សម្តេច​ហ៊ុនសែន​៖ ការចូលរួម​ស្មើមុខ និង​ស្មើ​សិទ្ធិ​របស់​កម្ពុជា លើ​ឆាក​អន្តរជាតិ ជា​មោទនភាព​របស់​ប្រជាជន​កម្ពុជា​ទាំងមូល​

ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន ដែល​កំពុង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នាទី​ក្រុង គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី នា​ថ្ងៃទី​២១ និង​ថ្ងៃទី​២២​វិច្ឆិកា​នេះ បាន​លើកឡើងថា ការចូលរួម​របស់​ស​ម្តេច ក្នុងនាម​តំណាង​ឲ្យ​កម្ពុជា ដោយ​ស្មើមុខ និង​ស្មើ​សិទ្ធិ​ជាមួយ​ប្រជាជាតិ​ដទៃ​លើ​ឆាក​អន្តរជាតិ នាពេលនេះ គឺជា​មោទនភាព​របស់​ប្រជាជន​កម្ពុជា​ទាំងមូល​។​

​ក្នុង​សារ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន នា​រសៀល​ថ្ងៃទី​២២​វិច្ឆិកា​នេះ សម្តេច​តេ​ជោ ហ៊ុនសែន បាន​បង្ហោះ​រូបថត Selfie ហើយ​សរសេរថា "​ពិតជា​ហត់ ម្សិល​ម៉ិ​ញ ម៉ោង ១​យប់ ទើបបាន​សំ​រ៉ា​ក​។ ថ្ងៃនេះ ប្រជុំ​តាំងពីព្រឹក​ម៉ោង​ជិត ២ រសៀល​ហើយ មិនទាន់បាន​បាយ និង​នៅសល់ ៤ អង្គប្រជុំ​ទៀត ទើប​អង្គប្រជុំ ត្រូវបាន​បញ្ចប់​"​។​

​សម្តេច​តេ​ជោ ហ៊ុនសែន បាន​បន្តថា "​ខ្ញុំ​ហត់ តែ​ខ្ញុំ​សប្បាយ​ដោយបាន​តំណាងឱយ​កម្ពុជា ចូលរួម​ជាមួយ​សមាជិក​អាស៊ាន​ផ្សេងទៀត នាំ​អាស៊ាន​ចូលមក​កាន់​ដំណាក់​ការ​ថ្មី គឺ​សហគមន៍​អាស៊ាន​"​។​

​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ហ៊ុនសែន ក៏បាន​គូសបញ្ជាក់ថា "​យើង​ក៏បាន​ចូលរួម​ជាមួយ​ដៃគូរ​ផ្សេងទៀត​នៃ​អាស៊ី​បូព៌ា ដើម្បី​ជុំរុញ​នូវ​កា​ជឿនលឿន​សំរាប់​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ផងដែរ​។ សុំ​ប្រជាជន​កម្ពុជា​ទាំងអស់ ទទួលយក​នូវ​មោទនភាព ដែល​យើង​បាន​រួមគ្នា​កសាងឡើង សំរាប់​ជាតិ​យើង​តំបន់​យើង ប្រកបដោយ​ការ​ស្មើភាព និង​ស្មើ​សិទ្ធិ​ជាមួយ​ប្រជាជាតិ​ផ្សេងទៀត​"៕​