វិស័យ​អចលនទ្រព្យ​ប្រឈម​នឹង​ការ​ផ្គត់ផ្គង់​លើស​ពី​តម្រូវការ

ប្រទេស​សិង្ហ​បុរី ៖ ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា​ផ្នែក​អចលនទ្រព្យ Savills បាន​ព្រមាន​ថា ការ​ផ្គត់ផ្គង់​លើស​ក្នុង​ឧស្សាហកម្ម​អចលនទ្រព្យ​កំពុង​កើនឡើង ក្នុង​នោះ​មាន​កន្លែង​ទំនេរ​សម្រាប់​រោងចក្រ និង​ឃ្លាំង​ទំហំ​៤០,៤​លាន​ហ្វី​ត​កា​រ៉េ ត្រូវ​គេ​រៀបចំ​បង្ហាញ​នៅ​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ក្រុមហ៊ុន​បាន​សរសេរ​ក្នុង​របាយការណ៍​ថា ការ​ហូរ​ចូល​ដោយ​គំហុក​នេះ នឹង​ទម្លាក់​តម្លៃ​ទីផ្សារ​មិន​អាច​ចៀស​ផុត​ឡើយ ។

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ផ្នែក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន Savills លោក Alan Cheong មាន​ប្រសាសន៍​ថា ៖ «​ទោះជា​ជួបនឹង​ការ​លំបាក​យ៉ាងណា​ក៏​ដោយ ក៏​យើង​នៅ​តែ​មាន​ក្តី​សង្ឃឹម​ដែរ ។ ការ​ឈាន​ចូល​របស់​បណ្តា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ថ្មី​មក​សិង្ហ​បុរី​នេះ នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កន្លែង​ទំនេរ​សម្រាប់​ឧស្សាហកម្ម ព្រមទាំង​អាច​ស្រូប​យក​ប្រាក់​ចំណូល​ពី​ការ​ផ្គត់ផ្គង់​ឧស្សាហកម្ម​អចលនទ្រព្យ​ទៀត​ផង ។ ប៉ុន្តែ​ត្រូវ​ចំណាយពេល​យ៉ាង​ហោច​ណាស់​៤​ឆ្នាំ ដើម្បី​រក្សា​ស្ថិរភាព​អ​តុល្យភាព​ផ្គត់ផ្គង់ និង​តម្រូវការ​ត្រឹម​ឆ្នាំ​២០១៩ » ។

របាយការណ៍​បង្ហាញ​ទៀត​ថា ទោះជា​ទិន្នផល​រោងចក្រ​កំពុង​រួញ​ខ្លី​ក៏​ដោយ ក៏​រចនាសម្ព័ន្ធ​ក្នុង​វិស័យ​ឧស្សាហកម្ម​អាច​ផ្លាស់​ប្តូរ​បាន ដែល​ជំរុញ​ដោយ​ការ​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ក្នុង​តំបន់ និង​កំណើនសេដ្ឋកិច្ច​ឌី​ជី​ថ​ល ។ ឧស្សាហកម្ម​អចលនទ្រព្យ​ចំនួន​៣-៤ កំពុង​តែ​ស្វែងរក​ការ​ផ្គត់ផ្គង់​ដល់​បណ្តា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទាំងនោះ ហើយ​មួយ​ចំនួន​បាន​សម្លឹង​ឃើញ​លទ្ធផល​ល្អ​ក្នុង​កិច្ចសហការ ។

Savills បាន​កត់​សម្គាល់ថា មជ្ឈមណ្ឌល​របស់​Singapore Post ក្នុង​តំបន់ Paya Lebar នឹង​ត្រូវ​បាន​រៀបចំ​ផ្ទេរ​ទៅ​ក្នុង​ម​ជ្ឈ មណ្ឌល​ពាណិជ្ជកម្ម​អុ​ី​ន​ធើ​រ​ណេ​ត​វិញ ខណៈ​មជ្ឈមណ្ឌល Kingsland Data Centre បាន​បើកទ្វារ​ដើម្បី​បោះទីតាំង​ពេញលេញ​មួយ​កាលពី​ខែ​មុន ។

ចំណែក​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ពាណិជ្ជកម្ម ក៏​គ្រោង​នឹង​សម្រួល​ដល់​បណ្តា​សហគ្រាស​ពាណិជ្ជកម្ម​ថ្មី ដែល​បម្រុង​ជួយ​ជំរុញ​បន្ថែម​ទៀត​នូវ​កំណើនសេដ្ឋកិច្ច និង​ការងារ​ផង​ដែរ ។

លោក​Alan Cheong មាន​ប្រសាសន៍​ទៀត​ថា ៖ «​រដ្ឋាភិបាល​បាន​ព្យាយាម​ទាក់ទាញ​បណ្តា​ក្រុមហ៊ុន​អន្តរជាតិ​ក្នុង​ផ្នែក​បច្ចេកវិទ្យា និង​ឧស្សាហកម្ម​បោះ​ពុ​ម្ភ​ផ្សាយ 3D ដើម្បី​បង្កើត​ប្រតិបត្តិការ​នៅ​ទី​នេះ ។ ក្រុមហ៊ុន​ទាំងអស់​នឹង​មាន​ក្បាលដី​ស្ថិត​ក្នុង​ដី​ឧស្សាហកម្ម​របស់​រដ្ឋ តាម​រយៈ​ការ​ណែនាំ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​» ។

ដោយឡែក ចំពោះ​ការ​លក់ និង​ការ​ជួល​កន្លែង​ទំនេរ​សម្រាប់​បម្រើ​ឱ្យ​ផ្នែក​ឧស្សាហកម្ម គឺ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ​ហើយ ព្រោះតែ​ការ​ស្ទុះ​យឺត​ក្នុង​ចក្ខុវិស័យ​សេដ្ឋកិច្ច ។

Savills ឲ្យ​ដឹង​ទៀត​ថា ការ​លក់​រោងចក្រ​ជា​ជាន់​ៗ ឬ​យូ​នី​ត​បាន​រួញ​ខ្លី​ក្នុង​កម្រិត​ទាប​ថ្មី​មួយ គឺ​ប្រមាណ​ជា​៣២៦​យូ​នី​ត​ក្នុង​ត្រីមាស​ទី​៣ ធ្លាក់​ចុះ​២៨,៤% ធៀប​នឹង​ត្រីមាស​ទី​២ ឬ​មាន​កម្រិត​ទាប​ជាង​អំឡុង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំទៅ​៤១,៥% ។

តម្លៃ​ក៏​បាន​ទទួល​រង​ផល​ប៉ះពាល់​ផង​ដែរ ជា​លទ្ធផល តម្លៃ​អចលនទ្រព្យ High Class (Freehold) បាន​ធ្លាក់​ចុះ​០,៧% ធៀប​នឹង​ត្រីមាស​ទី​២ ឬ​ស្មើនឹង​៦៥៥​ដុល្លារ​ក្នុង​មួយ​ហ្វី​ត​កា​រ៉េ ខណៈ​តម្លៃ​អចលនទ្រព្យ​ជួល​រយៈពេល​៦០​ឆ្នាំ បាន​ធ្លាក់​ចុះ​០,៤% ធៀប​នឹង​ត្រីមាស​មុន ឬ​ស្មើនឹង​៤៨៣​ដុល្លារ​ក្នុង​មួយ​ហ្វី​ត​កា​រ៉េ ។

ចំណែក​ការ​ជួល​៣០​ឆ្នាំ មាន​តម្លៃ​កើនឡើង​៣,៩% ពី​ត្រីមាស​ទី​២ ទៅ​ត្រីមាស​ទី​៣ ឬ​ស្មើនឹង​៣៨៥​ដុល្លារ​ក្នុង​មួយ​ហ្វី​ត​កា​រ៉េ ។

ក្រុមហ៊ុន Savills បន្ថែម​ថា ការ​រង​ឥទ្ធិពល​ផ្នែក​សេដ្ឋកិច្ច និង​កម្រិត​ការងារ​នៅ​តែ​អូស​ទាញ​លើ​លទ្ធភាព​ក្នុង​ការ​ជួល​ដដែល ។ ជាក់ស្តែង មុខ​ជំនួញ​ជួល​រោងចក្រ និង​ឃ្លាំងទំនិញ​បាន​ធ្លាក់​ចុះ​១២,៣% ឬ​ស្មើនឹង​បរិមាណ​២.០៣១​យូ​នី​ត​ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៥ ធៀប​នឹង​បរិមាណ​២.៣១៧​យូ​នី​ត​ក្នុង​ត្រីមាស​មុន ។

ការ​ជួល​កន្លែង​ទំនេរ​សម្រាប់​រោងចក្រ និង​ឃ្លាំងទំនិញ​នេះ​នៅ​តែ​ជាប់​គាំង​ក្នុង​ហាងឆេង​១,៨៥​ដុល្លារ​ក្នុង​មួយ​ហ្វី​ត​កា​រ៉េ​ក្នុង​មួយ​ខែ​ដដែល ខណៈ​ការ​ជួល​ឲ្យ​ផ្នែក​ឧស្សាហកម្ម​បច្ចេកវិទ្យា​ខ្ពស់ ក៏​នៅ​ត្រឹង​ក្នុង​អត្រា​៣​ដុល្លារ​ក្នុង​មួយ​ហ្វី​ត​កា​រ៉េ​ក្នុង​មួយ​ខែ​ដែរ ៕