លោក​ហ៊ុន ម៉ា​នី ទទួល​រង្វាន់ The ASEAN People’s Award

ភ្នំពេញ: ​លោក​ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ឡើងទៅ​ទទួល​រង្វាន់ "The ASEAN People’s Award" (​រង្វាន់​ប្រជាជន​អាស៊ាន​) នា​អំឡុង​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៧ នៅក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី នា​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៥​។

​រង្វាន់​ប្រជាជន​អាស៊ាន ត្រូវបាន​បង្កើតឡើង​ដើម្បី​លើកទឹកចិត្ត​ដល់​ស្ថាប័ន និង​ពលរដ្ឋ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ទាក់ទង​នឹង​ការខិតខំ​ប្រឹងប្រែង​ក្នុង​ការកសាង​សមត្ថភាព​រួមមាន កិច្ចការ​នយោបាយ សង្គម វប្បធម៌ សេដ្ឋកិច្ច អប់រំ យុវជន និង​ការបំពេញ​ការងារ​ស្ម័គ្រចិត្ត​នៅតាម​សហគមន៍​ជាដើម​។ រង្វាន់​ដែលមាន​ទឹកប្រាក់ ១ ម៉ឺន​ដុល្លារ​នេះ ត្រូវ​ផ្តល់ឱ្យ​ជ័យលាភី​នៃ​រដ្ឋ​នីមួយៗ ដើម្បី​ជំរុញ​ទឹកចិត្ត​ពួកគេ​បន្តសកម្មភាព​របស់ខ្លួន​។​

​លោក​ហ៊ុន ម៉ា​នី ត្រូវបាន​ជ្រើសរើស​តំណាងឱ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្នុង​ការទទួល​រង្វាន់​នេះ ហើយ​បាន​លោក​ក៏​ទទួល​លិខិតបញ្ជាក់​ពី​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា កន្លងមក​។ ក្រសួងការបរទេស​ប​ញ្ជា​ក់ថា ការផ្តល់​ជ័យលាភី​នេះ គឺ​បន្ទាប់ពី​ឆ្លងកាត់​ការវិនិច្ឆ័យ​របស់​គណៈ​ក​ម្មា​ធិ​ការដែល​បានកត់សម្គាល់​ពី​ស្នាដៃ​លេចធ្លោ​របស់​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ក្នុងការ​ចូលរួម​អភិវឌ្ឍ​សង្គម និង​យុវជន រួមទាំង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជា​សមាជិក​អាស៊ាន​៕​