិនិ​យោគ​នៅ​កម្ពុជា ក្នុង​ការ​ធ្វើ​អាជីវកម្ម​» ។

លោក​បន្ត​ថា ៖ «​កត្តា​ដែល​ជំរុញ​ឲ្យ​ក្រុមហ៊ុន​របស់​លោក​ជ្រើសរើស​យក Royal Group ធ្វើ​ជា​ដៃគូ​សហការ​នា​ពេល​នេះ ព្រោះតែ​ក្រុមហ៊ុន Royal Group មាន​រចនាសម្ព័ន្ធ​ដឹកនាំ និង​ការ​គ្រប់គ្រង​ទៅ​តាម​លក្ខណៈ​ស្តង់ដា ដែល​យើង​អាច​រកស៊ី​ជាមួយ​គ្នា​បាន ។ ក្នុង​ជំហាន​ដំបូង​នៃ​ការ​វិនិយោគ ក្រុមហ៊ុន​គ្រោង​បោះទុន​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​១,៥​ប៊ី​លាន​ដុល្លារ​ទៅ​លើ​វិស័យ​អចលនទ្រព្យ ដើម្បី​ចូលរួម​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​»​។

ចំណែក​អគ្គនាយករង​ក្រុមហ៊ុន Royal Group លោក គិត ធាង បាន​មាន​ប្រសាសន៍​ដែរ​ថា ៖ «Herun Group Co., Ltd គឺជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​ចិន ដែល​ទទួល​បានការ​គាំទ្រ​ពី​រដ្ឋាភិបាល​ចិន ហើយ​ក៏​ជា​លើក​ទី​មួយ​ផង​ដែរ ដែល Herun Group Co., Ltd បាន​ចូល​មក​កម្ពុជា តាម​រយៈ​ក្រុមហ៊ុន Royal Group ក្នុង​គោលបំណង​បង្កើត​កិច្ចសហការ​លើ​វិស័យ​ជា​ច្រើន ក្រៅពី​វិស័យ​សំណង់ តួយ៉ាង​មាន​ដូច​ជា វិស័យ​កសិកម្ម ការ​ដឹក​ជញ្ជូន និង​ស៊ីម៉ងត៍ ជាដើម​» ។​ល​។

លោក​បន្ត​ថា ៖ «​ក្រុមហ៊ុន​មក​ពី​ចិន​មួយ​នេះ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​សហការ​ធ្វើ​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Royal Group របស់​យើង​។ គម្រោង​ដែល​ក្រុមហ៊ុន​បាន​លើក​ឡើង​នេះ ពួក​គាត់​មិន​ទាន់​កំណត់​ថា នឹង​ត្រូវ​ចាប់ផ្តើម​នៅ​ពេល​ណា​នោះ​ទេ ប៉ុន្តែ​វា​អាច​លេច​រូបរាង​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​» ។

អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ លោក ស្រី ច​ន្ធី មាន​ប្រសាសន៍​ថា ៖ «​បើ​មើល​ពី​និន្នាការ​ពិភពលោក​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ឃើញ​ថា ប្រទេស​ចិន​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​សេដ្ឋកិច្ច​ពិភពលោក ។ វិនិយោគិន​ចិន​បាន​បោះទុន​វិនិយោគ​មិន​ត្រឹមតែ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ គឺ​មាន​ស្ទើរ​ទូ​ទាំង​ពិភពលោក​ទាំងអស់ ។ សម្រាប់​កម្ពុជា​វិញ វិនិយោគិន​ចិន​មាន​ច្រើន​ជាង​កាលពី​៥​ឆ្នាំ​មុន ។ វិនិយោគិន​ចិន​មាន​សារសំខាន់ ហើយ​ទៅ​ថ្ងៃ​អនាគត ប្រសិនបើ​ចិន​មាន​ការ​អភិវឌ្ឍ និង​កែទម្រង់​ល្អ​នៅ​ចិន​នោះ ខ្ញុំ​គិត​ថា វិនិយោគិន​ចិន​នៅ​តែ​មាន​សារសំខាន់​បន្ត​ទៀត ប៉ុន្តែ​យើង​ត្រូវ​មានច្បាប់​ទាក់ទាញ ធ្វើ​ម៉េច​ឲ្យ​បរិស្ថាន​អាជីវកម្ម​នៅ​កម្ពុជា​ល្អ ដែល​ទ្រទ្រង់​ដល់​សិទ្ធិ​ពលរដ្ឋ និង​កម្មករ​» ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៥​នេះ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា​មាន​តម្លៃ​ទឹកប្រាក់​ចំនួន​១.៧៥២​លាន​ដុល្លារ កើន​ទ្បើ​ង​ពី​១៥៤០​លាន​ដុល្លារ កាលពី​ឆ្នាំ​២០១៤ ដែល​ស្មើនឹង​កំណើន​១.៣៧៥​ភាគរយ ។

គិត​ចាប់ពី​ឆ្នាំ​២០០០ រហូត​ដល់​រយៈពេល​៩​ខែ​ដើមឆ្នាំ​នេះ មាន​គម្រោង​វិនិយោគ​របស់​បរទេស​ដែល​ទទួល​បាន​លិខិតអនុញ្ញាត​ឱ្យ​សាងសង់​ចំនួន​២៣៩ និង​មាន​ទុន​វិនិយោគ​សរុប​ចំនួន​ជាង​៣.២៩២​លាន​ដុល្លារ​អា​មេ​រិ​ក ។ ក្រៅពី​នេះ ជា​គម្រោង​វិនិយោគ​ដោយ​វិនិយោគិន​ក្នុងស្រុក និង​គម្រោង​របស់​វិនិយោគិន​ក្នុងស្រុក​សហការ​ជាមួយ​ជនបរទេស ។

ដោយឡែក​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន គិត​ចាប់ពី​ឆ្នាំ​១៩៩៤ រហូត​ដល់​ឆ្នាំ​២០១៥ ក្រុមហ៊ុន​ចិន​ដែល​បាន​វិនិយោគ​នៅ​កម្ពុជា​មាន​ចំនួន​៥៤៣​គម្រោង សរុប​ជា​ទឹកប្រាក់​ស្មើនឹង​១០,១​ប៊ី​លាន​ដុល្លារ​។ នៅ​ក្នុង​ឆ្នាំ​២០១៤ ការ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​មាន​៧០​គម្រោង ជាមួយ​ទឹកប្រាក់​៥៣២​លាន​ដុល្លារ កើនឡើង​២២​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៣ មាន​ត្រឹមតែ​៤៣៦​លាន​ដុល្លារ​ប៉ុណ្ណោះ ។

ទន្ទឹម​នឹង​នេះ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ បាន​ជំរុញ​ឲ្យ​ទំហំ​ពាណិជ្ជកម្ម​ឈាន​ដល់​៥០០០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧​ខាង​មុខ ។ ដើម្បី​សម្រេច​ផែនការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​ក្នុង​រយៈពេល​៥​ឆ្នាំ​(២០១៣-២០១៧)​ជាមួយនឹង​យុទ្ធសាស្ត្រ​នៃ​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ កម្ពុជា​រំពឹង​ថា ពាណិជ្ជកម្ម​ទ្វេភាគី​(​កម្ពុជា​-​ចិន​) នឹង​កើនឡើង​១០​ភាគរយ​នៅ​ឆ្នាំ​២០១៥ , ៨​ភាគរយ​នៅ​ឆ្នាំ​២០១៦ និង​៦​ភាគរយ​នៅ​ឆ្នាំ​២០១៧ ៕