​​ឃាត​ករ​សម្លាប់​សង្សារ​ជា​គ្រូ​បង្រៀន​ដូច​គ្នាអាច​ជាប់​​គុក​មួយ​ជីវិត​

ខេត្ត​កណ្តាល​ ៖ បុរស​ជា​ឃាតករ​មុខ​ស្រស់​ដែល​ចាក់​សម្លាប់​សង្សារ​របស់ខ្លួន​ជា​គ្រូ​បង្រៀន​ដូច​គ្នា​ដោយ​សារ​តែ​ចង់​ដោះ​ដៃ​ពី​នាង​ មិន​ទទួល​ស្គាល់​រឿង​រ៉ាវ​ស្នេហា​ដែល​បាន​សាង​ជាមួយគ្នា​កន្លងមក​នោះ​ ត្រូវ​បាន​ចៅ​ក្រម​ស៊ើប​សួរ​​សាលា​ដំបូង​ខេត្ត​កណ្តាល​ លោក​សាយ សម្ភស្ស​សេរី ចេញ​ដីកាបង្គាប់​ឱ្យ​នាំ​ខ្លួន​ទៅ​ឃុំ​នៅ​ពន្ធ​នា​គារ​ខេត្ត​កណ្តាល​ កាល​ពី​រសៀល​ថ្ងៃ​ទី​២១ វិច្ឆិកា ដោយ​ចោទ​ពី​បទ​ឃាត​កម្ម​គិត​ទុក​ជាមុន​។

មន្ត្រី​សាលា​ដំបូង​ខេត្តកណ្តាល​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ឈ្មោះ​រម្យ សុង​ហេង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខ​របរ​ជា​គ្រូ​បង្រៀន​ មាន​ទី​លំនៅ​ភូមិ​លេខ​១ ឃុំ​ប្រាសាទ​ ស្រុក​ស្អាង មាន​ទី​លំនៅ​សព្វ​ថ្ងៃ ស្នាក់​នៅ​ផ្ទះ​ជួល​ភូមិ​ក្រពើ​ហា សង្កាត់​ព្រែក​ប្ញស្សី​ ក្រុង​តា​ខ្មៅ​។

ជន​សង្ស័យ​ត្រូវ​បាន​ចៅ​ក្រម​ស៊ើប​សួរ​ចោទ​ពី​បទ​ឃាត​កម្ម​គិត​ទុក​ជា​មុន​តាម​មាត្រា​២០០​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ គឺ​ជន​នេះ​អាច​ប្រឈម​នឹង​ការ​ដាក់​គុក​អស់​មួយ​ជីវិត​​​​​​​​​​​​​​​​​។

ក្រោយ​ពី​នគរ​បាល​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២០ វិច្ឆិកា ​​ជន​សង្ស័យបាន​សារភាព​ថា មូល​ហេតុ​ដែល​ខ្លួន​រៀប​ចំ​ផែន​ការ​សម្លាប់​សង្សារ​រប​ស់​ខ្លួន​ឈ្មោះ​ផែន សុធារី អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​ជួល​ជិត​គ្នា និង​ជា​គ្រូ​បង្រៀន​សាលា​អង់​គ្លេស​ ដោយ​សារ​តែ​ខ្លួន​ខឹង​នាង​ពូកែ​ប្រចណ្ឌ​ខ្លាំង​ពេក​ និង​ព្យាយាម​បបួល​ខ្លួន​ទៅ​ចុះ​សំបុត្រ​អាពាហ៍​ពិពាហ៍​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​ តែ​រូប​គេ​បាន​អស់​ចិត្ត​ឈប់​ស្រឡាញ់​នាង​។

ដោយ​សារតែ​នាង​តាម​ខ្លួន​ស្អិត​ខ្លាំង​ពេក​ដោះ​ដៃ​មិន​រួច​ទើប​រៀប​ចំ​ផែន​ការ​សម្លាប់​នាង​ចោល​កុំ​ឱ្យ​មាន​ទាក់​ទងនឹង​គ្នា​ទៀត​។​ ជន​សង្ស័យ​បាន​សារភាព​ទៀត​ថា នៅ​យប់​ថ្ងៃ​ទី​១៩ វិច្ឆិកា ខ្លួន​បាន​បបួល​នាង​ថា​ ទៅ​ស្រុក​កំណើត​នាង​ដើម្បី​ចុះ​សំបុត្រ​អាពាហ៍​ពិពាហ៍​ជាមួយ​គ្នា​។

ពេល​នាង​ឭខ្លួន​បបួល​ដូច​នេះ​មាន​អារម្មណ៍​ត្រេក​អរ​ជា​ខ្លាំង​​ក៏​ព្រម​រៀប​ចំ​ទៅ​ភ្លាម​ ដោយ​ខ្លួន​ជិះ​ម៉ូតូ​ឌុប​នាង​ និង​មាន​លាក់​កូន​កាំ​បិត​ចុង​ស្រួច​មួយ​ទុក​ជា​ស្រេច​។ ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​ស្រុក​ស្អាង​ចំណុច​ភូមិ​ស្វាយ​តា​នី ខ្លួន​បាន​ធ្វើ​ពុធ​ជា​ឈឺ​ពោះ​ ហើយ​ប្រាប់នាង​ថា ចង់​បត់​ជើង​ធំ​។

លុះ​នៅ​វេលា​ម៉ោង​ជាង​៨​យប់​ខ្លួន​បាន​ឌុប​នាង​ចុះ​ពី​ផ្លូវ​ជាតិ​តាម​ផ្លូវ​ក្រួស​ក្រហម​បាន​ចម្ងាយ​ជាង​២០០​ម៉ែត្រ​ពី​ផ្លូវ​ជាតិ​ខ្លួន​ក៏​បាន​ឈប់​ម៉ូតូ​នៅ​ផ្លូវ​លំ​ជា​កន្លែង​ស្ងាត់​ ពេល​នោះ​ខ្លួន​បាន​ធ្វើ​ជា​ដើរ​ទៅ​បត់​ជើង​ ដោយ​ឱ្យ​នាង​នៅ​អង្គុយ​ចាំ​លើ​ម៉ូតូ​ ពេល​ត្រឡប់​មក​វិញ​ខ្លួន​បាន​កាន់​កូន​កាំ​បិត​នៅ​នឹង​ដៃ​រួច​ជា​ស្រេច​ ហើយ​បាន​ចាក់​ចំ​បំពង់​.ក​នាង​បណ្តាល​ឱ្យ​ដួល​ប្រកាច់​លើ​ដី​រួច​​ចាក់​ទៅ​លើ​នាង​ច្រើន​កាំ​បិត​ទៀត​។

ក្រោយ​ពី​សម្លាប់​នាង​រួច​ហើយ​ជន​សង្ស័យ​បាន​ឡើង​មក​ផ្លូវ​ជាតិ ដោយ​មិន​បាន​យក​ម៉ូតូ​នាង​មក​ទេ ហើយ​ឡើង​ជិះ​រថយន្ត​ឈ្នួល​មក​ក្រុង​តា​ខ្មៅ​វិញ​ដោយ​បាន​គប់​កាំ​បិត​ទៅ​ក្នុង​ព្រៃ​ក្បែរ​សព​នាង​។ លុះ​ដល់​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២០ វិច្ឆិកា មាន​សមត្ថ​កិច្ច​ជា​ច្រើន​នាកក់​ហៅ​ជន​សង្ស័យ​ទៅ​សួរ​ តែ​ភ្លាមៗ​នោះ​គេ​មិន​បាន​សារភាព​ទេ តែ​ដោយ​នគរ​បាល​មាន​ភស្តុ​តាង​ រូប​គេ​ក៏​ឆ្លើយ​សារភាព​តែ​ម្តង​ទៅ​៕